ភ្នំពេញៈ ស្ថាន​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​អូស្ត្រាលី​បាន​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ប្រុង​ប្រយ័ត្ន​ចំពោះ​រាល់​ការផ្សព្វ​ផ្សាយ​ពី​ការ​ជ្រើស​រើស​ និង​ការបញ្ជូន​ពលករ​ខ្មែរ​មក​ធ្វើការ​នៅ​​អូស្ត្រាលីដោយ​ទីភ្នាក់​ងារ​ជ្រើស​រើស​ បុគ្គល ឬ​អង្គ​ភាព​ណា​មួយដោយ​សារ​រដ្ឋាភិ​បាល​អូស្ត្រាលី​មិន​ទាន់​ជ្រើស​រើស​ពល​ករ​ខ្មែរ​មក​ធ្វើការ​នៅ​ទីនោះ​ក្រោម​គម្រោង​ទិដ្ឋា​ការ “កសិ​កម្ម” ថ្មីនៅ​ឡើយ​ទេ។

ការ​អំពាវ​នាវ​នេះ​ធ្វើ​ឡើង​តាមរយៈ​សេចក្តី​ជូនដំណឹង​របស់​ស្ថាន​ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​អូស្ត្រាលី​នៅ​ថ្ងៃទី ១​ ខែកញ្ញា​នេះ ​បន្ទាប់ពី​មាន​សារ​ព័ត៌​មាន​ បណ្តាញ​សង្គម ​ក្រុមហ៊ុន​ឯកជន និង​បុគ្គល​មួយ​ចំនួន​ បាន​ដើរ​បំផុស​បំផុល​ផ្តល់​ពត៌មាន​ពុំ​ច្បាស់​លាស់ ឬ​បំភ្លៃ​ការ​ពិត​ក្នុង​ចេតនា​បោកប្រាស់​ជ្រើស​រើស​ពលករ​ខ្មែរ​មក​ធ្វើការ​នៅ​ប្រទេស​អូស្ត្រាលី ​(Australia) ក្រោម​គម្រោង​ទិដ្ឋា​ការ“​កសិកម្ម” ថ្មី (Au​stralian​ Agriculture Visa) របស់​ប្រទេស​អូស្ត្រាលី​។

ស្ថាន​ទូត​បាន​បញ្ជាក់​ថា ​បច្ចុប្បន្នរដ្ឋាភិ​បាល​អូស្ត្រាលី (ក្រសួង​ការ​បរទេស ​​មហា​ផ្ទៃ និង​ក្រសួង​កសិ​កម្ម​អូស្ត្រាលី) កំពុង​ពិភាក្សា​នៅ​ឡើយ​លើ​ការ​រៀប​ចំ​គម្រោង​ទិដ្ឋាការ​កសិកម្ម​ថ្មី ជា​មួយ​នឹង​ការ​កំណត់​លក្ខ​ខណ្ឌ​ផ្សេងៗ​ក្នុងការ​ទទួល​បាន​ទិដ្ឋា​ការ​នេះ។

ប្រភព​ដដែល​បាន​បន្ត​ថា គម្រោង​ទិដ្ឋា​ការ​កសិកម្ម​ថ្មី​នេះ​នឹង​ផ្តល់​ឱកាស​ដល់​ពលរដ្ឋ​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ី​អាច​មក​ធ្វើ​ការ​នៅ​ប្រទេស​អូស្ត្រាលី​លើ​វិស័យ​កសិកម្ម រួម​ទាំង​ឧស្សា​កម្ម​កែច្នៃ​សាច់​ផងដែរ (Agri​culture sector including meat processing)​ ជាមួយ​នឹង​ការផ្តល់​ឱកាស​អាច​ស្នើសុំ​សិទ្ធិ​រស់នៅ​អចិ​ន្ត្រៃយ៍ក្នុងករណី​ពលករ​នោះ​បំពេញ​បាន​តាម​លក្ខ​ខណ្ឌ​និង​មាន​តម្រូវ​ការ​ជាក់​ស្តែង​ពី​រដ្ឋាភិ​បាល​អូស្ត្រា​លី​។

ស្ថាន​ទូត​កម្ពុជា​ប្រចាំ​អូស្ត្រា​លីបាន​បន្ថែម​ថា៖«តាម​គម្រោងទិដ្ឋា​ការ​ថ្មី​នេះ​នឹង​ពិភាក្សា​ចប់​សព្វ​គ្រប់​នៅ​ចុងខែ​កញ្ញា​ ឆ្នាំ ​២០២១ ខាង​មុខ។ជាមួយ​គ្នានេះ​រដ្ឋាភិបាល​អូស្ត្រាលី​នឹងពិ​ភាក្សា​ចរចា​ទ្វេ​ភាគី​ជាមួយ​ប្រទេស​ដៃគូ​មួយ​ចំនួន​ក្នុង​តំបន់​លើ​គម្រោង​ទិដ្ឋា​ការ​ថ្មី»​។

ក្រោម​គោល​ការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ​ក្នុង​ការ​ស្វែងរក​ទីផ្សារកា​រងារ​ជូន​ពលករ​ខ្មែរ​កន្លង​មក ​ស្ថាន​ទូត​បាន​ខិត​ខំ​ស្វះ​ស្វែង​រក​ទីផ្សារ​ការងារ​ជូន​បងប្អូន​ខ្មែរ​ទាំង​នៅ​ប្រទេស​អូស្ត្រាលី ក៏ដូច​ជា​ ប្រទេស​នូ​វែ​ល​សេ​ឡង់ តាមរយៈ​ការ​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹក​នាំ​របស់​រដ្ឋាភិ​បាល ប្រទេស​នីមួយៗជា​បន្ត​បន្ទាប់​។

ស្ថាន​ទូត​ដដែល​នេះ​ បាន​បន្ថែម​​ថា​ ចំពោះ​គម្រោង​ទិដ្ឋាការ​កសិកម្ម​ថ្មី​នេះក្រោម​ការណែនាំ​ដ៏​ខ្ពង់​ខ្ពស់​ពី​ថ្នាក់​ដឹកនាំ​ក្រសួងការ​បរទេស និង​សហ​ប្រតិ​បត្តិការ​អន្តរ​ជាតិ ​និង​កិច្ចសហ​ការ​គាំទ្រ​ពី​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​កម្ពុជា ស្ថាន​ទូត​បាន​ត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការ​បន្ត​ជួប​ចរចា​រក​ទីផ្សារ​ការងារ​ជូន​ពលរដ្ឋ​ខ្មែរ​ជា​មួយ​រដ្ឋាភិ​បាល​អូស្ត្រាលី​។

ស្ថាន​ទូត​សូម​បញ្ជាក់​ជាថ្មី​ថា«មក​ទល់​ពេលនេះ​គម្រោង​ទិដ្ឋាការ​កសិកម្ម​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​រៀបចំ​នៅ​ឡើយ​ ហើយ​រដ្ឋាភិ​បាល​អូស្ត្រាលី​នៅ​ពុំទាន់​សម្រេច​ថានឹង​ផ្តល់​ទិដ្ឋាការ​ប្រភេទ​នេះ​ជូន​កម្ពុជា​ឬ​ប្រទេស​ណាមួយ​នៅ​ឡើយ​ទេ។ហេតុ​នេះ​ស្ថានទូត​ស្នើ​ប​ងប្អូន​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​រាល់​ការផ្សព្វ​ផ្សាយ​ព័​ត៌មាន​ពី​ការ​ជ្រើស​រើស​និង​ការ​បញ្ជូន​ពលករ​ខ្មែរ​មក​ធ្វើការ​នៅ​ប្រទេសអូ​ស្ត្រាលី ដោយ​ទីភ្នាក់​ងារ​ជ្រើស​រើស បុគ្គល ឬ​អង្គ​ភាព​ណា​មួយ»​។

ព័ត៌មាន​ផ្លូវការ​ជុំវិញ​វឌ្ឍន​ភាព​គម្រោង​ទិដ្ឋា​ការ​កសិកម្ម​ថ្មី​នេះ​អាច​តាម​ដាន​លើ​គេហ​ទំព័រ​ផ្លូវការ​របស់​ក្រសួងកា​របរទេសនិ​ង​សហ​ប្រតិ​បត្តិការ​អន្តរ​ជាតិ​កម្ពុជា ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​អូស្ត្រា​លី(https:// w​ww.embassyofcambodia.ogr.au) ឬ​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​កម្ពុជា​៕