ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​វិទ្យាស្ថាន​ជាតិ​អប់រំ បាន​ចុះ​អនុស្សរណៈ​ជាមួយ​ក្រុមហ៊ុន​ផុស្ការ​ឌីជីថល​ ឯ.ក នៅ​ថ្ងៃទី​ ៣១ ខែសីហា ហើយ​បានប្រកាស​ដាក់ឱ្យ​ប្រើ​ប្រព័ន្ធ​​សាលារៀន​ឌីជីថល វីគីស្គូល «Wiki School» ​ដើម្បី​លើកកម្ពស់​ការដឹកនាំ ការគ្រប់គ្រង និង​អភិបាលកិច្ច​ល្អ និង​ជួយ​ដល់​ការរៀន និង​ការបង្រៀន​តាមបែប​ឌីជីថល​។

ការប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​សាលារៀន​ឌីជីថល​ «Wiki School» ដែលមាន​កម្មវិធី​គ្រប់គ្រង​សាលា​ជាច្រើន​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​​លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ផុស្ការ​ឌីជីថល​ ឯ.ក (Poscar Digital) រួម​នឹង​មន្ដ្រី​មកពី​ក្រសួង​អប់រំ និង​ក្រុមការងារ​ក្រុមហ៊ុន​សរុប​ប្រមាណ​ ១៤១ ​នាក់​ទៀត​តាម​ប្រព័ន្ធ​វីដេអូ​អនឡាញ​។

លោក ហង់ជួន ណារ៉ុន បាន​​ថ្លែងថា កិច្ចសហការ​រវាង​ក្រុមហ៊ុន​ផុស្ការ​ឌីជីថល ជាមួយ​នឹង​ក្រសួង​អប់រំ​នេះ គឺ​មិនមែន​ជា​​លើក​ទី​ ១ ​ទេ គឺ​បាន​សហការ​គ្នា​តាំងពី​ឆ្នាំ​ ២០១៨ ​មក ហើយក៏​កំពុង​បន្ត​កិច្ចសហការ​គ្នា​ក្នុង​​ពេល​មាន​ការរីករាលដាល​ជំងឺ​​កូវីដ​ ១៩ នេះ​ផងដែរ ក្នុង​ការដាក់​ឱ្យ​ប្រើ​នូវ​ឯកសារ​ឌីជីថល​ជាច្រើន​ដើម្បី​អាចឱ្យ​សិស្ស​រៀន​តាម​អនឡាញ​។

លោក​រដ្ឋមន្ដ្រី​ថ្លែងថា​៖ «​ការដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​សាលា​ឌីជីថល​នេះ​គឺ​ជួយ​ពង្រឹង​មិន​ត្រឹមតែ​ការសិក្សា​របស់​សិស្ស​ទេ ប៉ុន្ដែ​ក៏​ជួយ​ពង្រឹង​នូវ​ការគ្រប់គ្រង​សាលារៀន​ធ្វើឱ្យ​គ្រឹះស្ថានសិក្សា​មាន​គណនេយ្យភាព​ចំពោះ​សិស្ស និង​មាតាបិតា​​សិស្ស​ធ្វើឱ្យ​គ្រូ​មាន​គណនេយ្យភាព​ចំពោះ​គណៈ​គ្រប់គ្រង​ផងដែរ​»​។

លោក​ថា​៖ «​ប្រព័ន្ធ​គ្រប់គ្រង​​សាលារៀន​តាមបែប​ឌីជីថល​​នេះ​មាន​សារៈសំខាន់​ណាស់​​ក្នុង​ការផ្លាស់ប្ដូរ​ប្រព័ន្ធ​អប់រំ​តាមបែប​ឌីជីថល​។ ​គ្រូ​អាច​ប្រើ​ប្រព័ន្ធ​នេះ​ដើម្បី​បង្រៀន​ពី​ចម្ងាយ​​ក្នុងពេល​បិទ​សាលា ដោយ​ប្រើ​​នូវ​កម្មវិធី Zoom ឬ Google Switch ហើយ​គណៈ​គ្រប់គ្រង​មាន​លទ្ធភាព​ត្រួតពិនិត្យ​ការបង្រៀន​របស់​គ្រូ​»​។

លោក​រដ្ឋមន្ដ្រី​បានឱ្យ​ដឹងថា​កន្លងទៅ​ក៏មាន​ក្រុមហ៊ុន​ឯកជន​មួយចំនួន​ទៀត​បានដាក់​អនុវត្ដ​ប្រព័ន្ធគ្រប់គ្រង​សាលារៀន​តាមបែប​ឌីជីថល​ និង​អេហ្វ​ (Apps) សម្រាប់​ជួយ​ដល់​ការគ្រប់គ្រង​សាលារៀន ការរៀន​​ និង​ការបង្រៀន​របស់​ក្រសួង​អប់រំ​ផងដែរ​។ ក្នុងនោះ​មាន​គ្រឹះស្ថាន​សិក្សា​សាលា​ជំនាន់​ថ្មី ដូចជា វិទ្យាល័យ​ព្រះស៊ីសុវត្ថិ វិទ្យាល័យ​ទួលទំពូង និង​គ្រឹះស្ថាន​សិក្សា​ឯកជន​មួយចំនួន​​ទៀត​ក៏បាន​ចាប់ផ្ដើម​ប្រើប្រាស់​​ប្រព័ន្ធ​នេះដែរ​។

លោក ងន់ ម័រ សហស្ថាបនិក​ក្រុមហ៊ុន​ផុស្ការ​បានឱ្យដឹង​​ថា វីគីស្គូល ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមបច្ចេកទេស សុទ្ធតែ​​ជា​បញ្ញវន្ត​ខ្មែរ ដែលមាន​បទពិសោធ​ជិត​ ២០ ​ឆ្នាំ ក្នុង​វិស័យ​​អប់រំ និង​ផ្នែក​បច្ចេកវិទ្យា​ទំនើប​។

ការបង្កើត​ប្រព័ន្ធ​នេះ​ ដើម្បី​ជួយ​ដល់​សាលារៀន​ឱ្យ​គ្រប់គ្រង​របាយការណ៍​ផ្សេងៗ​បាន​ឆាប់រហ័ស​​កាត់បន្ថយ​ការបោះពុម្ព​របាយការណ៍ សេចក្តីជូនដំណឹង​ដោយ​​មាន​ជំនួយ​ពី Mobile App Wiki School​។

លោក​បាន​ថ្លែងថា​៖ «​វីគីស្គូល មាន​ទស្សនវិស័យ​បង្កើត​ប្រព័ន្ធ​សាលារៀន​ឌីជីថល​នៅ​កម្ពុជា​។

បេសកកម្ម​របស់​យើង គឺ​ភ្ជាប់​បណ្ដាញ​សាលារៀន​ទាំងអស់​នៅ​កម្ពុជា តាមរយៈ​គុណ​តម្លៃ​របស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ដែល​​មាន​ជំនាញ និង​បទពិសោធ​ជិត ២០ ​ឆ្នាំ លើ​វិស័យ​អប់រំ និង​បច្ចេកវិទ្យា​ព័ត៌មាន​»​។

លោក​បានឱ្យដឹងថា កន្លងមក​នេះ​ក្រុមហ៊ុន​បាន​សហការ​រៀបចំ​ប្រព័ន្ធ​វីគីស្គូល និង​ឧបករណ៍​វត្តមាន​ឌីជីថល​នៅ​ទីស្តីការ​ក្រសួង អប់រំ សាលា​ភូមិន្ទរដ្ឋបាល សាលា​ជំនាន់​ថ្មី​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​សាលា​រាជធានី​ភ្នំពេញ ក្រសួង​ព័ត៌មាន និង​សាលា​ឯកជន​ជាច្រើន​ទៀត​​នៅ​រាជធានី​ភ្នំពេញ​។

លោក​បាន​បន្តថា សព្វថ្ងៃ​ក្រុមហ៊ុន​កំពុង​សហការ​ជាមួយ​ក្រសួង​អប់រំ​ក្នុង​ការផ្តល់​មធ្យោបាយ​សិក្សា​ពី​ចម្ងាយ​សម្រាប់​ថ្នាក់បឋមសិក្សា ដល់​ថ្នាក់​វិទ្យាល័យ ហើយ​ក្រុមហ៊ុន​ក៏​កំពុងតែ​ជួយ​ដល់​ថ្នាក់​ឧត្តមសិក្សា​បន្ថែម​ផងដែរ​។

លោក សៀវ សុវណ្ណា នាយកវិទ្យាស្ថាន​ជាតិ​អប់រំ​បាន​ថ្លែងថា កន្លងមក វិទ្យាស្ថាន​ជាតិ​អប់រំ​បាន​​ស្នើសុំ​ក្រុមហ៊ុន​ផុស្ការ ជួយ​ផ្គត់ផ្គង់ និង​បំពាក់​ប្រព័ន្ធគ្រប់គ្រង​សាលារៀន​ឌីជីថល​វីគីស្គូល និង​វិទ្យាស្ថាន​ជាតិ​អប់រំ​ ដើម្បី​លើកកម្ពស់​ការដឹកនាំ ការគ្រប់គ្រង និង​អភិបាលកិច្ច​ល្អ​។

លោក​បាន​បន្តថា ជា​ការឆ្លើយតប​ក្រុមហ៊ុន​ផុស្ការ​បាន​​សម្រេច​ឧបត្ថម្ភ​ដល់​វិទ្យាស្ថាន​ជាតិ​អប់រំ​នូវ​ប្រព័ន្ធគ្រប់គ្រង​សាលារៀន​ឌីជីថល​ខ្នាត​ធំ​មួយ​​ដែល​អាច​រក្សាទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​ផ្ទុក​ទិន្នន័យ​ (SeverMachine) ​ក្នុង​រយៈពេល​ ៧ ​ឆ្នាំ និង​ម៉ាស៊ីន​វត្ដ​មាន​ឌីជីថល​ចំនួន ៤ ​គ្រឿង​ដោយ​ឥតគិតថ្លៃ ចាប់ពី​ខែសីហា ឆ្នាំ​ ២០២១ ដល់​ខែសីហា ឆ្នាំ​ ២០២៨​។

លោក​ថា​៖ «​ក្រុមហ៊ុន​គ្រោង​ចំណាយ​ថវិកា​ ១២ ​ម៉ឺន​ដុល្លារ​អាមេរិក​លើ​ការបំពាក់​ប្រព័ន្ធគ្រប់គ្រង​សាលារៀន វីគីស្គូល រួមទាំង​ឧបករណ៍​វត្ដមាន​ឌីជីថល​ចំនួន​ ៤ ​គ្រឿង លើ​ការបណ្ដុះបណ្ដាល​ដល់​មន្ដ្រី​គ្រប់គ្រង​តាម​ជំនាញ​ឱ្យ​ចេះ​ប្រើប្រាស់​​ប្រព័ន្ធ​អប់រំ​បែប​ឌីជីថល និង​​គាំទ្រ​ថែទាំ​បច្ចេកទេស​»៕

វីដេអូ៖