កណ្តាលៈ តំណាង​ពលរដ្ឋ ២៩២ គ្រួសារ រស់នៅ​ភូមិ​ទួល​ខ្មួញ ឃុំ​ព្រែ​ករាំង និងឃុំ​ទឹក​វិល ស្រុក​ស្អាង បាន​ដាក់ពាក្យ​ស្នើសុំ​ទៅ​ធនាគា​រពិភពលោក​ ប្រចាំ​នៅ​កម្ពុជា​ឱ្យ​ជួយ​​អន្តរាគមន៍​ផ្លាស់ប្តូរ​គម្រោង​ទីតាំង​ទុកដាក់​ និង​កែច្នៃ​សំរាម​ក្នុងស្រុក​នេះ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដី​អាស្រ័យ​ផល​របស់​ពួកគេ​។ ប៉ុន្តែ​មន្ត្រី​រដ្ឋបាលខេត្ត​នេះ​អះអាងថា ដីក្នុង​គម្រោង​ទីតាំង​ចាក់​សំរាម​នោះ​ជា​ដី​រដ្ឋ​មិន​ពាក់ព័ន្ធ​ពលរដ្ឋ​ឡើយ។

លោក រឿង សា​រ៉ុ​ម តំណាង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ទឹក​វិល​ ថ្លែង​នៅ​ថ្ងៃទី ៣១ ខែសីហា​ថា ប្រជាពលរដ្ឋ​បាន​យកពាក្យ​ទៅ​ដាក់ នៅ​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី ២៩ ខែសីហា ដើម្បី​ស្នើសុំ​ជួយ​ធ្វើ​អន្តរាគមន៍​ ផ្លាស់ប្តូរ​ទីតាំង​ទុកដាក់ និង​កែច្នៃ​សំរាម​ ចេញពី​ទីតាំង​តំបន់​អាងទឹក​ព្រែក​រាំង ស្ថិត​នៅក្នុង​ភូមិ​ទួល​ខ្មួញ ភូមិ​ព្រែ​ករាំង និង​ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល ព្រោះ​ការបង្កើត​ទីតាំង​ចោល​សំរាម​នៅទីនេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​​អាស្រ័យ​ផល​​របស់​ពលរដ្ឋ។

លោ​ថ្លែងថា៖ «ឥឡូវ​គេ​មិនទាន់​ធ្វើ​អី​នៅលើ​ទីតាំង​នេះ​ទេ ប៉ុន្តែ​ពួក​ខ្ញុំ​ផ្តិតមេដៃ​ ដាក់ពាក្យ​ទៅ​ហ្នឹង​ដើម្បី​ឲ្យ​មាន​ការជួយ​ពិនិត្យ​បន្ថែម ​សម្រាប់​ការដោះស្រាយ​បញ្ហា​ជាមុន ព្រោះ​បើ​យើង​អត់​បានដាក់​ពាក្យ​ទៅ តែ​កាលណា​គេ​មក​ចាក់ដី មក​ធ្វើ​អី​នៅលើ​ទីតាំង​ហ្នឹង​ យើង​មិនអាច​ធ្វើការ​ឃាត់​បានទេ» ។

អ្នកស្រី ឆុំ សុធី តំណាង​ប្រជាពលរដ្ឋ​ឃុំ​ព្រែ​ករាំង​ ថ្លែង​នៅ​ថ្ងៃទី ៣១ ខែសីហា​ថា រដ្ឋបាល​ខេត្តកណ្តាល​ បាន​ចុះ​ពិនិត្យ និង​កំណត់​យក​ទីតាំង​ក្បែរ​អាង​ស្តុក​ទឹក​ព្រែក​រាំង លើដី​ដែល​ប្រជាពលរដ្ឋ​អាស្រ័យ​ផល ​ប្រមាណ ២០ហិកតា សម្រាប់​ទុកដាក់ និង​កែច្នៃ​សំរាម។

អ្នកស្រី​បន្តថា បើ​ទីតាំង​ខាងលើ ​ដំណើរការ​ជា​ផ្លូវការ​នោះ នឹងមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាទីបំផុត​ ចំពោះ​ពលរដ្ឋ​ភូមិ​ទួល​ខ្មួញ​ និង​ភូមិ​ព្រែ​ករាំង ឃុំ​ព្រែ​ករាំង ព្រោះ​ទីតាំង​នោះ ​មាន​ចម្ងាយ​តែ​ប៉ុន្មាន​រយ​ម៉ែត្រ​ប៉ុណ្ណោះ ពី​លំនៅដ្ឋាន​របស់​ពលរដ្ឋ។

អ្នកស្រី​ថ្លែងថា ៖«ផលប៉ះពាល់​មាន​ពីរ​យ៉ាង ទី១ បាត់បង់​ដី​ដែល​ធ្លាប់​អាស្រ័យ​ផល តាំងពី​ឆ្នាំ ១៩៧៩ អាចធ្វើ​ឲ្យ​យើងខ្ញុំ​ត្រូវ​ដាច់ពោះ​ស្លាប់ និង​ទី២ ត្រូវបាន​អាជ្ញាធរ​យក​សំរាម​មកចាក់​នៅក្បែរ​ផ្ទះ ទទួលរង​នូវ​ក្លិន​មិនល្អ ប៉ះពាល់​ដល់​សុខភាព​ធ្ង​ន់​​ធ្ង​រ»។

ប៉ុន្តែលោក គ្រុយ ម៉ា​ឡែ​ន នាយក​រដ្ឋបាល​​សាលា​ខេត្តកណ្តាល​ ថ្លែង​នៅ​ថ្ងៃទី ៣១ ខែសីហាថា រដ្ឋបាល​ខេត្តកណ្តាល​បានធ្វើការ​សិក្សា​ទីតាំង​ចាក់សំរាម​ នៅ​ស្រុក​ស្អាង​នេះ ជាមួយ​មន្ត្រី​ធនាគារពិភពលោក​ ប្រចាំ​នៅ​កម្ពុជា។

​មកដល់​ថ្ងៃទី ៣១ ខែសីហា​នេះ រដ្ឋបាលខេត្ត ​កំពុង​រង់ចាំ​ការសម្រេច​ឆ្លើយតប​មកវិញ​ ពី​ខាង​ធនាគារពិភពលោក បន្ទាប់ពី​បាន​ណែនាំ​ទីតាំង​ចាក់សំរាម ដែល​ស្ថិត​ក្នុងស្រុក​ស្អាង​នេះ សម្រាប់​ការអនុវត្ត​គម្រោង​កែលម្អ​ការគ្រប់គ្រង​សំណល់​រឹង និង​សំណល់​ប្លា​ស្ទិ​ក។

លោក​ថ្លែងថា៖ «យើង​សង្ឃឹមថា ទីតាំង​នោះ​ នឹងត្រូវ​លក្ខខណ្ឌ​ដែល​ធនាគា​ពិភពលោក​តម្រូវ ហើយ​ខេត្ត​បាន​ព្យាយាម​ដោះស្រាយ​បញ្ហាផ្សេងៗ ពាក់ព័ន្ធ​ទីតាំង​ហ្នឹង ដើម្បី​សម្រួល​ធ្វើយ៉ាង​​ម៉េច​ឲ្យ​ការអនុវត្ត​គម្រោង​ហ្នឹង​អាចធ្វើ​ទៅបាន» ។

បើតាម​លោក គ្រុយ ម៉ា​ឡែ​ន ក្រោយ​ចុះទៅ​ពិនិត្យមើល​ជាក់ស្តែង​ រដ្ឋបាលខេត្ត​ សម្រេច​ថា​ នឹង​អាច​កាត់​ឆ្វៀល​ដី​​ជូន​ដល់​ធនាគារ​ពិភព​លោក​អនុវត្ត​គម្រោង ១៥ ហិកតា ឬ​លើសពីនេះ​បន្តិច​ ដើម្បី​ធានាថា​ តម្រូវការ​ជាក់ស្តែង​រដ្ឋ​បាល​ខេត្ត​មិន​ខ្វះ​ទីតាំង​ដី។

លោក​បញ្ជា​ក់ថា ដី​នៅ​ទី​នោះបាន​ចុះបញ្ជី​ជា​ដី​រដ្ឋ​រួចរាល់​ហើយ។ ចំណែក​មាន​ប្រជាពលរដ្ឋ​មួយចំនួន​តូច​ ដែលមាន​ការតវ៉ា​នោះ អាជ្ញាធរ​កំពុង​ពិនិត្យ​និង​ធ្វើ​កិច្ចការ​ទៅតាម​ច្បាប់។

លោ​ថ្លែងថា៖ «ជាក់ស្តែង​ការអនុវត្ត​នីតិវិធី​ យើង​ធ្វើ​ចប់សព្វគ្រប់​រួចរាល់​អស់ហើយ យើង​អត់​មាន​ពាក់ព័ន្ធ ប្រជាពលរដ្ឋ​ដែល​ត្រូវ​កាន់កាប់​ដី​ហ្នឹង​ទេ​ គឺ​ដី​ហ្នឹង​ជា​ដី​រដ្ឋ។ ចំណែក​ជនខិលខូច​មួយ​ចំនួន​ បំផុសបំផុល​យ៉ាងណា​លើដី​នោះ​ ជា​រឿង​ផ្សេង ដែល​ត្រូវ​ដោះស្រាយ​តាមច្បាប់» ។

លោក ប៊ូ សារឿន ​មន្ត្រី​កិច្ចការ​សាធារណៈ​នៃ​ការិយាល័យ​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា ថ្លែង​នៅ​ថ្ងៃទី ៣១ ខែសីហា​ថា ធនាគារពិភពលោក​ ទើបបាន​ទទួល​លិខិត​ស្នើសុំ​ពី​តំណាង​ប្រជាពលរដ្ឋ ទាំង ២៩២ គ្រួសារ ​មកពី​ស្រុក​ស្អាង​ខេត្តកណ្តាល និង​កំពុង​ពិនិត្យ​ពិភាក្សា​ជុំវិញ​បញ្ហា​នេះ៕

វីដេអូ៖