ស្វាយរៀងៈ នគរបាល​​កំពុង​ស៊ើប​អង្កេត​លើ​ករណី​ស្លាប់​ក្មេង​ស្រី​ម្នាក់ កាល​ពី​ថ្ងៃទី ៣០​ ខែសីហា​ នៅ​ភូមិ​នា​រា​ទេ​ន​ ឃុំ​ឈើ​ទាល​ ស្រុក​ស្វាយ​ជ្រំ ខេត្ត​ស្វាយ​រៀង​ ដោយ​សង្ស័យ​ទៅ​លើ​ក្មេង​ប្រុស​ចំនួន ​៣ នាក់ អាច​ជា​អ្នក​បង្ក​អំពើ​ហិង្សា​នៅ​ក្នុង​រឿង​នេះ​។​

លោក​ ពិន​ អាន​ អធិការ​នគរបាល​ស្រុក​ស្វាយ​ជ្រំ ​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​ ១​ កញ្ញា​ថា ​ក្មេង​ស្រី​ រង​គ្រោះ​ឈ្មោះ ​រិ​ទ្ធ​ ពិសី ​អាយុ​ ៤ ​ឆ្នាំ​បាន​ស្លាប់​ ក្រោយ​ពី​មាន​ជម្លោះ​នៅ​ក្នុង​ការ​ប្រឡែង​គ្នា​លេង​ ក្នុង​ការ​ហាម​ឃាត់​មិន​ឱ្យ​ចុះ​ទៅ​ក្នុង​ទឹក​ព្រែក​។​

លោក​ ពិន​ អាន​ ថ្លែង​ថា៖ ​«​សមត្ថ​កិច្ច​របស់​ខ្ញុំ​កំពុង​ស៊ើប​អង្កេត​ដោយ​បាន​កោះ​ហៅ​ក្មេង​​ចំនួន​៣​នាក់​មក​សាក​សួរ​នៅ​ប៉ុស្តិ៍​នគរ​បាល​ឃុំ​ឈើ​ទាល​អំពី​មូល​ហេតុ​នៃ​ការ​ស្លាប់​របស់​ក្មេង​ស្រី​ម្នាក់​នោះ​។​ រឿង​នេះ​មិន​មែន​ជា​រឿង​ឃាត​កម្ម​ទេ​ព្រោះ​ក្មេងៗ​ឈ្លោះ​គ្នា​ តាម​ច្បាប់​ជា​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស​បណ្តាល​ឱ្យ​មរណ​ភាព​នៃ​ជន​រង​គ្រោះ​»​​។​

លោក​ ពិន​ អាន​ បាន​អះអាង​ដោយ​យោង​តាម​សាក្សី​នៅ​ភូមិ​កើត​ហេតុ​ថា​ ក្មេង ​៤ ​នាក់​ បាន​នាំ​គ្នា​ទៅ​បោច​ស្មៅ​នៅ​ក្បែ​មាត់​ព្រែក​ ក្នុង​នោះ​ក៏មា​ន​ក្មេង​ស្រី​រងគ្រោះ​ដែរ​ ពេល​នោះ​ក្មេង​ស្រី​រងគ្រោះ​បាន​ចុះ​ព្រែក​ តែ​ត្រូវ​ក្មេងៗ ​៣ ​នាក់​ ដែល​ត្រូវ​ជា​បង​ប្អូន​ជីដូន​មួយ​ចាប់​មិន​ឱ្យ​ចុះ​លេង​ទឹក​ព្រែក​។​

លោក​អធិ​ការ​បាន​ថ្លែង​ដោយ​យោង​តាមសម្តី​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​ មុត ​ថា​ង​ អាយុ​ ១៤​​ ឆ្នាំ​ថា​៖​ ​«​ពួក​គេ​ទាំង​ ៣​ នាក់​ បាន​ប្រឡែង​គ្នា​រហូត​ឈ្លោះ​គ្នា​ជា​មួយ​ក្មេង​ស្រី​រង​គ្រោះ​ ​ពេល​ឈ្លោះ​គ្នា​នោះ​រូប​គេ​បាន​យក​ខ្សែ​ឆ្នាំង​សាក​ទូរស័ព្ទ​ទៅ​រឹត​ក​ក្មេង​ស្រី​រង​គ្រោះ ​តែ​ជា​ការ​លេង​ទេ​រួច​ក៏​នាំគ្នា​ឡើង​លើ​ផ្ទះ​ដេក​ លុះ​ព្រឹក​ថ្ងៃទី​ ៣១ ​សីហា ​ក្មេង​ស្រី​រង​គ្រោះ​បាន​ស្លាប់​»​។​

ទោះ​យ៉ាង​ណា​ក៏​ដោយ​ស្ត្រី​ឈ្មោះ ​សាន់​ សា​អែម ​អាយុ​ ២៤ ​ឆ្នាំ​ ជា​ម្តា​យ​ក្មេងស្រី​រងគ្រោះ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​រសៀល​ថ្ងៃទី​ ១​ កញ្ញា​ថា​៖​ «​ខ្ញុំ​បាន​ផ្តឹ​ត​មេដៃ​នៅ​លើ​កំណត់​ហេតុ​របស់​នគរ​បាល​ហើយ​គឺ​ខ្ញុំ​សូម​ឱ្យ​ច្បាប់​រក​យុត្តិ​ធម៌​ឱ្យ​ខ្ញុំ​តែ​ខ្ញុំមិន​ទារ​សំណង​ទេ​ ព្រោះ​សុទ្ធ​តែ​អ្នក​ខ្សត់​ខ្សោយ​ដូច​គ្នា​»​៕​​​