កុមារ​តូច​ដែល​ចាប់ពី​កំណើត​រហូតដល់​អាយុ​ក្រោម​ ៦ ​ឆ្នាំ តែងមាន​ការអភិវឌ្ឍ​លើ​ផ្នែក​រាងកាយ និង​ស្មារតី ដែលជា​តម្រូវ​ការចាំបាច់​សម្រាប់​កុមារ​។ ផ្នែក​ទាំងនេះ​តែង​លូតលាស់​ទន្ទឹមគ្នា ហើយ​ជះឥទ្ធិពល​ឱ្យ​គ្នា​ទៅវិញទៅមក​។ អត្ថបទ​ប្រចាំ​ខែកញ្ញា ឆ្នាំ​​ ២០២១ នេះ​ផ្ដោតលើ​ការអប់រំ​កុមារ​តូច ដោយយោង​លើ «​គោលនយោបាយ​ជាតិ​ស្ដីពី​ការគាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច​» និង «​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​វិស័យ​អប់រំ ឆ្នាំ​ ២០១៩-២០២៣» សម្រាប់​អនុវិស័យ​ការអប់រំ​កុមារ​តូច​។ បន្ទាប់មក​នឹងមាន​ខ្លឹមសារ​ទាក់ទង​នឹង​ការបង្កើត​វីដេអូ​ឃ្លីប​ស្ដីពី «​លំនាំ​សកម្មភាព​ងាយៗ​សម្រាប់​មាតាបិតា និង​អ្នកអាណាព្យាបាល​អនុវត្ត​ជាមួយ​កូន​នៅតាម​ផ្ទះ​» រួមជាមួយ​ចំណុច​ណែនាំ​ល្អៗ​ក្នុង​ការបំបៅ​ដោះ​កូន ដែល​ជា​ចំណែក​សំខាន់​ក្នុងការ​ចូលរួម​ដល់​ការអភិវឌ្ឍ​ការអប់រំ​កុមារ​តូច​ផងដែរ​។

ការវិនិយោគ​លើ​កុមារ​តូច​តែងតែ​ទទួលបាន​ផល​ជា​វិជ្ជមាន​ ឬ​អវិជ្ជមាន​ក្នុង​រយៈពេល​វែង​លើ​លទ្ធផល​នៃ​ការអភិវឌ្ឍ​ និង​ការអប់រំ​របស់​ពួកគេ​នាពេល​អនាគត​។ ជាក់ស្តែង​ការស្រាវជ្រាវ​ជាច្រើន​បានឱ្យដឹងថា កុមារ​ដែល​បាន​ឆ្លងកាត់​សេវា​អប់រំ​កុមារ​តូច ឬ​ការអប់រំ​នៅ​កម្រិត​មត្តេយ្យ​សិក្សា​គ្រប់​រូបភាព តែងតែ​បាន​ចូលរៀន​នៅ​សាលាបឋមសិក្សា​នៅ​អាយុ​ ៦ ​ឆ្នាំ​ប្រកប​ដោយ​គុណភាព ហើយ​រៀន​ចប់​បឋមសិក្សា​ដោយ​ពុំមាន​ការត្រួត​ថ្នាក់ និង​បោះបង់​ការសិក្សា​ឡើយ​។

ក្នុង​បរិបទ​នៃ​ការធ្វើ​សមាហរណកម្ម​ក្នុង​តំបន់​ និង​ពិភពលោក សេវា​អប់រំ​កុមារ​តូច​បាន​ដើ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការធ្វើឱ្យ​សម្រេច​គោលដៅ​នៃ​ការអប់រំ​។ ទោះជា​មាន​ការខិតខំ​ប្រឹង​យ៉ាងណា​ក៏ដោយ ក៏​នៅមាន​ចំណុច​សេសសល់​មួយចំនួនទៀត ដែល​ត្រូវ​ចាត់ជា​របៀបវារៈ​អាទិភាព និង​ប្រែក្លាយ​ជា​សកម្មភាព​ចាំបាច់ ឆ្លើយតប​តម្រូវការ​អភិវឌ្ឍន៍​របស់​កុមារ​តូច​។

ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​ដែល​នៅ​សេសសល់​កន្លងមក និង​សម្រេច​គោលដៅ ៤.២ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ (SDGs 4.2) ដែល​បាន​កំណត់ថា​ «​នៅ​ឆ្នាំ​ ២០៣០ ធានា​ថា កុមារ​តូច​គ្រប់រូប​នឹង​ទទួលបាន​នូវ​ការអភិវឌ្ឍន៏​ទាំង​ការថែរក្សា និង​ការអប់រំ​នៅ​កម្រិត​មត្តេយ្យ​សិក្សា​ប្រកប​ដោយ​គុណភាព សម្រាប់​ត្រៀមខ្លួន​គ្រប់គ្រាន់​សិក្សា​នៅ​កម្រិត​បឋមសិក្សា​»​។

សាលា/ថ្នាក់​មត្តេយ្យ​សិក្សា ជា​មជ្ឈមណ្ឌល​ដ៏ពិសិដ្ឋ​សម្រាប់​រៀបចំ​កុមារ​ឱ្យបាន​ត្រៀមខ្លួន​រួចជាស្រេច​មុននឹង​ពួកគេ​ចូលរៀន​នៅ​កម្រិត​បឋមសិក្សា និង​បាន​ត្រៀមខ្លួន​គ្រប់​ជ្រុងជ្រោយ​សម្រាប់​ការសិក្សា​ពេញ ១ ​ជីវិត ព្រោះថា ប្រសិទ្ធភាព​នៃ​សកម្មភាព​រៀន​ និង​បង្រៀន​នៅ​កម្រិត​មត្តេយ្យ​សិក្សា បានបង្ហាញ​ពី​ភាពផ្សារភ្ជាប់​គ្នា​រវាង​ការសិក្សា​នៅ​មត្តេយ្យ​សិក្សា និង​គុណភាព​សិក្សា​របស់​កុមារ​នៅ​កម្រិត​បឋមសិក្សា​។

ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ដឹកនាំ​ និង​សម្របសម្រួល​ក្នុង​ការរៀបចំ​គោលនយោបាយ​ជាតិ​ស្ដីពី «​ការគាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច​» និង​បានទទួល​ការឯកភាព​ពី​គណៈរដ្ឋមន្ត្រី​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​នា​ថ្ងៃទី​ ១៩ ខែកុម្ភៈ ឆ្នាំ​ ២០១០​។ គោលនយោបាយ​ជាតិ​ស្ដីពី​ការគាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច មាន​ចក្ខុវិស័យ​ក្នុង​ការធ្វើឱ្យ​កុមារ​តូច​ទាំងអស់​ចាប់ពី​កំណើត​រហូតដល់​អាយុ​ក្រោម​ ៦ ​ឆ្នាំ ត្រូវ​ទទួលបាន​សេវា​គាំពារ​ និង​អភិវឌ្ឍន៍​ជាពិសេស​កុមារ​តូច​រងគ្រោះ កុមារ​តូច​ងាយ​រងគ្រោះ និង​ក្រខ្សត់ ដែល​ស្របតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

គោលនយោបាយ​នេះ​បានកំណត់​គោលដៅ និង​គោលបំណង​ចម្បង​ចំនួន ៦ គឺ (១) ស្ត្រី​ទាំងអស់​ទទួល​បាន​នូវ​សេវា​ថែទាំ និង​សេវា​អប់រំ​សុខភាព ព្រមទាំង​អាហារូបត្ថម្ភ​នៅពេល​មាន​ផ្ទៃពោះ (២) កុមារ​តូច​ទាំងអស់​ទទួលបាន​ការចុះបញ្ជី​កំណើត ការថែទាំ ពិនិត្យ​សុខភាព​ជាប្រចាំ ថ្នាំ​បង្ការ​គ្រប់គ្រាន់ អាហារូបត្ថម្ភ​គ្រប់គ្រាន់ និង​ទទួល​បាន​ការហាត់រៀន​ពីដំបូង (៣) កុមារ​តូច​ទាំងអស់​មាន​លក្ខណៈ​ត្រៀម​ជាស្រេច ដើម្បី​ចូលរៀន​ថ្នាក់​ទី​ ១ នៅ​អាយុ​ ៦ ​ឆ្នាំ (៤) បុគ្គលិក​បច្ចេកទេស អ្នក​ថែទាំ​កុមារ​តូច មាតាបិតា និង​អ្នកអាណាព្យាបាល​មានចំណេះដឹង​គ្រប់គ្រាន់​លើ​ការគាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច (៥) គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​សហការគ្នា​យ៉ាង​ជិតស្និទ្ធ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ទាក់ទង​នឹង​ការ​គាំពារ និង​អភិវឌ្ឍន៍​កុមារតូច (៦) កុមារ​តូច​ចាប់ពី​ប្រសូត រហូត​ដល់​ពេល​ចូលរៀន មាន​ការរីកចម្រើន​ផ្នែក​រាងកាយ ចំណេះដឹង ប្រាជ្ញា និង​អារម្មណ៍​នៅតាម​ផ្ទះ​របស់ខ្លួន ព្រមទាំង​តាម​មណ្ឌល​ដែល​ផ្ដល់​សេវា​សុខភាព អាហារូបត្ថម្ភ និង​អប់រំ​ប្រកបដោយ​គុណភាព និង​និរន្តរភាព​។

នៅក្នុង​គោលនយោបាយ​ស្ដីពី​ការគាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច​នេះ​ផងដែរ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​សំខាន់ៗ​មួយចំនួន ដែល​តម្រូវឱ្យ​មានការ​ចូលរួម​អនុវត្ត​តួនាទី ភារកិច្ច និង​សម្របសម្រួល​ពី​សំណាក់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ ព្រមទាំង​សង្គម​ស៊ីវិល ក្នុង​គោលបំណង​គាំទ្រ គាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច​ឱ្យមាន​ប្រសិទ្ធភាព​។ នៅ​ខែមេសា ឆ្នាំ​ ២០១៣ គណៈកម្មាធិការ​ជាតិ​គាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច (​គ.ជ.គ.ក) ត្រូវបាន​បង្កើតឡើង និង​មាន​តួនាទី​ជា​អ្នកទទួលបន្ទុក​លើ​ការអនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ស្ដីពី​ការ​គាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច​។

នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ឆ្នាំ​ ២០១៩-២០២៣ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ដាក់​ចេញ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អាទិភាព​នានា ក្នុង​គោលបំណង​ពង្រឹង​សេវា​អប់រំ​កុមារ​តូច​ឱ្យ​មាន​គុណភាព ប្រកបដោយ​សមធម៌ បរិយាប័ន្ន និង​លើកកម្ពស់​គុណភាព​មត្តេយ្យ​សិក្សា​ឱ្យ​ស្របតាម​ស្ដង់ដា ព្រមទាំង​ពង្រឹងសមត្ថភាព​អ្នក​គ្រប់គ្រង​អនុវិស័យ​កុមារ​តូច​។ ក្នុងន័យនេះ ក្រសួង​អប់រំ យុវជន និង​កីឡា​បានដាក់​ចេញ​នូវ​វត្ថុបំណង និង​យុទ្ធសាស្ត្រ​មួយចំនួន​សម្រាប់​អនុវិស័យ​អប់រំ​កុមារ​តូច ដូចជា​៖

វត្ថុបំណង​អនុវិស័យ​ទី​១ «​បង្កើន​លទ្ធភាព​ទទួល​បាន​សេវា​អប់រំ​កុមារ​តូច​ប្រកបដោយ​គុណភាព សមធម៌ និង​បរិយាប័ន្ន​» មាន​យុទ្ធសាស្ត្រ​ចំនួន​ ៥ គឺ (១) បន្ត​បង្កើត​មត្តេយ្យ​សិក្សា​នៅតាម​សាលាបឋមសិក្សា និង​អភិវឌ្ឍ​សាលា​មត្តេយ្យ​សិក្សា​រដ្ឋ (២) អភិវឌ្ឍ​មត្តេយ្យ​សិក្សា​សហគមន៍​ដែលមាន​ស្ដង់ដារ​ទៅជា​ឧបសម្ព័ន្ធ​នៃ​គ្រឹះស្ថានសិក្សា​រដ្ឋ និង​ប្រែក្លាយ​មត្តេយ្យ​សិក្សា​សហគមន៍​ដែលមាន​លក្ខណៈ​ស្ដង់ដា​ឱ្យទៅ​ជា​មត្តេយ្យ​សិក្សា​រដ្ឋ (៣) លើកកម្ពស់​កម្មវិធី​អប់រំ​មាតាបិតា​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ ជាពិសេស​អន្តរាគមន៍​ការគាំពារ​កុមារ​ក្នុង​រយៈពេល​ ១០០០ ​ថ្ងៃ​ដំបូង​នៃ​កំណើត (​អាយុ ០ ទៅ​ ៣ ​ឆ្នាំ​) (៤) ពង្រីក​កម្មវិធី​អប់រំ​បរិយាប័ន្ន សម្រាប់​កុមារ​មាន​ពិការភាព​នៅ​មត្តេយ្យ​សិក្សា​រដ្ឋ និង​​មត្តេយ្យ​សិក្សា​សហគមន៍ និង (៥) ផ្ដល់​ទឹកស្អាត អនាម័យ និង​អាហារូបត្ថម្ភ ព្រមទាំង​លើកកម្ពស់​សុខភាព​នៅតាម​សាលា​មត្តេយ្យ​សិក្សា​។

វត្ថុបំណង​អនុវិស័យ​ទី​ ២ «​បន្ត​អភិវឌ្ឍ​សាលា​មត្តេយ្យ​សិក្សា​ឱ្យ​ស្របតាម​ស្ដង់ដារ​គុណភាព​» ​មាន​យុទ្ធសាស្ត្រ​ចំនួន​ ៣ គឺ (១) ពង្រឹងគុណភាព​នៃ​ការបណ្ដុះបណ្ដាល និង វិក្រឹត​ការ​គ្រូមត្តេយ្យ​សិក្សា​ឱ្យ​ឆ្លើយតប​តាម​ស្ដង់ដារ (២) ពង្រឹង​អធិការកិច្ច និង​វាយតម្លៃ​ប្រព័ន្ធ​សេវា​អប់រំ​កុមារ​តូច និង (៣) ពង្រឹង​ការអនុវត្ត​កម្មវិធី​សិក្សា ការប្រើប្រាស់​សម្ភារ​បង្រៀន និង​រៀន​សម្រាប់​ការអប់រំ​កុមារ​តូច​ស្របតាម​ស្ដង់ដារ​។

វត្ថុបំណង​អនុវិស័យ​ទី​ ៣ «​ពង្រឹងសមត្ថភាព​អ្នកគ្រប់គ្រង​អនុវិស័យ​ការអប់រំ​កុមារ​តូច និង​អនុវត្ត​ការគ្រប់គ្រង​សាលារៀន​» មាន​យុទ្ធសាស្ត្រ​ចំនួន​ ២ គឺ (១) អភិវឌ្ឍ​សមត្ថភាព និង​ពង្រឹង​យន្តការ​អនុវត្ត​តួនាទី និង​ទំនួល​ខុសត្រូវ​របស់​មន្ត្រី​គ្រប់គ្រង​អនុវិស័យ​ការអប់រំ​កុមារ​តូច និង (២) ពង្រឹង​អភិបាលកិច្ច​ល្អ លើ​ការងារ​អប់រំ​កុមារ​តូច និង​ការរៀបចំ​ផែនការ ផ្អែកលើ​លទ្ធផល​ការគ្រប់គ្រង និង​ការពិនិត្យ​តាមដាន​ និង​វាយតម្លៃ​តាមរយៈ​ការអនុវត្ត​ការគ្រប់គ្រង​តាម​សាលារៀន​។

ការអប់រំ​នៅ​កម្រិត​មត្តេយ្យ​មាន​សារៈសំខាន់​សម្រាប់​ត្រៀមខ្លួន​នៅ​កម្រិត​បឋមសិក្សា​។

ដោយ​មើលឃើញ​ពី​ការឈាន​ចូលក្នុង​បរិបទ​ឧស្សាហកម្ម ៤.០ និង​ស្ថានភាព​នៃ​ការរីករាល​នៃ​ជំងឺ​កូវីដ​ ១៩ នៅលើ​ពិភពលោក​ និង​នៅ​កម្ពុជា ព្រមទាំង​ជា​ផ្នែក​មួយ​នៃ​ការអប់រំ​ក្នុង​បរិបទ​ថ្មី​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល និង​ការសិក្សា​ពី​ចម្ងាយ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​នឹង​កំពុង​រៀបចំ​បង្កើត​វីដេអូ​ឃ្លីប​ស្ដីពី «​លំនាំ​សកម្មភាព​ងាយៗ​សម្រាប់​មាតាបិតា​ និង​អ្នក​អាណាព្យាបាល​អនុវត្ត​ជាមួយ​កូន​នៅតាម​ផ្ទះ​» ជាពិសេស​នៅក្នុង​អំឡុងពេល​នៃ​ការផ្អាក​ដំណើរការ​របស់​សាលារៀន​។ វីដេអូ​ឃ្លីប​ស្ដីពី លំនាំ​សកម្មភាព​ងាយៗ​សម្រាប់​មាតាបិតា អ្នក​អាណាព្យាបាល​អនុវត្ត​ជាមួយ​កូន​នៅតាម​ផ្ទះ​នេះ ត្រូវបាន​រៀបចំឡើង​សម្រាប់​ការអប់រំ​កុមារ​តូច​ចាប់ពី​អាយុ​ ០ ឆ្នាំ ដល់​អាយុ​ក្រោម ៦ ​ឆ្នាំ និង​ក្នុង​គោលបំណង​ចំនួន ៣ ​គឺ​៖ (១) ផ្ដល់​វិធីសាស្ត្រ​នៃ​លំនាំ​បង្រៀន​សម្រាប់​មាតាបិតា និង​អ្នកអាណាព្យាបាល​ដើម្បីឱ្យ​គាត់​មានឱកាស​ក្នុង​ការអប់រំ និង​អភិវឌ្ឍ​សមត្ថភាព​កុមារ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​តាម​ក្រុមគ្រួសារ (២) លើកកម្ពស់​សមត្ថភាព​មាតាបិតា និង​អ្នកអាណាព្យាបាល លើ​ការអប់រំ ការ​បីបាច់​ថែរក្សា​សុខុមាលភាព និង​រក្សាបាន​នូវ​អនាម័យ​ចំពោះ​កុមារ​តូច​គ្រប់​រូបភាព និង (៣) បង្កើន​ស្មារតី​មាតាបិតា អ្នកអាណាព្យាបាល​គ្រប់រូប​ឱ្យចូល​រួម​ធ្វើ​ស្វ័យ​អប់រំ និង​អភិវឌ្ឍ​សមត្ថភាព​កុមារ​តូច​នៅតាម​ក្រុមគ្រួសារ​។

វីដេអូឃ្លីប​នេះ បង្ហាញ​អំពី​លំនាំ​សកម្មភាព​ដឹកនាំ​បង្រៀន​នៃ​សកម្មភាព​គោល ក្នុង​មេរៀន​មួយចំនួន​នៃ​មុខវិជ្ជា​ចំនួន ៥ ​គឺ (១) មុខវិជ្ជា​ចិត្ត ចលភាព (២) មុខវិជ្ជា​វិទ្យាសាស្ត្រ (៣) មុខវិជ្ជា​សិក្សា​សង្គម (៤) មុខវិជ្ជា​បុរេ គណិត និង (៥) មុខវិជ្ជា​ភាសា​ខ្មែរ និង​ត្រូវបាន​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​នៅក្នុង​ទំព័រ Facebook និង Youtube channel (ECCD Cambodia) ផ្លូវការ​របស់​អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការ​ជាតិ​គាំពារ​ និង​អភិវឌ្ឍ​កុមារ​តូច និង​ក្នុង​ទំព័រ Facebook, Youtube (MoEYS Cambodia), App(MoEYS E-Learning) របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​បាន​ផ្សព្វផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា ២ (TVK-2) នៃ​ក្រសួង​ព័ត៌មាន​។

ការបំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ គឺជា​ជម្រើស​ដ៏ល្អ​បំផុត​សម្រាប់​ការលូតលាស់ និង​អភិវឌ្ឍ​ប្រកបដោយ​សុខភាព​ល្អ​របស់​ទារក និង​កុមារ​តូច​។ ឈរលើ​មូលដ្ឋាន​នេះ គំនិត​ផ្ដួចផ្ដើម​មួយចំនួន​របស់​ក្រសួងសុខាភិបាល ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ការពារ លើកកម្ពស់ និង​គាំទ្រ​ដល់​មាតា​ក្នុង​ការបំបៅ​ដោះ​កូន និង​ត្រូវបាន​អនុវត្ត​យ៉ាង​ទូលំទូលាយ​។ ចំណុច​ណែនាំ​សំខាន់ៗ​សម្រាប់​ការបំបៅ​ដោះ​កូន មានដូចជា​៖

-ទារក​គួរតែ​ត្រូវបាន​ផ្ដល់​ការបំបៅ​ដោយ​ទឹកដោះ​ម្ដាយ​ដំបូង​នៅក្នុង​អំឡុង​ ១ ​ម៉ោង បន្ទាប់ពី​សម្រាល​ចេញពី​ផ្ទៃ​ម្ដាយ​។

-ការបំបៅកូន​ដោយ​ទឹក ឬ​ទឹកដោះគោ ឬ​វត្ថុ​រាវ​ផ្សេងទៀត​គួរតែ​ត្រូវបាន​រារាំង​។

-ទារក​គួរតែ​ទទួលបាន​អាហាររូបត្ថម្ភ​ដោយ​ទឹកដោះ​ម្ដាយ​តែមួយ​មុខ​គត់​ក្នុងអំឡុងពេល ៦ ​ខែ​ដំបូង ដើម្បី​ទទួលបាន​ការលូតលាស់ និង​ការអភិវឌ្ឍន៍​ដ៏ល្អ​បំផុត​។

-ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​គួរតែ​បន្ត​ឱ្យបាន​ញឹកញាប់​តាមតែ​អាចធ្វើ​បាន និង​អាស្រ័យ​លើ​តម្រូវការ​របស់​ទារក និង​កុមារ​រហូតដល់​អាយុ ២ ​ឆ្នាំ និង​លើសពីនេះ​។

ជារួម​ការគាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច មានគុណ​ប្រយោជន៍​ដល់​អនាគត​របស់​កុមារ​ម្នាក់ៗ ក្នុង​ការក្លាយ​ខ្លួនជា​សសរទ្រូង​នៃ​ប្រទេសជាតិ​។ ការ​គាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច ជា​ការងារ​អាទិភាព ហើយ​ជា​ផ្នែក​មួយ​ដ៏ចាំបាច់​ក្នុង​ការផ្តល់នូវ​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​មិនអាច​ខ្វះ​បាន​សម្រាប់​ការលើកកម្ពស់​គុណភាព និង​និរន្តរភាព​អប់រំ​។

ក្រសួង​អប់រំ យុវជន និង​កីឡា​តែងតែ​លើកទឹកចិត្ត​ដល់​មាតាបិតា​ទាំងអស់​ឱ្យ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ក្នុង​ការចិញ្ចឹម​បីបាច់​ថែរក្សា​កូនតូចៗ​របស់ខ្លួន​ចាប់តាំងពី​ពេល​មាន​ផ្ទៃពោះ​មក ដោយ​ចាត់ទុកថា​ជា​ពេលវេលា​សំខាន់​សម្រាប់​ការចម្រើន​វ័យ​ផ្នែក​កាយសម្បទារ និង​បញ្ញា​ស្មារតី ជាពិសេស​មាតាបិតា​ ឬ​អ្នកអាណាព្យាបាល​ត្រូវយក​ចិត្ត​ទុកដាក់​លើ​សមាសភាគ​ពាក់ព័ន្ធ​នៃ​ក្របខណ្ឌ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន ដែលមាន​លក្ខណៈ​ត្រៀម​បម្រុង​គ្រប់​ជ្រុងជ្រោយ​ដែល​ផ្តោតលើ​៖ សុខភាព​ល្អ អាហាររូបត្ថម្ភ​គ្រប់គ្រាន់ ការថែទាំ​កូន​ដែលមាន​លក្ខណៈ​ឆ្លើយតប​សុវត្តិភាព និង​សន្តិសុខ​ដល់​កុមារ និង​ឱកាស​សម្រាប់​រៀនសូត្រ​ក្នុង​វ័យ​ដំបូង​របស់​កុមារ​តូច​៕