ភ្នំពេញៈ ឯក​អគ្គរាជ​ទូត​វិសាមញ្ញ​និង​ពេញ​សមត្ថ​ភាព​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា​លោក ម៉ាសា​ហ៊ី​រ៉ុ មី​ខា​មី បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ចំណាត់​ការ​យ៉ាង​ឆាប់​រហ័ស​ទាន់​ពេល​វេលានិង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​របស់​រាជរដ្ឋាភិ​បាល​កម្ពុជា ក្នុងការ​ទប់​ស្កាត់​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ ​១៩ ​នៅ​ក្នុង​សហ​គមន៍។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាល​ពី​ថ្ងៃទី៣០​ខែសីហា​ឱ្យដឹង​ថាការ​លើក​ឡើង​របស់​លោក​ ម៉ាសា​ហ៊ី​រ៉ុ មី​ខា​មី ​បែប​នេះធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី២២នៃ​គណៈ​កម្មាធិការ​ចម្រុះ​កម្ពុជា-ជប៉ុន​តាម​ប្រព័ន្ធ​វីដេ​អូដោ​យមាន​ការ​ចូលរួម​ពី​តំណា​ង​ក្រសួង-​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជរដ្ឋា​ភិបាល,​ទីភ្នាក់ងារ​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​នៃ​ប្រទេស​ជប៉ុន(JICA), អង្គការ​ពាណិជ្ជ​កម្ម​ក្រៅ​ប្រទេស​ជប៉ុន (JETRO), សមា​គម​ធុរកិច្ច​ជប៉ុន​នៅ​កម្ពុជា (JBAC) និង​តំណាង​ក្រុមហ៊ុន​ជប៉ុន​ដែល​មាន​ប្រតិបត្តិ​ការវិនិ​យោគ​នៅ​កម្ពុជា​ផង​ដែរ​។

សេចក្តី​ប្រកាស​ព័ត៌​មាន​បាន​ឱ្យដឹង​ថា៖ «លោក​ ម៉ាសា​ហ៊ីរ៉ុ មី​ខា​មី បាន​សាទរ​និង​វាយត​ម្លៃ​ខ្ពស់​ចំពោះ​ចំណាត់​ការ​នេះ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ក្នុងការ​ទប់​ស្កាត់​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ ​១៩ នៅ​ក្នុង​សហ​គមន៍​ដែល​កម្ពុជា​គឺជា​ប្រទេស​ទី២​ក្នុង​អា​ស៊ាន​ដែលមាន​អត្រា​ប្រជាជ​ន​បាន​ចាក់​វ៉ាក់​សាំង​ខ្ពស់​ជាងគេ និង​បាន​ធ្វើឱ្យ​សភាព​ការណ៍​នៃ​ការរីក​រាល​ដាល​ស្ថិត​ក្នុង​កម្រិត​មួយ​ដែល​អាច​គ្រប់​គ្រង​បាន»​។

ជាមួយ​គ្នា​នោះ​ដែរ​នៅ​ក្នុង​កិច្ច​ប្រជុំ លោក ​សុខ ចិន្តា​សោ​ភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី និង​ជា​អគ្គ​លេខាធិ​ការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​ន៍​កម្ពុជា​ក៏បាន​ថ្លែងអំណ​រគុណ​ដល់​រដ្ឋាភិ​បាល​និងប្រជាជន​ជប៉ុ​នដែល​បានផ្តល់​ការឧប​ត្ថម្ភ​សម្ភារ​បរិក្ខារ​វេជ្ជ​សាស្ត្រឡា​ន​សង្គ្រោះ​បន្ទាន់ព្រមទាំង​វ៉ាក់សាំង AstraZeneca ចំនួន ១ លាន​ដូ​ស​ដល់​កម្ពុជា ​ដើម្បី​ទប់​ស្កាត់​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ ​១៩​ នេះ។ ​

ទាក់ទង​នឹង​ការវិវត្ត​នៃ​ភាព​ល្អប្រសើរ​ក្នុង​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ក៏ដូចជា​ភាព​ថម​ថយ​នៃ​ការឆ្លង​រាល​ដាល​នៃ​មេរោគ​កូ​វីដ ១៩ ​នេះ​ដែរ លោក​ស្រី យក់ ស​ម្ប​តិ្ត រដ្ឋលេខាធិការក្រសួង​សុខាភិបាលនា​ព្រឹក​ថ្ងៃទី ៣១ ខែសីហា ក៏បា​ន​លើកឡើ​ង​ផង​ដែរ ដោយ​សុំ​កុំឱ្យ​ប្រជាព​លរដ្ឋ​ព្រងើយ​កន្តើយ​និង​ផ្តេក​ផ្តួល​ទៅនឹង​លទ្ធផល​ដែល​រដ្ឋាភិបា​ល​ក៏ដូច​ជា​ក្រសួង​សុខាភិ​បាល​កំពុង​តែ​គ្រប់​គ្រង​បាន​លើ​សភាព​ការណ៍​របស់​មេ​រោគ​កូ​វីដ ​១​៩ នេះ។

លោក​ស្រី​បាន​ប្រាប់​ថា៖ «សព្វថ្ងៃ​ ប្រទេសជិ​តខាង​យើង​នៅ​មិន​ទាន់មា​ន​ភាព​ធូរស្បើយ​ទេ ប្រទេ​សជិតខាង​យើ​ង​កំពុងតែ​មានការ​ផ្ទុះ​រាល​ដាល​ខ្លាំង​ណាស់ ប៉ុ​ន្តែ​ដោយសារ​តែ​ប្រទេស​កម្ពុជា​យើង​មាន​ផែន​ការគ្រប់គ្រ​ង​ច្បាស់លាស់​ មាន​គោល​នយោ​បាយ​ទប់ស្កាត់​មេរោគ​នេះ​ត្រឹម​ត្រូវ និង​មានការ​ចូលរួម​ពី​គ្រប់ផ្នែក​ទាំង​អស់ ​ទើប​ធ្វើឱ្យ​យើង​អាច​គ្រប់​គ្រង​ស្ថាន​ការណ៍​បាន ​ទោះបីជា​មិន​ទាន់​បាន​ទាំង​ស្រុង​​ក៏​ដោយ​»។

លោក​ស្រី យ​ក់ សម្បត្តិ បាន​បន្ថែមថា​ ទោះបីជា​ប្រទេស​កម្ពុជា ​មិនមាន​ការផ្ទុះ​ខ្លាំង​ក្នុង​ទ្រង់​ទ្រាយ​ធំ​ក៏ដោយ​ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​ត្រូវ​តែ​បន្ត​អនុវត្ត​នូវ​វិធាន​សុខាភិ​បាល ​៣ កុំ ​៣ ការពារ​៕