ភ្នំពេញៈ ស្ថានទូត​កម្ពុជា​នៅ​ប្រទេស​ចិន និង​សមត្ថកិច្ច​ចិន​បាន​សហការ​គ្នា​ជួយសង្គ្រោះ​ស្ត្រី​ខ្មែរ​ម្នាក់​កាលពី​ថ្ងៃទី​ ២៩ ខែសីហា ពី​តំបន់​ ១ ​កន្លែង ក្នុងស្រុក​សុងស៊ីខោន ទីក្រុង​ណាភីង ខេត្ត​ហ្វូជៀន ប្រទេស​ចិន បន្ទាប់ពី​ស្ត្រី​រូបនេះ​បាន​សុំ​អន្តរាគមន៍​ពី​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។

លោក ជីវ ផល្លី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បានឱ្យដឹង​នៅ​ថ្ងៃទី​ ៣១ ​សីហា ថា​៖ «​កាលពី​ថ្ងៃទី​ ២៥ ខែ សីហា ឆ្នាំ​ ២០២១ គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ Bros Bee បាន​សរសេរ​សារ​ផ្ញើ​ចូលក្នុង​គេហទំព័រ​ហ្វេសប៊ុក​របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដោយ​សុំឱ្យ​សម្ដេច​ជួយ​អន្តរាគមន៍​។ ​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ មន្ត្រី​ជំនាញ​នាយកដ្ឋាន​បានធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត​ដោយបាន​រកឃើញ​ទីតាំង​ដែល​ស្ត្រី​នោះ​ស្នាក់នៅ​»​។

លោក ជីវ ផល្លី ថ្លែងថា នារី​រងគ្រោះ​ឈ្មោះ អ៊ិត ឈូក អាយុ​ ៣០ ​ឆ្នាំ ​មាន​ស្រុកកំណើត​នៅ​ឃុំ​និទាន ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ពេលនេះ​នារី​រងគ្រោះ​ត្រូវបាន​ជួយសង្គ្រោះ និង​មាន​សុវត្ថិភាព ហើយ​កំពុង​ស្នាក់នៅ​ក្នុង​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន​។

លោក ឆាយ គឹមខឿន អ្នកនាំពាក្យ អគ្គស្នងការរង​នគរបាល​ជាតិ​ប្រាប់​នៅ​ថ្ងៃទី​ ៣១ ​សីហា​ថា លោក មិនទាន់​អាច​ដឹងបាន​ថា​មាន​ស្ថានភាព​ប្រែប្រួល​យ៉ាងណា​នោះទេ​នូវ​កម្រិត​ ឬក៏​ស្ថានភាព​នៃ​ការជួញដូរ​មនុស្ស​ឆ្លងដែន​។

លោក​ថ្លែងថា​៖ «​យើង​អាច​ដឹងបាន​ដោយសារ​ពេល​គេ​បោក​យកទៅ (​ប៉ុន្តែ​)​ខាង​ក្រុមគ្រួសារ​គាត់​អត់​រាយការណ៍​ឱ្យ​យើង​ដឹង​ទេ ពេល​រងគ្រោះ​ហើយ​ទើប​គាត់​ស្នើសុំ​ឱ្យ​យើង​ជួយ ពេលខ្លះ​យើង​ជួយ​ហើយ ហើយ​យើង​ចង់រក​មេខ្លោង​ក៏ត្រូវ​ដាច់​ខ្សែរយៈ​ទៀត​ ព្រោះ​ជនរងគ្រោះ​ក៏​លាក់​ដែរ ដោយ​ខ្លាច​ប៉ះពាល់​កិត្តិយស​គ្រួសារ​គាត់ ម្យ៉ាង​អ្នក​ដែល​ឱ្យគេ​បោកប្រាស់​ជួញដូរ​គឺ​ឪពុកម្តាយ​របស់គាត់​តែម្តង​»​។

លោក​ថ្លែងថា​៖ «​ការបោកប្រាស់​ពី​ការជួញដូរ​ផ្លូវភេទ​ដែល​បច្ចុប្បន្ននេះ​មាន​រហូតដល់​ការទំនាក់ទំនង​គ្នា​តាម​ផេច​ហ្វេសប៊ុក​ បន្ទាប់ពី​ចរចា​គ្នា​ត្រូវរ៉ូវ​ហើយ​ថែមទាំង​ត្រូវ​មេខ្យល់​ផ្តល់​លុយកាក់​ឱ្យ​ក៏​លួច​ចេញទៅ​បាត់ទៅ​»៕