ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​លើក​ឡើង​ថា ទោះ​បីជា​ការ​បន្ត​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ ១៩ មិន​អនុញ្ញាត​ឱ្យមាន​ការ​ជួប​ជុំគ្នា​ក៏ដោយ​ តែ​ការ​ប្រារព្ធ​ទិវា​អក្ខ​រកម្ម​ជាតិ ៨ ​កញ្ញា ​ក៏​នៅតែ​អាច​ធ្វើ​ទៅ​បាន​ក្នុង​ទម្រង់​ជា​យុទ្ធ​នាការ​តាម​ប្រព័ន្ធ​អន​ឡាញ​និង​ពី​ចម្ងាយ​តាម​គ្រប់​រូបភាព​។

លោក​ថ្លែង​ដូច​នេះ​តាម​រយៈ​សារ​លិខិត​អប​អរសា​ទរ​ឱកាស​ប្រារព្ធ​ទិវា​អក្ខរកម្ម​ជាតិ​ ៨​ កញ្ញា​ ២០២១​ ក្រោម​ប្រធាន​បទ “អក្ខរ​កម្ពុជា ​មូលដ្ឋាន​គ្រឹះ​នៃ​ការសិក្សា​ពេញ​មួយ​ជីវិត” ក្នុង​អត្ថ​ន័យ​ជំរុញ​ប្រជា​ពលរដ្ឋ​កម្ពុជា​គ្រប់រូប​ឱ្យ​ទទួល​បាន​ឱកាស​សិក្សា​ពេញ​មួយ​ជីវិត​គ្រប់​ពេល​វេលា ​គ្រប់​ទីកន្លែង និង​គ្រប់​មធ្យោ​បាយ ដើម្បី​រួមចំណែក​ស្តារ​ឡើង​វិញ​សង្គម-​សេដ្ឋកិច្ច ​បន្ទាប់​ពី​វិបត្តិ​កូ​វីដ​ ១៩​។

លោក​ ហ៊ុន​ សែន​ បាន​ថ្លែងថា​៖ «ទស្សនទាន​នៃ​ប្រធាន​បទ​នៅ​ឆ្នាំនេះ ​មិន​សំដៅ​ត្រឹមតែ​ការ​រៀន​អក្សរ ​និង​លេខ​នព្វន្ត​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​បាន​គិត​គូរ​ដល់​ឱកាស​សម្រាប់​ប្រជា​ពលរដ្ឋ​យើង​ទទួល​បាន​នូវ​ចំណេះ​ដឹង ​ចំណេះ​ធ្វើ សហ​គ្រិន​ភាព ​ជំនាញ​ មុខ​របរ ​និង​ន​វា​នុ​វត្ត​ន៍​លើ​គ្រប់​ផ្នែក​គ្រប់​វិស័យ​ ជា​ពិសេស​អក្ខរ​កម្ម​បច្ចេក​វិទ្យា និង​អក្ខរ​កម្ម​ឌីជីថល ដែល​សព្វ​ថ្ងៃ​កំពុង​មាន​ភាព​ចាំបាច់ និង​កំពុង​មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស»​។

ថ្មីៗ​នេះ ​រាជរដ្ឋា​ភិបាល​កម្ពុជា​ទើប​អនុម័ត​ជា​ផ្លូវការ​នូវ​គោល​នយោ​បាយ​ជាតិ​ស្តីពី​ការ​សិក្សា​ពេញ​មួយ​ជីវិត​ដែល​មាន​គោល​បំណង​ផ្តល់​ឱកាស​ និង​គាំទ្រ​ឱ្យ​ប្រជា​ជន​គ្រប់រូប​ទទួល​បាន​ការ​សិក្សា​តាម​គ្រប់​រូប​ភាព និង​ប្រើ​ប្រាស់​ចំណេះ​ដឹង​តាម​ជំនាញ​ដែល​ទទួល​បាន​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព ​គុណ​ភាព​ ផលិត​ភាព​ការងារ​ និង​ប្រាក់​ចំណូល ស្រប​តាម​យុគ​សម័យ​បច្ចេក​វិទ្យា​គមនា​គមន៍ និង​ព័ត៌មាន និង​សង្គម​ពុទ្ធិ​៕