ភ្នំពេញៈ ក្នុងអំឡុងពេល ១ សប្ដាហ៍នេះ តំបន់មួយចំនួនដែលស្ថិតនៅតាមវាលទំនាបនៃប្រទេសកម្ពុជា អាចនឹងរងការជន់លិច ដោយជំនន់ទឹកភ្លៀង។ នេះបើយោងតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម។
ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី ៣១ សីហា បានបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុថា ក្នុងអំឡុងពេល ១ សប្ដាហ៍នេះ ប្រទេសកម្ពុជា នឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតខ្លាំងជាមួយប្រព័ន្ធសម្ពាធទាប។ ក្នុងនោះនៅថ្ងៃទី ២ ដល់ថ្ងៃទី ៧ ខែកញ្ញា នឹងមានឥទ្ធិពលបន្ថែមពីខ្យល់សមុទ្រ។
ដោយផ្អែកលើស្ថានភាពបែបនេះក្រសួងធនធានទឹកព្យាករថា៖ «បណ្តាខេត្តមួយចំនួន នៅតំបន់វាលទំនាបកណ្តាល និងខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ដោយក្នុងនោះអាចមានភូមិសាស្ត្រមួយចំនួន មានជំនន់ទឹកភ្លៀងកើតឡើង»។
ដោយឡែកសម្រាប់តំបន់មាត់សមុទ្រវិញអាចនឹងមានភ្លៀងក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ខណៈផ្ទៃសមុទ្រពិសេសក្បែរបណ្តាកោះរលកសមុទ្រនឹងអាចកើតមានឡើងក្នុងកម្រិតមធ្យម។ ក្រសួងធនធានទឹកបានអំពាវនាវឱ្យពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិដែលអាចកើតឡើងជាយថាហេតុ។
កាលពីថ្ងៃទី ២៤ សីហា នៅខេត្តព្រះសីហនុបានទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងរយៈពេលខ្លីម្ដងរួចមកហើយ ដែលយ៉ាងហោចណាស់មានបុរសជនជាតិចិនម្នាក់បានស្លាប់ នៅក្នុងហេតុការណ៍នោះ។
តាមរយៈសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹកនាពេលនេះ អាជ្ញាធរខេត្តព្រះសីហនុ និងអាជ្ញាធរនៃបណ្ដាខេត្តមួយចំនួនទៀត ដែលស្ថិតនៅក្នុងតំបន់វាលទំនាបកណ្ដាល និងតំបន់ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានបានធ្វើការផ្សព្វផ្សាយបន្តទៅដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបង្កើនការប្រុងប្រយ័ត្ន និងជំរុញដល់អាជ្ញាធរពាក់ព័ន្ធនានា ដែលស្ថិតក្រោមចំណុះរបស់រដ្ឋបាលខេត្ត ត្រៀមលក្ខណៈជាមុនដើម្បីឆ្លើយតបជាបន្ទាន់ ក្នុងករណីមានគ្រោះជំនន់ទឹកភ្លៀងកើតឡើង។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣១ សីហាថា នៅពេលនេះរដ្ឋបាលខេត្តបានធ្វើការផ្សព្វផ្សាយ និងត្រៀមរួចជាស្រេចនូវមធ្យោបាយ សម្ភារបរិក្ខារ និងកម្លាំងសម្រាប់ជួយអន្តរាគមន៍ដល់ពលរដ្ឋក្នុងករណីមានគ្រោះជំនន់ទឹកភ្លៀងកើតឡើង។
លោកបញ្ជាក់ថា៖ «នៅចំពោះមុខនេះរដ្ឋបាលខេត្តយើងកំពុងបន្តជួសជុលកែលម្អប្រព័ន្ធលូ និងស្ដារប្រឡាយសំខាន់ៗមួយចំនួនក្នុងតំបន់ដែលមានបញ្ហាប្រឈមជំនន់ទឹកភ្លៀងកន្លងមក ដើម្បីសម្រួលដល់លំហូរទឹកឱ្យកាន់តែលឿន កាត់បន្ថយនូវការជន់លិច»។
ទន្ទឹមជាមួយគ្នានេះ លោក សុង សុភ័ក្រ អភិបាលស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ប្រាប់ភ្នំពេញប៉ុស្តិ៍ថា កាលពីរសៀលថ្ងៃទី ៣០ សីហា ភ្លៀងបានធ្លាក់ ១ មេធំ ប៉ុន្តែនៅមិនទាន់បង្កជាជំនន់ទឹកភ្លៀងនៅឡើយទេ។ ទោះយ៉ាងណាលោកបានដឹកនាំក្រុមការងាររដ្ឋបាលស្រុកភ្នំព្រឹក ចុះទៅពិនិត្យស្ថានភាពនៅក្នុងភូមិសាស្ត្រឃុំបួរ ដែលជាតំបន់ងាយប្រឈមគ្រោះជំនន់ទឹកភ្លៀងជាងគេ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន។
លោក សុភ័ក្រ ថ្លែងថា៖ «ភូមិសាស្ត្រឃុំបួរ គឺជាតំបន់ផ្ទៃរងទឹកភ្លៀង ដែលងាយរងគ្រោះដោយជំនន់ទឹកភ្លៀងជាងគេ ប្រសិនបើមានភ្លៀងធ្លាក់ខ្លាំងច្រើនថ្ងៃជាប់គ្នា»។
បើតាមលោក សុភ័ក្រ បទពិសោធក្នុងឆ្នាំ ២០២០ និងកាលពីថ្ងៃទី ១៤ កក្កដា ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋក្នុងតំបន់នេះនាពេលបច្ចុប្បន្ន ចេះមានការប្រុងប្រយ័ត្នខ្ពស់ ដោយបានរៀបចំទីទួលសុវត្ថិភាពសម្រាប់សត្វពាហនៈ និងបានរៀបចំជង្រុកដាក់ស្បៀងអាហាររបស់ពួកគេបានយ៉ាងល្អ។
លោក សុភ័ក្រ បន្ថែមថា៖ «រដ្ឋបាលស្រុកភ្នំព្រឹកយើង ក៏បានត្រៀមកម្លាំងមធ្យោបាយ ឧបករណ៍ សម្ភារ និងគ្រឿងបរិក្ខារមួយចំនួនរួចជាស្រេចផងដែរ សម្រាប់អន្តរាគមន៍ដល់ពួកគាត់ ក្នុងគ្រាមានជំនន់ទឹកភ្លៀងកើតឡើង»៕