The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ឈើ​ចម្រុះ​ជាង ​៣៣ ម៉ែត្រ​គុប ​និង​គោយន្ត​ ១ គ្រឿង​ ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​នៅ​ខេត្ត​ព្រះវិហារ




ឈើ​ចម្រុះ​ជាង ​៣៣ ម៉ែត្រ​គុប ​និង​គោយន្ត​ ១ គ្រឿង​ ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​នៅ​ខេត្ត​ព្រះវិហារ

Content image - Phnom Penh Post
គំនរឈើដែលសមត្ថកិច្ចបង្ក្រាប​បាន នៅទីតាំង ១ កន្លែង នៃខេត្តព្រះវិហារ កាលពីថ្ងៃទី ២៩ សីហា។ រូបថត SRPost

ឈើ​ចម្រុះ​ជាង ​៣៣ ម៉ែត្រ​គុប ​និង​គោយន្ត​ ១ គ្រឿង​ ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​នៅ​ខេត្ត​ព្រះវិហារ

ព្រះវិហារៈ ឈើ​គ្រឿង​ផ្ទះ​ចម្រុះ​ប្រភេទ​ប្រមាណ​ជាង​ ៣៣ ម៉ែត្រ​គុប​ និងគោយន្ត​កែច្នៃ ​១ គ្រឿង ​ត្រូវបាន​កម្លាំង​គណៈកម្មការ​ប្រឆាំង​បទ​ល្មើស​ធនធាន​ធម្មជាតិ​នៃ​បញ្ជាការ​ឯកភាព​ខេត្ត​ព្រះវិហារ ​បង្ក្រាប ​និង​ចាប់​រឹបអូស​ពី​ទីតាំង​ស្តុក​ឈើ​ខុសច្បាប់​មួយ​កន្លែង​ នៅ​ស្រុក​ឆែប។ ម្ចាស់​ទីតាំង ​ដែល​ត្រូវបាន​គេ​ស្គាល់​ត្រឹម​ឈ្មោះ​ហៅ​ក្រៅ​ថា ​ឡាំ ​បានរត់​គេច​ខ្លួន​ភ្លាមៗ​ ក្រោយ​ឃើញ​កម្លាំង​សមត្ថកិច្ច​ទៅ​ដល់។ ​​

លោក ​ហុង ហាំ ​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​មូលដ្ឋាន​ស្រុកឆែប ​បានប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​រសៀល​ថ្ងៃទី ៣១ ​ខែសីហាថា ​ប្រតិបត្តិការ​ចុះបង្ក្រាប​ទីតាំង​ស្តុក​ឈើ​ខាងលើ​នេះ ​បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​ ២៩​ ខែ សីហា​ ឆ្នាំ​២០២១ ​ក្រោយពី​​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ ​បានប្រទះ​ឃើញ​គោយន្ត​កែច្នៃ ​១ គ្រឿង ​ដឹកជញ្ជូន​ឈើ​ជាច្រើន​ម៉ែត្រគុប ​យកទៅ​ទម្លាក់​ទុក​ក្នុង​ទីតាំង​ដីឡូត៍​មួយ​កន្លែង ​នៅ​ភូមិ​ឆែប ២ ​ឃុំ-​ស្រុកឆែប ​ខេត្ត​ព្រះវិហារ ​សង្ស័យថា ​ជាទីតាំង​ស្តុក​ឈើ​ខុស​ច្បាប់។

ក្រោយ​ពី​ប្រទះ​ឃើញ​ទីតាំង​ស្តុកឈើ​ដ៏​គួរឱ្យ​សង្ស័យ​ ក្រុម​សមត្ថកិច្ច​ជំនាញ ​បាន​រាយការណ៍​ទៅ​គណៈកម្មការ​ខេត្ត​ប្រឆាំង​​បទល្មើស​ធនធាន​ធម្មជាតិ ​ដើម្បី​ជួយ​អន្តរាគមន៍​ចុះ​ឆែកឆេរ​ទីតាំង​ស្តុក​ឈើ​នោះ។ ពេល​នោះ​ក៏បាន​ឈាន​ដល់​ការបង្ក្រាប​​ចាប់​រឹបអូស​ទាំង​ឈើ ​និង​មធ្យោបាយ​ដឹកជញ្ជូន ​គោយន្ត​កែច្នៃ​ ១ គ្រឿង ​យកទៅ​រក្សាទុក​ជាបណ្ដោះ​អាសន្ន​ នៅទី​បញ្ជាការ​កងរាជ​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​ឆែប ​ក្រោយពី​រកឃើញ​ថា ​ជាទីតាំង​ស្តុក​ឈើ​ខុស​ច្បាប់។

លោក​ ហុង ហាំ ​បញ្ជាក់​ថា​៖«ឈើ​ខុស​ច្បាប់​ចម្រុះ​ប្រភេទ​ទាំងនោះ ​ត្រូវបាន​ដឹក​ចេញ​អស់​ពី​ទីតាំង​ស្តុក​ឈើ​ខុស​ច្បាប់​នោះ​ កាលពី​ល្ងាច​ថ្ងៃ ៣០ ​ខែសីហា ​ហើយ​នៅ​ព្រឹក​ថ្ងៃទី​ ៣១ ​ខែ សីហា ​ឆ្នាំ​២០២១ ​ក្រុម​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ​បានមក​ពិនិត្យ​វាស់​វែង ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់»។

លោក​បានបន្ថែមថា​៖ «យោង​តាម​របាយការណ៍​វាស់វែង​របស់​សមត្ថកិច្ច​ជំនាញ ​ឈើ​ទាំងនោះ​មាន​ចំនួន​ជាង ​៣៣ ម៉ែត្រ​គុប​ និង​ភាគច្រើន​ជាប្រភេទ​ឈើ​លេខ ១ ​ផ្ចឹក ​និង​សុក្រម»។

ទោះ​យ៉ាងណា ​លោក​ នួន សុខុម ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ព្រះវិហារ ​បានប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ថា​ នៅពេល​នេះ​ ក្រុម​មន្ត្រី​ជំនាញ​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ​ដើម្បី​មាន​ចំណាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ​ចំពោះ​ម្ចាស់​ទីតាំង​ស្តុក​ឈើ​ខុស​ច្បាប់ ​ដែលបាន​រត់​គេច​ខ្លួន។

លោក​ថ្លែងថា​៖ «ឈើ​ទាំង​នោះ​ភាគច្រើន​ ជាឈើ​ដែល​ទើប​កាប់​ថ្មី​ ពី​តំបន់​ព្រៃ​ការពារ ​និង​អភិរក្ស​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​យើង​នេះ​ ហើយ​ត្រូវ​បាន​គេ​យក​ទៅ​ត្រាំ​ទឹក​ភក់ ​ដើម្បី​បំភាន់​ភ្នែក​សមត្ថកិច្ច ​ឱ្យ​យល់​ច្រឡំ​ថា​ ជាឈើ​ចាស់​ តែ​ការពិត​វាជា​ឈើ​ល្មើស​ច្បាប់»៕

អត្ថបទគួរចាប់អារម្មណ៍