​ភ្នំពេញៈ ក្រសួងសុខាភិបាល ​ប្រកាស​ហាមឃាត់​គណនី​​ហ្វេ​ស​ប៊ុ​ក​ចំនួន ៨ ​ដែល​កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​ បំប៉ន​សុខភាព​ លក់​អាល់កុល ​និង​ផលិតផល​សម្លាប់​មេរោគ​គ្មាន​លេខ​បញ្ជិកា​ ឱ្យបញ្ឈប់​សកម្មភាព​ជាបន្ទាន់ និង​ស្នើ​ពលរដ្ឋ​មុននឹង​ទិញ​ផលិតផល ​ឬ​ឱសថ​គ្រប់​ប្រភេទ​ ត្រូវ​ពិនិត្យមើល​លេខ​បញ្ជិកា​ លើ​សម្បក​វេច​ខ្ចប់​ឱ្យបាន​ត្រឹមត្រូវ​។​

យោងតាម​សេចក្ដី​ជូន​ព័ត៌មាន ​របស់​ក្រសួងសុខាភិបាល​ចំនួន ២ ចុះ​ថ្ងៃទី​ ២៦ និង​ថ្ងៃទី​ ៣០ ខែសីហា​ ​បានហាមឃាត់​គណនី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​ឈ្មោះ​ឃ្លាំង​ហ៊ូរ​មករា​១៦៨, Home Store, BM Online shop និង​សិប្បកម្ម​វេច​ខ្ចប់​ទឹក​សម្លាប់មេ​រោគ​ លក់​អាល់កុល​ ដែល​កំពុង​ផ្សព្វផ្សាយ​គ្មាន​លេខ​ប​ញ្ជិកា​ពី​ក្រសួងសុខាភិបាល​។

ចំណែក​ហ្វេ​ស​ប៊ុ​ក​ចំនួន ​៤ ​ទៀត​គឺ Quinn Healthy Glow, High Quality Au, Beauty Bliss Store និង Glowing healthy កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​បំប៉ន​សុខភាព​ម៉ាក​ Swisse​និង​ផលិតផល​បំប៉ន​សុខភាព​មួយចំនួន​ទៀត​ គ្មាន​លេខ​បញ្ជិកា​ពី​ក្រសួងសុខាភិបាល​។​

ក្រសួងសុខាភិបាល​បានឱ្យដឹងថា អនុលោម​តាមច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​និង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​ តម្រូវឱ្យ​រាល់​ការ​ចរាចរ​ផលិតផល​ឱសថ​ឬ​ផលិតផល​ដែលមាន​គុណភាព​ក្នុងការ​បង្ការ​ ឬ​ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវមាន​លេខ​ទិដ្ឋាការ​ឬ​លេខ​បញ្ជិកា​ពី​ក្រសួងសុខាភិបាល​។​

ក្រសួង​បញ្ជាក់ថា​៖ «​សូម​ប្រជាពលរដ្ឋ​មុននឹង​ទិញ​ផលិតផល​ឱសថ ​ឬ​ផលិតផល​បំប៉ន​សុខភាព​គ្រប់​ប្រភេទ​ សូម​ពិនិត្យមើល​ល​តាប​ត្រ​បញ្ជិកា​ ដែលមាន​បិទ​លើ​សម្បក​វេច​ខ្ចប់​ ហើយ​លតា​ប​ត្រ​ដែល​ត្រឹមត្រូវ​គឺមាន​ ២ ​ផ្នែក​ទី​១​ ផ្នែក​ខាងលើ​ មានឈ្មោះ​គ្រឹះស្ថាន​អាហរ័ណ​នីហរ័ណ​ឱសថ ​និង​ទី​២​ ផ្នែក​ខាងក្រោម​មាន​លេខ​បញ្ជិកា​»​។​

ក្រសួងសុខាភិបាល​ក៏បាន​ជម្រាបជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បញ្ឈប់​ការប្រើប្រាស់​ផលិតផល​ទាំងនោះ​ជា​បន្តទៀត​ ព្រោះ​ផលិតផល​ទាំងនោះ​ពុំ​អាច​ធានាបាន​នូវ​គុណភាព​និង​សុវត្ថិភាព​ឡើយ​។​

ក្រសួង​ប្រាប់​ពលរដ្ឋ​ទាំងអស់​ត្រូវ​ឈប់​ជឿ​ការផ្សព្វផ្សាយ​ផលិតផល​បំប៉ន​សុខភាព​ម៉ាក​ Swisse ​គ្មាន​លេខ​បញ្ជិកា ​និង​ផលិតផល​គ្មាន​លេខ​បញ្ជិកា​ផ្សេងៗ​ទៀត​ ដែល​កំពុង​ផ្សព្វផ្សាយ​លក់​តាម​ហ្វេ​ស​ប៊ុ​ក​ទាំងនោះ​និង​ត្រូវ​បញ្ឈប់​ប្រើប្រាស់​ផលិតផល​ទាំងនោះ​ជា​បន្តទៀត​។​

ក្រសួងសុខាភិបាល​តម្រូវ​ឱ្យ​ម្ចាស់​គណនី​ទាំងនោះ​ និង​ជន​ពាក់ព័ន្ធ​ដទៃទៀត​ ត្រូវ​បញ្ឈប់​ការ​នាំចូល​ចែកចាយ​ឬ​ផ្សព្វផ្សាយ​លក់​ផលិតផល​ម៉ាក​ Swisse ​និង​ផលិតផល​បំប៉ន​សុខភាព​ផ្សេងៗ​ទៀត​ ដែល​គ្មាន​លេខ​បញ្ជិកា​នេះ​ជាបន្ទាន់​។​

ក្រសួងសុខាភិបាល​បានព្រមាន​ចាត់វិធានការ​តឹងរ៉ឹង​ ទៅតាម​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​គណនី​ទាំងនោះ​ និង​ជន​ពាក់ព័ន្ធ​ទាំងឡាយណា ​ដែល​នាំចូល​ចែកចាយ​ឬ​ផ្សព្វផ្សាយ​លក់​ផលិតផល​បំប៉ន​សុខភាព​ម៉ាក​ Swise​ និង​ផលិតផល​ផ្សេងៗ​ទៀត​ ដែល​គ្មាន​លេខ​បញ្ជិកា​ទៅតាម​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន​។​

ក្នុងករណី​ប្រជាពលរដ្ឋ​បាន​ជួបប្រទះ​ឃើញ​ជន​ណា​ កំពុង​ចែកចាយ​ឬ​លក់​ផលិតផល​បំប៉ន​សុខភាព​ម៉ាក​ Swise ​និង​ផលិតផល​ផ្សេងៗ​ទៀត​ ដែល​គ្មាន​លេខ​បញ្ជិកា​ ក្រសួង​ឱ្យប្រញាប់​ផ្ដល់ព័ត៌មាន ​ឬ​ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ​ចំណីអាហារ​បរិក្ខារ​ពេទ្យ​ និង​គ្រឿងសំអាង​ សូម​​ទំនាក់ទំនង​ទៅ​​ទូរស័ព្ទ​លេខ ០១២ ៣៥៥ ១៦១ ០១១ ៥៧៤ ៧៨៧ ០១២ ៩៨៣ ៣៣៤ ០១៧៦៦៧៧០ ០១២ ៥៦២ ៤៤៦ ០១៧ ៨៦៦ ៧៦០៕