ភ្នំពេញៈ បន្ទាប់ពី​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​នៃ​វីរុស​កូវីដ​ ១៩ ​នៅតាម​តំបន់​មួយចំនួន​នៃ​បណ្តារាជធានី-ខេត្ត មាន​ការថមថយ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា ធ្វើការ​ពិភាក្សា​ជាមួយនឹង​គ្រប់​អភិបាលខេត្ត-រាជធានី​ទាំងអស់ ដើម្បី​កំណត់​ជ្រើសរើស​សាលា​សម្រាប់​បើក​ឱ្យ​សិស្ស​រៀន​នៅតាម​ទីតាំង​មួយចំនួន​ដែល​ពុំមាន​ជំងឺឆ្លង​កើតឡើង ទាំង​ថ្នាក់បឋមសិក្សា និង​មធ្យមសិក្សា​កម្រិត​ ១ កម្រិត​ ២​។

លោក ហ៊ុន សែន បាន​ថ្លែង​តាមរយៈ​សារ​សំឡេង​នា​ព្រឹក​ថ្ងៃទី​ ៣១ ខែសីហាថា ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវធ្វើការ​ពិនិត្យ និង​ជ្រើសរើស​សាលា​ដែល​ត្រូវ​បើក​ឱ្យ​រៀន​ឡើងវិញ​នៅតាម​ទីជនបទ​ដែល​ពុំមាន​ការឆ្លង​ដោយ​អនុវត្ត​នូវ​វិធានការ​សុខាភិបាល​ត្រឹមត្រូវ​។

លោក​បាន​ថ្លែងឱ្យ​ដឹងថា​៖ «​សម្រាប់​ទីប្រជុំជន​ដែលមាន​ការឆ្លង​ ឬ​មាន​ការឆ្លង​តិច យើង​អាច​អនុញ្ញាត​ឱ្យមាន​ការរៀន​បន្ត​នៅតាម​អនឡាញ ឬ​រៀន​តាម​ស្ថានភាព​ផ្គួប​ផ្សំ ដែលមាន​រៀន​ផ្ទាល់​ដោយ​រក្សា​គម្លាត​សុវត្ថិភាព និង​ការរៀន​តាមបែប​ចម្រុះ ​ដោយសារ​នៅ​ទីក្រុង​ និង​ទីប្រជុំជន​អាចមាន​លទ្ធភាព​រៀន​អនឡាញ​បាន​ដោយសារ​មាន​ប្រព័ន្ធ​អ៊ីនធឺណិត​»​។

នៅពេលដែល​ដំណើរការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ សម្រាប់​ក្រុម​មនុស្ស​អាយុ​ពី​ ១២ ​ដល់​ក្រោម​ ១៨ ​ឆ្នាំ​បាន​គ្រប់គ្នា​ហើយ​នោះ​ការ​ឈានទៅ​បើក​សាលារៀន​ឡើងវិញ ដោយ​ការបើក​នេះ​ក៏​ត្រូវតែ​ធានា​នូវ​គម្លាត​សុវត្ថិភាព និង​វិធាន​សុខាភិបាល​ផងដែរ​។ នេះ​បើ​យោងតាម​ការបញ្ជាក់​របស់​លោក ហ៊ុន សែន​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សុំ​ស្នើឱ្យ​រក​គ្រប់​វិធានការ​ដើម្បីឱ្យ​សិស្ស​បាន​រៀន ដោយ​បើក​សាលារៀន​ដោយផ្ទាល់​ដែល​សំដៅ​ឆ្ពោះទៅរក​ទីជនបទ​ដែល​ពុំមាន​ជំងឺឆ្លង និង​ការបើក​ដោយ​រៀនមាន​លក្ខណៈ​ចម្រុះ​នៅ​តំបន់​ដែលមាន​ការឆ្លង​តិច ហើយ​មាន​ការចាក់​វ៉ាក់សាំង​គ្រប់គ្រាន់​»​។

លោក ហ៊ុន សែន បាន​បន្ថែមថា សាលារៀន​នៅតាម​ជនបទ សូម្បីតែ​ថ្នាក់​បឋមសិក្សា​ក៏​អាចឱ្យ​ក្មេង​មិនទាន់​ដល់​អាយុ​ ១២ ​ឆ្នាំ ក៏​អាច​ចូលរៀន​បានដែរ​ដោយសារ​នៅ​ទីជនបទ​មិនមាន​ការឆ្លង​ទេ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សុំឱ្យ​មាន​ការគិតគូរ​តាមរបៀប​បត់បែន ហើយ​អនុវត្តតាម​ការជាក់ស្តែង​តាម​ខេត្ត​នីមួយៗ ដែល​កន្លែង​ណា​មានលទ្ធភាព​បើក​បាន​គឺ​បើក​កន្លែង​ណា​ដែល​មិនមាន​លទ្ធភាព​បើក​គឺ​យើង​ឱ្យ​រៀន​ពី​ចម្ងាយ ហើយ​កន្លែងណា​ដែលមាន​លទ្ធភាព​រៀន​ចម្រុះ​រវាង​ការរៀន​ដោយផ្ទាល់​ និង​ពី​ចម្ងាយ​គឺ​ត្រូវតែ​ធ្វើ​។ ត្រូវធ្វើ​ការពិនិត្យ​លើ​រឿងនេះ បើ​មិន​ដូច្នោះ​ទេ យើង​នឹង​ស្ថិតនៅក្នុង​ស្ថានភាព​មួយ​បាត់បង់​ឱកាស​សម្រាប់​កុមារ យុវវ័យ និង​យុវជន​របស់​យើង ជាពិសេស​នៅតាម​ជនបទ ដើម្បី​ចៀសវាង​នូវ​កុមារ​ជនបទ​របស់​យើង ក្លាយជា​ជនរងគ្រោះ​ពី​ជំងឺ​កូវីដ ក្នុងពេល​ដែល​នៅតាម​ជនបទ​ពុំមាន​កូវីដ​ដូច​នៅ​ទីក្រុង និង​ទីប្រជុំជន​»​។

លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ត្រូវអនុវត្ត​ដោយ​ភាពឈ្លាសវៃ និង​បត់បែន ទន់ភ្លន់ និង​គ្រប់គ្រង​សភាពការណ៍​ឱ្យបាន​ដើម្បី​ពន្លឿន​នូវ​ការអភិវឌ្ឍ​ប្រទេសជាតិ ជាពិសេស​ជំរុញ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស បើ​មិន​ដូច្នោះ​ទេ កុមារ​នឹង​បោះបង់ចោល​សាលារៀន ហើយក៏​អាច​នឹង​ឈានទៅដល់​ការ​ភ្លេចអក្សរ​ផងដែរ​។

បន្ទាប់ពី​មានការ​ស្នើ​ពី​លោក​នាយករដ្ឋមន្ត្រី​មក រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ជួន ណារ៉ុន ក៏បាន​ណែនាំ​ឱ្យ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ពិនិត្យ​លទ្ធភាព​អនុវត្ត​ការបង្រៀន​ និង​រៀន​តាម​បណ្ដុំ អាស្រ័យ​លើ​ស្ថានភាព ធនធាន និង​ការច្នៃប្រឌិត​របស់​គណៈគ្រប់គ្រង​គ្រឹះស្ថានសិក្សា នៅ​ភូមិសាស្ត្រ​ដែល​ធានាថា​មិនមាន​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ដែល​យ៉ាងហោច​ណាស់​ការរៀន​ជា​បណ្ដុំ​មាន​ចំនួន​តិចជាង​ ១៥ នាក់​នៅតាម​ថ្នាក់រៀន​ក្នុង​ទីតាំង​ដែល​គ្មាន​ការឆ្លង​ជំងឺ​កូវីដ​ ១៩​។

លោក​បានឱ្យដឹងថា​៖ «​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​-​ខេត្ត ត្រូវ​ពិភាក្សា​ជាមួយ​គណៈអភិបាល​រាជធានី-ខេត្ត ដើម្បី​ជ្រើសរើស​សាលាមត្តេយ្យ​សិក្សា សាលាបឋមសិក្សា អនុវិទ្យាល័យ និង​វិទ្យាល័យ ដែលមាន​លទ្ធភាព​បើក​ដំណើរការ​ឡើង​វិញ ហើយ​ត្រូវបង្កើត​គណៈកម្មការ​គ្រប់គ្រង​សាលារៀន ដោយមាន​ការចូលរួម​ពី​មាតាបិតា បុគ្គលិក សុខាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ផ្តល់ព័ត៌មាន និង​ពិសេស​ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP)»​។

ចំពោះ​ការបន្ត​រៀន​តាម​បណ្តុំ ដែលមាន​ចំនួន​តិចជាង ១៥ នាក់ និង​ឆ្លាស់​វេន ឬ​ការរៀន​តាមបែប​ចម្រុះ ចំពោះ​តំបន់​ប្រជុំជន និង​ទីក្រុង ដែល​មាន​ការឆ្លង​តិច និង​មាន​ការចាក់​វ៉ាក់សាំង​រួចហើយ លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា ត្រូវ​ផ្តល់​អាទិភាព​ទៅលើ​សិស្ស​ថ្នាក់​ទី​ ៩ និង​ទី​ ១២ ឱ្យ​រៀន​នៅតាម​សាលារៀន ប៉ុន្តែ​ក្នុង​រូបភាព​ជា​ការរៀន​តាម​បណ្តុំ ដែលមាន​ចំនួន​តិចជាង ១៥ នាក់ និង​ឆ្លាស់​វេន ដើម្បី​ងាយស្រួល​ក្នុង​ការបង្រៀន និង​ការគ្រប់គ្រង​។

លោក ហង់ជួន ណារ៉ុន បាន​បញ្ជាក់ថា​៖ «​ចំពោះ​កម្រិត​ថ្នាក់​ផ្សេងទៀត អាច​រៀបចំ​ការរៀន​ជា​បណ្តុំ​មិនឱ្យ​លើសពី​ ១៥ ​នាក់ ទៅតាម​ស្ថានភាព​ជាក់ស្តែង ដោយ​អាច​រៀបចំ​ការរៀន​តាម​បណ្ដុំ​នៅ​សាលារៀន និង​បែង​ចែកវេន ឬ​តាម​ចម្រុះ​ថ្នាក់ ឬ​អាច​រៀបចំ​នៅតាម​ផ្ទះ វត្តអារាម ឬ​កន្លែង​សមស្រប​»​។

ជាមួយ​គ្នា​នេះដែរ ទាក់ទង​នឹង​ការពង្រឹង​វិធានការ​ការពារ​សុខភាព​បុគ្គលិក​អប់រំ គណៈគ្រប់គ្រង​គ្រឹះស្ថានសិក្សា​ត្រូវ​ពិនិត្យ​ចាត់វិធានការ​ថែទាំ​លើកកម្ពស់​អនាម័យ សណ្តាប់ធ្នាប់​នៅ​សាលារៀន ទោះបីជា​គ្រឹះស្ថានសិក្សា​មិនទាន់​បើក​ដំណើរការ​ឡើងវិញ​ក៏ដោយ​។

លោក​ថា​៖ «​មិនត្រូវ​អនុញ្ញាត​ឱ្យមាន​ការលក់​ដូរ​ចំណី ឬ​អាហារ និង​សកម្មភាព​ហាត់​កីឡា​នៅក្នុង​គ្រឹះស្ថានសិក្សា​នោះទេ ហើយ​គ្រូបង្រៀន​ដែលមាន​អាយុ​លើសពី ៥០ ​ឆ្នាំ​ឡើងទៅ​គួរតែ​បង្រៀន​តាម​អនឡាញ ឬ​ចែក​សន្លឹក​កិច្ចការ ​ដើម្បី​បង្ការ​ទប់ស្កាត់​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩»​។

ចំពោះ​ភូមិសាស្ត្រ​ដែលមាន​ហានិភ័យ​ខ្ពស់ គឺ​ត្រូវ​បន្ត​ការបង្រៀន និង​រៀន​ពី​ចម្ងាយ តាម​អនឡាញ​ដដែល​៕

វីដេអូ៖