ភ្នំពេញៈ វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចំនួន​ ២ ​លានដូស​បន្ថែមទៀត ដែលជា​ការបញ្ជា​ទិញ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវបាន​ដឹក​មកដល់​នា​ព្រឹក​ថ្ងៃទី​ ៣១ សីហា​ ខណៈ​មាន​ការបញ្ជាទិញ​បន្ថែមចំនួន​ ៥ ​លានដូស​ទៀត សម្រាប់​ធ្វើការ​ចាក់​ដូស​ទី​៣ ឬ​ដូស​ជំរុញ ទៅដល់​ប្រជាពលរដ្ឋ​ដែលជា​គោលនយោបាយ​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការចាក់ដូស​ជំរុញ​នេះ​ដែល​គ្រោង​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០២២​។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​ថ្លែង​នៅក្នុងពេល​ចុះ​ទទួល​វ៉ាក់សាំង​ស៊ីណូវ៉ាក់​នា​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា វ៉ាក់សាំង​ចំនួន​ ២ ​លានដូស ដែល​ទើប​មកដល់​នៅពេលនេះ​នឹងត្រូវ​ធ្វើការ​រៀបចំ​ចាក់​ដូស​ជំរុញ ទៅដល់​ប្រជាពលរដ្ឋ​ទូទៅ​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​។

លោកស្រី​ថ្លែងថា៖ «​ការចាក់​វ៉ាក់សាំង នៅក្នុង​ប្រទេស​កម្ពុជា​មាន​ដំណើរការ​លឿន​មែនទែន ហើយ​ដូស​ជំរុញ​នេះ​ជាដំបូង​យើង​ចាក់​ជូន​ទៅដល់​ក្រុម​ជួរមុខ និង​ប្រជាពលរដ្ឋ​ដែល​មាន​ការប្រឈម ហើយ​នៅ​បន្តទៀត​រាជរដ្ឋាភិបាល​នឹង​បន្ត​ចាក់​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ប្រជាពលរដ្ឋ​ ១០ ​លាន​នេះ និង​ជា​បន្តបន្ទាប់​អាច​នឹង​ចាក់​ដូស​ជំរុញ​នេះ​ទៅដល់​យ៉ាងហោចណាស់​ប្រជាជន​ ១២ ​លាន​នាក់​»​។

បើតាម​លោកស្រី យក់ សម្បត្តិ មកដល់​ត្រឹម​ចុងខែ​សីហា​នេះ កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​កូវីដ ១៩​ នៅក្នុង​ដៃ​សរុប​ចំនួន​ជាង​ ២៧ ​លានដូស​ហើយ ទាំង​វ៉ាក់សាំង​បាន​មកពី​ការទិញ និង​វ៉ាក់សាំង​ជំនួយ​។ ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​ធ្វើ​ការបញ្ជាទិញ​វ៉ាក់សាំង​ស៊ីណូវ៉ាក់​បន្ថែមទៀត​ចំនួន​ ៥ ​លានដូស​ដែល​នឹង​គ្រោង​ដឹក​មកដល់​កម្ពុជា​នៅក្នុង​ខែកញ្ញា​។

ទាក់ទង​នឹង​គម្រោង​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ទៅដល់​កុមារ​អាយុ​ក្រោម​ ១២ ​ឆ្នាំ លោកស្រី យក់ សម្បត្តិ បញ្ជាក់ថា ក្រុម​គណៈកម្មការ​ជំនាញ​នៃ​ក្រសួងសុខាភិបាល​កំពុង​តែ​ធ្វើការ​សិក្សា​ជា​បន្តបន្ទាប់​ ជាមួយ​នឹង​អង្គការ​ដៃគូ ក្នុងនោះ​មាន​អង្គការ​សុខភាព​ពិភពលោក​ជាពិសេស​ជាមួយនឹង​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​មួយចំនួន​។

លោកស្រី​ប្រាប់ថា៖ «​ប្រសិនបើ​មាន​តម្រូវការ​ចាំបាច់ ក្នុង​ការចាក់​វ៉ាក់សាំង​នេះ​ទៅ​ដល់​មនុស្ស​ក្រោម​អាយុ​ ១២ ​ឆ្នាំ​ទៀត ខ្ញុំ​គិតថា ប្រមុខ​រាជរដ្ឋាភិបាល​នឹង​ធ្វើការ​សម្រេច​ដ៏ខ្ពង់ខ្ពស់​ថា​នឹងត្រូវ​ចាក់​ដល់​កុមារ​កម្ពុជា​យើង​ទៀត លោក​នឹងមិន​ព្រងើយកន្តើយ​លើ​រឿងនេះ​ដើម្បី​ធ្វើឱ្យ​ភាពសុំា​កាន់តែ​មាន​ភាពទូលំទូលាយ ការពារ​ពី​ជំងឺ​នេះ​»​។

ទាក់ទង​នឹង​ការចាក់​ដូស​ទី​ ៣ លោក ហ៊ុន សែន បានបញ្ជាក់​ទៅដល់​ប្រជាពលរដ្ឋ​ទូទៅ​កុំឱ្យ​មាន​ការបារម្ភ​ពី​ការចាក់​ដូស​ទី​ ៣ ​នេះ ដោយ​រដ្ឋាភិបាល​នឹង​ផ្តល់​ការចាក់​វ៉ាក់សាំង​ដូស​ទី​ ៣ ​ទៅដល់​គ្រប់ៗ​គ្នា នៅពេល​ដែល​វ៉ាក់សាំង​ចំនួន​ ៥ ​លាន​ដូស​ដែល​នឹង​មកដល់​ក្នុង​ខែកញ្ញា​។

លោកនាយក​រដ្ឋមន្ត្រី​បានបញ្ជាក់​ដូចនេះ​កាលពី​យប់​ថ្ងៃទី​ ២៨ សីហា ក្នុង​បណ្តាញ​សង្គម​របស់លោក ដោយ​បន្ថែមថា​៖ «​សុំ​កុំ​បារម្ភ ព្រោះ​យើង​នឹង​ចាក់​ដូស​ទី​ ៣ ​ជូន​គ្រប់ៗ​គ្នា​ហើយ​វ៉ាក់សាំង​សម្រាប់​ចាក់​ដូស​ទី​ ៣ ​នឹង​មកដល់​ក្នុង​ខែកញ្ញា​នេះ​»​។

បើតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល គិត​ត្រឹម​យប់​ថ្ងៃទី​ ៣០ សីហា អ្នក​ដែល​បាន​ចាក់​ដូស​ទី​៣ មាន​ជាង​ ៦១ ​ម៉ឺន​នាក់ ខណៈ​ដែល​ចំនួន​សរុប​នៃ​អ្នក​ចាក់​វ៉ាក់សាំង​ចាប់ពី​អាយុ​ ១២ ​ឆ្នាំ​ឡើងទៅ បាន​ចំនួន​ជាង​ ១០ ​លាន​នាក់​ហើយ​នៃ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចាក់​ចំនួន​ ១២ ​លាន​នាក់ នៅ​ទូទាំងប្រទេស​។

គួររំឭក​ផងដែរ​ថា លោកនាយក​រដ្ឋមន្ត្រី​បានសម្រេច​ដាក់ចេញ​នូវ​គោលនយោបាយ​ចាក់វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ជំរុញ ដល់​ប្រជាជន​ទូទៅ​ដែលមាន​អាយុ​ពី​ ១២ ​ឆ្នាំ​ឡើងទៅ ដោយ​ចាប់ផ្តើម​ពី​ខែសីហា​ឆ្នាំ​ ២០២១ ​រហូតដល់​អំឡុង​ពាក់កណ្តាល​ឆ្នាំ​ ២០២២ ដោយ​លោក​បានសម្រេច​បន្ត​យក​មិត្ត​ចិន ធ្វើជា​បង្អែក​ផ្នែក​យុទ្ធសាស្ត្រ​ក្នុង​ការផ្គត់ផ្គង់​វ៉ាក់សាំង​ដល់​កម្ពុជា ហើយ​ប្រភព​ផ្សេងទៀត​នៅ​បន្ត​ជា​ប្រភព​គាំទ្រ​។

អ្នក​អាទិភាព​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​នេះ​ត្រូវ​ផ្តើមចេញពី​ក្រុមមន្ត្រី​សុខាភិបាល និង​មន្ត្រី​បម្រើការ​ជួរមុខ​ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ និង​ចាប់ផ្តើម​ពី​តំបន់​ដែលមាន​ហានិភ័យ​ខ្ពស់ ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើងទៅ និង​ប្រជាពលរដ្ឋ​ដែលមាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ​មុននឹង​បន្តទៅ​ចាក់​ជូន​ពលរដ្ឋ​ទូទៅ​។

ក្រសួង​សុខាភិបាល​ប្រកាស​កាលពី​សប្តាហ៍​មុន​ថា សម្រាប់​ប្រជាជន​ទូទៅ ការចាក់​វ៉ាក់សាំង​ដូស​ទី​៣ គួរ​ធ្វើឡើង​នៅ​ចន្លោះ​ខែ​ទី​ ៦ ​និង​ខែ​ទី​ ៨ បន្ទាប់ពី​ទទួល​ការចាក់​វ៉ាក់សាំង​មូលដ្ឋាន​បាន​គ្រប់​ដូស ឯ​មន្ត្រី​បម្រើការ​ជួរមុខ មនុស្ស​ចាស់​អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើង​ និង​អ្នក​ដែលមាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ អាច​ចាក់​នៅ​ចន្លោះ​ខែ​ទី​ ៤ និង​ខែ​ទី​ ៦ ​បាន​។

ជាមួយគ្នានេះ ក្រសួង​សុខាភិបាល​ប្រកាស​រកឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ​ ១៩ បំប្លែង​ថ្មី​ប្រភេទ​ដែលតា បន្ថែមទៀត​ចំនួន ១៦៤ ​ករណី​ក្នុង​រយៈពេល​ ២ ថ្ងៃ​ ពីថ្ងៃ​ទី​ ២៩-៣០ សីហា ដែល​ធ្វើឱ្យ​កម្ពុជា​មកដល់​ពេល​នេះ​មាន​អ្នក​ឆ្លង​វីរុស​ប្រភេទ​នេះ​ជិត ២ ០០០ ​នាក់​ហើយ ក្នុង​រាជធានី-ខេត្ត ចំនួន​ ២៣ ​លើកលែងតែ​ខេត្ត​ចំនួន​ ២ ប៉ុណ្ណោះ គឺ​ខេត្ត​កែប និង​ខេត្តក្រចេះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី​ ៣១ សីហា បានឱ្យដឹងថា លទ្ធផល​នៃ​ការវិភាគ​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​វិទ្យាស្ថាន​ស្រាវជ្រាវ​សុខភាព​សាធារណៈ​ចាប់តាំងពី​ចុងខែ​មីនា រហូត​ដល់​ថ្ងៃទី​ ៣០ សីហា កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​ប្រភេទ​ដែលតា​សរុប​ចំនួន ១ ៩១៦ នាក់ ក្នុងនោះ​រាជធានី​ភ្នំពេញ​មាន​អ្នក​ឆ្លង​ច្រើនជាងគេ​រហូតដល់ ៦១៨ នាក់​៕