ភ្នំពេញៈ អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក ​(WFP)​ សហការ​ជាមួយ​ក្រសួង​អប់រំ​ ផ្តល់​ស្បៀង​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ជា​ក្រុម​គ្រួសារ​ងាយ​រងគ្រោះ ​និង​មាន​អត្តសញ្ញាណ​ប័ណ្ណ​គ្រួសារ​ក្រីក្រ​ចំនួន ​៣ ម៉ឺន​គ្រួសារ​ នៅ​ខេត្ត​សៀមរាប ​ឧត្តរមានជ័យ​ កំពង់​ធំ​ កំពង់ឆ្នាំង ​និង​ខេត្ត​ពោធិ៍សាត់ ​ចាប់ពី​ថ្ងៃទី ៣០ ​សីហា ​ដល់​ថ្ងៃទី ៣ ​កញ្ញា ​ឆ្នាំ​នេះ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌​មាន។​​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ WFP​ ចេញ​ផ្សាយ​កាលពី​ថ្ងៃទី ៣១ ​សីហា ​បាន​ឱ្យដឹងថា​ កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​សហការ​ជាមួយ​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ដើម្បី​ចែក​ស្បៀង​ជូន​ដល់​ក្រុម​គ្រួសារ​ងាយ​រងគ្រោះ​ចំនួន ​៣០ ០០០ គ្រួសារ។ ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​សរុប​ដែល​ទទួល​បាន​ជំនួយ​នេះ​ប្រហែល​ ១៥០ ០០០ នាក់ ​នៅ​ខេត្ត​ចំនួន​ ៥ ​គឺ​ សៀមរាប ​ឧត្តរមានជ័យ​កំពង់ធំ​កំពង់ឆ្នាំង ​និង​ពោធិ៍សាត់។​

ការចែក​ជំនួយ​នេះ​ប្រព្រឹត្ត​ទៅ​ជារៀង​រាល់ថ្ងៃ​ចាប់ពី​ថ្ងៃទី ៣០ ​ខែសីហា ​ដល់​ថ្ងៃទី ៣ ​ខែកញ្ញា។ ជំនួយ​នេះ​ផ្តល់​ជូន​ដល់​ក្រុម​គ្រួសារ​ដែល​អាជ្ញាធរ​កំណត់ថា​ជា​គ្រួសារ​ងាយ​រងគ្រោះ ​មាន​អត្តសញ្ញាណ​ប័ណ្ណ​គ្រួសារ​ក្រីក្រ ​(ID Poor) ​និង​មាន កូន​ចុះ​ឈ្មោះ​ចូលរៀន​នៅ​តាម​សាលា ​ដែល​មានការគាំទ្រ​ពី​កម្មវិធី​ផ្ដល់​ស្បៀង​អាហារ ​តាម​សាលារៀន ​របស់​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​ និង​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន។​

លោក​ ហង់ជួន ណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​ថ្លែងថា​ អាហារ​សុខភាព​ដែល​មាន​ជីវជាតិ​នៅតាម​សាលា​អាច​ជួយ​បង្កើន​ការផ្តោត​អារម្មណ៍​របស់​សិស្ស ​និង​ធ្វើឱ្យ​លទ្ធផល​សិក្សា​របស់​សិស្ស​កាន់តែ​ល្អប្រសើរ​ឡើង។ ​រយៈ​ពេល​ ២០ ​ឆ្នាំ​មក​ហើយ ​ដែល​កម្មវិធី​ផ្ដល់​ស្បៀង​អាហារ​ នៅតាម​សាលារៀន​របស់​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​បានផ្តល់​អា​ហារ​បំប៉ន​សម្បូរ​ជីវជាតិ​ដល់​កុមារ​នៅ​សាលា​បឋមសិក្សា​ក្នុង​តំបន់​ក្រីក្រ​បំផុត​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា។

លោក​ថ្លែង​ថា​៖ «វា​ក៏ជួយ​សម្រាល​បន្ទុក​សេដ្ឋកិច្ច​របស់​ក្រុម​គ្រួសារ​សិស្ស​ផង​ដែរ។​ នេះ​ហើយ​ជា​មូលហេតុ​ដែល​យើង​ចុះ​ឈ្មោះ​ចូលរួម​ជាមួយ​សម្ព័ន្ធភាព​មួយ​នេះ ​ដើម្បី​បង្ហាញ​ពី​ការប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​យើង ​ក្នុង​ការធានា​ឱ្យបាន​ថា​គ្មាន​កុមារ​ណា​ម្នាក់​ត្រូវបាន​ទុក​ចោល​ឡើយ»។

មុន​ពេល​មាន​ជំងឺ​កូវីដ ១៩ ​កម្មវិធី​នេះ​បានផ្ដល់​នូវ​អាហារ​សុខភាព​និង​មាន​ជីវជាតិ​ដល់​កុមារ​ចំនួន​ ២២៣ ០០០ នាក់​ នៅ​តាម​សាលា​គោលដៅ​ចំនួន ​៩០៨ ​នៅ​ខេត្ត​ចំនួន​ ៥។ ប៉ុន្ដែ​ចាប់​តាំងពី​មាន​ការឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ ១៩ ​និង​ការផ្អាក​ដំណើរការ​សាលា​រៀន ​សិស្ស​មិនបាន​ទទួល​ទាន​អាហារ​ពេលព្រឹក​ដែល​មាន​ជីវជាតិ​ទៀត​ទេ។ បញ្ហា​នេះ​បានជះ​ឥទ្ធិពល​ជាពិសេស​ដល់​កុមារ​មកពី​គ្រួសារ​ក្រីក្រ​បំផុត​ដែល​ភាគច្រើន​រងការ​លំបាក​ដោយ​សារ​ការបាត់បង់​ចំណូល​និង​ការងារ។ នេះ​បើ​តាម​លោក​ហង់ ជួន​ណារ៉ុន។

លោកស្រី​ គ្លែរ កូណាន់ ​តំណាង​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជាថ្លែងថា ​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​ដឹង​ច្បាស់​ថា ​អាហារូបត្ថម្ភ​ល្អ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ការអភិវឌ្ឍ​របស់​កុមារ។ នេះ​ហើយ​ជាមូលហេតុ​ដែល​ក្រុម​ការងារ​ខិតខំ​ប្រឹងប្រែង ​ដើម្បី​ឱ្យ​ប្រាកដថា ​កញ្ចប់​អាហារ​ទាំងនេះ​ទៅដល់​ដៃ​ក្រុម​គ្រួសារ​ងាយ​រងគ្រោះ​ ដើម្បី​ធានា​ថា ​កុមារ​នឹង​មាន​អាហារ​ទទួលទាន​ក្នុង​អំឡុង​ពេល​វិបត្តិ​កូវីដ​មួយ​នេះ។

លោកស្រី​ថ្លែង​ថា​ គ្រួសារ​ជាច្រើន​បានរង​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ ​ដោយសារ​ជំងឺ​រាតត្បាត​នេះ។ ជំនួយ​ស្បៀង​នេះ​ត្រូវបាន​រៀបចំ​ឡើង ​ដើម្បី​រួមចំណែក​បំពេញ​បន្ថែម​ដល់​ជំនួយ​គាំពារ​សង្គម​ផ្សេងៗ​ទៀត ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

លោកស្រី​បន្តថា​៖«យើង​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ដៃគូ​ទាំងអស់​ដែលបាន​ផ្ដល់​ការគាំទ្រ​ ជាពិសេស ​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​និង​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម»។

បើ​តាម​ WFP ​នេះ​គឺជា​ការចែក​ស្បៀង​ជុំទី៥​ហើយ​ ដែល​កើតឡើង​ស្របពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ពី​ការប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​សម្ព័ន្ធភាព​រដ្ឋ​អនុវត្ត​កម្មវិធី​ស្បៀង​អាហារ​តាម​សាលារៀន​ដែល​បើក​ដំណើរការ​ជាផ្នែក​មួយ​នៃ​កិច្ចប្រជុំ​កំពូល​ប្រព័ន្ធ​ស្បៀង​អាហារ​សកល​នៅ​ខែកញ្ញា​ឆ្នាំ២០២១។

សម្ព័ន្ធ​នេះ​មាន​ការចូល​រួម​ពី​រដ្ឋាភិបាល ​អង្គការ​សហប្រជាជាតិ​ សង្គម​ស៊ីវិល​ គ្រឹះស្ថាន​អប់រំ​ អង្គការ​មនុស្សធម៌​និង​វិស័យ​ឯកជន​ទាំងអស់ ​ដែល​ទទួល​ស្គាល់​ថា​ អាហារ​នៅតាម​សាលា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការផ្លាស់ប្តូរ​ប្រព័ន្ធ​អាហារ​និង​អាច​ជួយ​ឱ្យ​ប្រទេស​នីមួយៗ​អាច​ងើប​ពី​វិបតិ្ត​សេដ្ឋកិច្ច​-សង្គម ​ដែល​បណ្តាល​មកពី​ជំងឺ​កូវីដ១៩​ និង​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព។

ប្រទេស​កម្ពុជា ​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ចំនួន ​៤០​ ដំបូង​គេ​បង្អស់ ​ដែលបាន​ចុះឈ្មោះ​ចូលរួម​ក្នុង​សម្ព័ន្ធភាព​ជាប្រវត្តិសាស្ត្រ​មួយ​នេះ ​ដែល​អាច​ជួយ​ការពារ​កុមារ​ដែល​ងាយ​រងគ្រោះ​បំផុត​ពី​ភាពអត់​ឃ្លាន ​និង​កង្វះ​អាហារូបត្ថម្ភ​នានា។ នេះ​បើ​តាម​ការបញ្ជាក់​របស់ ​WFP។

សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​ ការចែក​ស្បៀង​ត្រូវបាន​ធ្វើឡើង​តាមរយៈ​បណ្តាញ​សាលារៀន​ ដោយ​មាន​ការគាំទ្រ​ពី​មន្ទីរអប់រំ​ យុវជន ​និង​កីឡា ​រដ្ឋបាល​សាលារៀន ​អាជ្ញាធរ​ភូមិ​ឃុំ ​និង​ដៃគូ​អង្គការ​មិនមែន​រដ្ឋាភិបាល។ ចំណែក ​របប​ស្បៀង​រួមមាន​អង្ករ ​២៥ គីឡូក្រាម ​ត្រីខ​កំប៉ុង ​និង​ប្រេងឆា។ ក្រៅពី​នេះ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​កំពុង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​អប់រំ ​និង​ដៃគូ​ដទៃ​ទៀត ​ដើម្បី​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សាលារៀន ​និង​អគារ​សិក្សា ​ដែលជា​វិធាន​ការត្រៀម​សម្រាប់​ការចូល​រៀន​វិញ​ប្រកប​ដោយ​សុវត្ថិភាព។

WFP ​បញ្ជាក់ថា ​កម្មវិធី​ផ្តល់​ស្បៀង​អាហារ​តាម​សាលារៀន​នៅ​កម្ពុជា​និង​ជំនួយ​ស្បៀង​ពិសេសនេះ​អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយ​មាន​ជំនួយ​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ​រដ្ឋាភិបាល​ជប៉ុន ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​ (KOICA)​ និង​ក្រសួង​កសិកម្ម​នៃ​សហរដ្ឋ​អាមេរិក ​(USDA)៕