ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​អង្គការ APHEDA និង​អង្គការ ILO បាន​បង្កើត​ក្រុម​ការងារ​កសាង​កម្រង​ព័ត៌មាន​ជាតិ ស្តីពី​សារធាតុ​អាសបេស្តុស ដើម្បី​ការពារ​សុខភាព​សាធារណៈ ដោយសារ​តែ​សារធាតុ​នេះ​ជា​ឃាតករ​លាក់​មុខ​ដែល​អាចធ្វើឱ្យ​គ្រោះថ្នាក់​ដល់​កម្មករនិយោជិត និង​អ្នកប្រើប្រាស់​។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​ជា​ប្រធាន​ក្រុមការងារ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ប្រកាស​សមាសភាព​នៃ​ក្រុមការងារ​កសាង​កម្រង​ព័ត៌មាន​ជាតិ​នៅ​ថ្ងៃទី​ ៣១ ​សីហា ថា ក្រសួង​ការងារ អង្គការ APHEDA និង​អង្គការ ILO ចាប់ផ្តើម​នៅ​ថ្ងៃ​ ៣១ ​សីហា​ក្នុង​កម្រិត​ជា​ក្រុមការងារ​ចងក្រង និង​ប្រមូល​ព័ត៌មាន​។

ការ​ចងក្រង​ប្រមូល​ព័ត៌មាន​របស់​ការងារ សម្រាប់​ទៅ​អនាគត​ដោយសារ​តែ​កិច្ចការ​នេះ មិនមែន​តែ​ស្ថាប័ន​មួយ​ទេ​ដែល​ត្រូវ​ដោះស្រាយបាន មិនមែន​ក្រសួង​ការងារ​តែមួយ ឬ​ស្ថាប័ន​ណាមួយ ជា​អ្នកធ្វើ​ដាច់​តែឯង​បានទេ គឺ​ត្រូវ​រៀបចំ​ជា​លិខិតបទដ្ឋាន​គតិយុត្ត​របស់​រាជរដ្ឋាភិបាល សម្រាប់​គ្រប់គ្រង​ការប្រើប្រាស់​ដោយ​ប្រុងប្រយ័ត្ន​។

ក្រសួង​ការងារ​ធ្វើ​រឿងនេះ គឺ​ដើម្បី​គិតពី​សុវត្ថិភាព​សម្រាប់​រយៈពេល​វែង សម្រាប់​ដំណើរការ​អភិវឌ្ឍន៍​ប្រទេសជាតិ​ទៅមុខ ហើយ​រាជរដ្ឋាភិបាល​កំពុង​គិតគូរ​ពី​បញ្ហា​សុខភាព បញ្ហា​ការបង្ការ​គ្រោះថ្នាក់​ការងារ​សព្វបែបយ៉ាង ដើម្បី​ធ្វើយ៉ាងណា​ឱ្យកម្លាំង​ពលកម្ម​របស់​ប្រទេស​ក្លាយជា​សក្តានុពល​ជាតិ​សម្រាប់​អនាគត ហើយ​បញ្ហា​ធនធាន​មនុស្ស​ជា​អាទិភាព​ទី​១​។

លោក​ថ្លែង​ថា​៖ «​យើងទាំងអស់​គ្នា​ប្រហែល​ជា​ដឹងថា ក្នុង​ពិភពលោក​យើង​នេះ​ទស្សនៈ​រួម មិនទាន់មាន​ការឯកភាព​គ្នា​ទាំងស្រុង​ចំពោះ​បញ្ហា​នេះ នៅមាន​ ១ ​ផ្នែក ជា​អ្នក​ផលិត និង​ប្រើប្រាស់ និង​ ១ ​ផ្នែក​ទៀត ជា​អ្នក​ឈប់​ផលិត និង​ទប់ស្កាត់ ហើយ​ទស្សនទាន​នោះ វា​មាន​ឥទ្ធិពល​ទៅគ្រប់​ទីកន្លែង ហើយ​នៅ​កម្ពុជា​អ្នកដឹង​បញ្ហា​នេះ មាន​តិច​គ្នា​នៅឡើយ​។ ដូច្នេះ ក្រុមការងារ​យើង​មាន​តួនាទី​សំខាន់​ណាស់​ដើម្បី​ចងក្រង​ប្រមូល​ព័ត៌មាន​ទាំងអស់ ថា​តើ​មាន​ផលប្រយោជន៍​យ៉ាងម៉េច​? ផលប៉ះពាល់​យ៉ាងម៉េច​? ​គ្រោះថ្នាក់​យ៉ាងម៉េច​ក្នុង​ការប្រើប្រាស់​?»​។

លោក​លើកឡើង​ទៀតថា​៖ «​នៅ​ប្រទេស​មួយចំនួន ខ្ញុំ​បាន​ទៅ​មើលឃើញ​មានប្រើ តែ​គេ​ប្រើ​យ៉ាង​ប្រុងប្រយ័ត្ន​មែនទែន សូម្បី​កន្លែង​ទុកដាក់​ក៏​ជា​កន្លែង​ទុកដាក់​ដែល​ពិសេស គេ​ដាក់​ក្នុង​បាវ​ជិត ហើយ​មាន​ហ៊ុម​បាំង​ដោយ​វាំងនន ហើយ​មិន​យក​មនុស្ស​ទៅ​ប៉ះពាល់​វា​បានទេ​ប្រើ​សុទ្ធតែ​គ្រឿងយន្ត​»​។

បើតាម លោក អ៊ិត សំហេង កន្លងមក​សារធាតុ​អាសបេស្តុស ត្រូវបាន​ប្រើ​ទៅលើ​ក្បឿង ហ្វ៊ីប្រូ បើ​ធ្វើ​ក្បឿង​ធម្មតា​មិន​ប្រើ​សារធាតុ​អាសបេស្តុស​វា​ក្រាស់ ហើយ​កម្លាំង​សង្កត់​ឆាប់​បាក់​ផុយ​។ ដូច្នេះ​អ្នក​ផលិត​ចូលចិត្ត​ប្រើ​វា​ជាង ដើម្បី​ធ្វើយ៉ាងណា​ធានាបាន​នូវ​គុណភាព និង​ការប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​។ កន្លងមក​កម្ពុជា​មាន​កន្លែង​ធ្វើ ហ្វ៊ីប្រូ​ដែរ​។ ប៉ុន្តែ បើតាម​របាយការណ៍ ការផលិត​នេះ​មិនមាន​ប្រើ​អាសបេស្តុស​ទេ តែមាន​ការនាំ​ចូលមក ហេតុនេះ​ត្រូវតែ​ប្រមូល​ព័ត៌មាន​បន្ថែម​។

តាម​របាយការណ៍​ក្នុង​កម្រង​ព័ត៌មាន​ជាតិ​លើក​ទី​ ១ បង្ហាញថា ក្នុង​វិស័យ​ឧស្សាហកម្ម ការប្រើប្រាស់​ធនធាន​វត្ថុធាតុដើម គឺ​វា​តែងតែ មានមុខ​ ២ ទី​ ១ វា​អាចបង្កើត​នូវ​ផលិតផល ឬក៏​ធ្វើឱ្យ​ផលិតផល កាន់តែ​មាន​គុណភាព​សម្រាប់​ការប្រើប្រាស់ ឬ​កាន់តែ​មាន​ប្រសិទ្ធភាព​។ ប៉ុន្តែ​ ១ ​មុខ​ទៀត បើ​ប្រើប្រាស់​វា មិនបាន​ប្រុងប្រយ័ត្ន​ទេ វា​នឹង​បង្កើត​ហានិភ័យ​សម្រាប់​មនុស្ស មិន​ត្រឹមតែ​កម្មករនិយោជិត​អ្នកផលិត​ទេ អ្នកប្រើប្រាស់ និង​អ្នក​ជុំវិញ​ក៏​អាចជា​អ្នកមាន​គ្រោះថ្នាក់​ដែរ​។

សារធាតុ​អាសបេស្តុស ជា​សារធាតុ​រ៉ែ​មួយ​ប្រភេទ ធ្វើឱ្យ​ផលិតផល​មាន​គុណភាព ជាពិសេស​គឺ​ស្វិត រឹង ហើយ​មាន​តម្លៃថោក អាច​ទទួល​យកបាន ក៏ប៉ុន្តែ​ការប្រឈម​នឹង​សារធាតុ​អាសបេស្តុស​អាច​ធ្វើឱ្យ​មាន​ជំងឺ ដូចជា មហារីក​សួត ហើយ​ជា​ញឹកញាប់ សារធាតុ​នេះ ត្រូវបាន​គេ​ហៅថា ជា​ឃាតករ​លាក់​មុខ ព្រោះ​វា​ត្រូវការ​ពេលវេលា​ច្រើន​ឆ្នាំ ដើម្បី​ចូលមក​បំផ្លាញ​សុខភាព​របស់​អ្នក​ដែល​បាន​ប៉ះពាល់ ឬក៏​ទទួលរង​ឥទ្ធិពល​ពីសារធាតុ​អាសបេស្តុស​នេះ ដែល​ភាគច្រើន​វា​វាយលុក​ចូលទៅក្នុង​សួត និង​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ​មនុស្ស​។

សារធាតុ​អាសបេស្តុស ឃើញ​មាន​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ខុសៗ​គ្នា​។ ជា​ឧទាហរណ៍​នៃ​ប្រភេទ​ផលិតផល​មួយចំនួន ដែល​ផ្ទុក​អាសបេស្ដុស រួមមាន សន្លឹក​សម្ភារ​ហ្វ៊ីប្រូស៊ីម៉ងត៍ និង​សម្ភារ​សំណង់​ផ្សេងទៀត ប្រព័ន្ធ​ការពារ​កម្ដៅ និង​ប្រព័ន្ធ​ការពារ​ការ​ស្រូប​សំឡេង ឧបករណ៍​ពន្លត់​អគិ្គភ័យ អ៊ីសូឡង់ កម្រាល​ឥដ្ឋ​ជាតិ​ប្លាស្ទិក វិស័យ​វាយនភណ្ឌ សម្ភារ​ដែល​ងាយ​រង​ការកកិត (​ហ្វ្រាំង​រថយន្ត​) ជាដើម​៕