ភ្នំពេញៈ បុរស​ជា​ឪពុក​ចុង​ម្នាក់​ត្រូវបាន​តុលាការ​ខេត្ត​កណ្តាល​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត ​កាលពី​ថ្ងៃទី ៣០ ​សីហា ​ពាក់ព័ន្ធ​នឹង​ករណី​ចាប់​រំលោភ​សេពសន្ថវៈ​កូនស្រី​ចុង​អាយុ​ ១០ ឆ្នាំ ​បន្ទាប់ពី​ឃាត់ខ្លួន​បាន​ប៉ុន្មាន​ម៉ោង​នៅ​សង្កាត់​ដើមមៀន​ ក្រុង​តាខ្មៅ។

លោក ​រស់ សារិន ​ប្រធាន​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស ​នៃ​ស្នងការដ្ឋាន​នគរបាល​ ខេត្ត​កណ្តាល ​ប្រាប់​នៅ​រសៀល ​ថ្ងៃទី ៣១ ​សីហាថា ​បុរស​ឈ្មោះ​ ជឹម ឌីណា ​អាយុ​ ៣៣ ឆ្នាំ​ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​បណ្តោះ​អា​សន្ន​ក្នុង​ពន្ធនាគារ​ខេត្ត​ហើយ ​កាលពី​ថ្ងៃទី ៣០ ​សីហា។​ ប៉ុន្តែ​ក្នុង​ខ្លួន​ជនត្រូវ​ចោទ​មិនឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន​ទេ។

លោក​បញ្ជាក់ថា​៖«ជន​ម្នាក់​នេះ​ត្រូវ​តុលាការ​ចោទ​បទរំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស​ទាក់​ទង​អាយុ​ជន​រងគ្រោះ»។

លោក​ យី វណ្ណដា ​អធិការ​នគរបាល​ក្រុង​តាខ្មៅ ​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី ៣១ ​សីហា ​ថា ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ​ ណ.ដ. ​អាយុ​ ១០ ឆ្នាំ​រស់នៅ​ជាមួយ​ជន​ត្រូវ​ចោទ ​និង​ម្តាយ​ក្នុង​សង្កាត់​ដើមមៀន​ ក្រុង​តាខ្មៅ។ ជន​ជា​ឪពុក​ចុង​ត្រូវបាន​សមត្ថកិច្ច​របស់​លោក​ឃាត់ខ្លួន​នៅ​ថ្ងៃទី ៣០ ​សីហា។ ការឃាត់​ខ្លួន​នេះ​ធ្វើ​ទៅតាម​ពាក្យ​បណ្តឹង​របស់​ម្តាយ​ក្មេងស្រី​រងគ្រោះ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ដែល​ស្ថិត​នៅ​សង្កាត​ដើម​មៀន​ ក្រុង​តាខ្មៅ។

លោក​ប្រាប់ថា​៖ «យើង​ឃាត់​ខ្លួន​ជនល្មើស​ហ្នឹង​ក្នុង​រយៈពេល​តែ​២ម៉ោង​ប៉ុណ្ណោះ។ យើង​កសាង​សំណុំ​រឿង​ទៅ​តុលាការ​តែ​ម្តង»។

បើ​តាម​លោក​ វណ្ណដា ​ករណី​នេះ​បានកើត​ឡើង​តាំងពី​ថ្ងៃទី ១៦ ​សីហា ​ឆ្នាំ ២០២១។​ ប៉ុន្តែ​ទើប​បែកការណ៍​នៅ​ថ្ងៃទី ៣០​ សីហា ​បន្ទាប់ពី​ម្តាយ​ក្មេង​ស្រី​រងគ្រោះ​ឃើញ​កូនស្រី​មាន​សភាព​ស្លេកស្លាំង​ខុស​ប្រក្រតី។​ បន្ទាប់​មក​ទើប​ក្មេង​រងគ្រោះ​ប្រាប់​ម្តាយ​ថា​ឪពុក​ខ្លួន​ចាប់​រំលោភ​បាន​៣ដង​នៅ​ក្នុង​ផ្ទះ​ហើយ​ឈឺ​ចាប់​ត្រង់​ប្រដាប់​ភេទ។

លោក​ឱ្យដឹង​តាម​សម្តី​ម្តាយ​ក្មេង​រងគ្រោះ​ថា ​ស្រ្តី​រងគ្រោះ​ជាស្រ្តី​មេម៉ាយ​ និង​មាន​កូន​ស្រី​តែម្នាក់​គត់​ជាមួយ​ប្តី​មុន ​និង​យក​គ្នា​ជា​ប្តី​ប្រពន្ធ​ជាមួយ​ជនល្មើស​រយៈ​ពេល​ជាង ​៩ ឆ្នាំ ​និង​បានកូន​ចំនួន​ ៣ នាក់​បន្ថែម​ទៀត។ លោក​បន្ត​ទៀត​ថា​ ម្តាយ​ក្មេងស្រី​រងគ្រោះ​ជាកម្មករ​កាត់ដេរ​រោង​ចក្រ ​ហើយ​ក្រោយពី​កូនស្រី​របស់​គាត់​ប្រាប់​ពី​ហេតុការណ៍​ចាប់​រំលោភ​នេះ ​ហើយ​ក៏មក​ប្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​ដើម​មៀន​តែ​ម្តង៕