សៀមរាបៈ អាជ្ញាធរ​ជាតិអប្សរា​បានប្រកាស​បិទ​មិនឱ្យ​​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​​ឡើង​ចុះ​ទស្សនា​នៅ​ផ្នែក​ខាង​​លិច​នៃ​ប្រាសាទភិមានអាកាស​ដែល​ស្ថិតក្នុង​បរិវេណ​អតីត​ព្រះរាជវាំង​ក្រុង​អង្គរធំ ចាប់ពី​ថ្ងៃទី​ ១ ខែកញ្ញា ឆ្នាំ​ ២០២១ ​តទៅ ដោយសារ​ប្រាសាទ​នេះ​មាន​សភាព​ទ្រុឌទ្រោម​ដែល​ត្រូវ​​ជួសជុល​ឡើងវិញ​។

តាម​សេចក្តី​ជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​ថ្ងៃទី​ ៣១ ខែ សីហា ឆ្នាំ​ ២០២១ ​បាន​ឱ្យ​ដឹងថា បច្ចុប្បន្ន​ប្រាសាទ​ភិមានអាកាស​ដែល​ស្ថិតនៅក្នុង​បរិវេណ​អតីត​ព្រះរាជវាំង​ក្រុង​អង្គរធំ កំពុងមាន​សភាព​ទ្រុឌទ្រោម​ប្រឈម​ហានិភ័យ​ខ្ពស់​ ដោយសារ​កត្តា​អាយុកាល និង​ធម្មជាតិ​។ ​ដោយ​សង្កេតឃើញ​ពី​បញ្ហា​ចំពោះមុខ​បែបនេះ ក្រុម​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​​បាននិង​កំពុង​សិក្សា​លើ​ចំណុច​ប្រឈម​នានា ដើម្បី​លើក​គម្រោង​​ការងារ​ជួសជុល​បន្ទាន់​។

សេចក្តី​ជូនដំណឹង​នេះ​បាន​សរសេរថា «​ក្នុងន័យ​ដើម្បី​សម្រួល​ការងារ​នេះ ក៏ដូចជា​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ​ដល់​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ និង​សាធារណជន​ទូទៅ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បិទ​ការឡើង​ចុះ​ទស្សនា​ប្រាសាទ​ភិមានអាកាស​តាម​ច្រក​ផ្នែក​ខាងលិច​ជា​បណ្តោះអាសន្ន គិត​ចាប់ពី​ថ្ងៃទី​ ១ ខែ កញ្ញា ឆ្នាំ ២០២១ ​តទៅ រហូតដល់​ការដ្ឋាន​ត្រូវបាន​ជួសជុល​រួចរាល់​»​។

លោក ឡុង កុសល អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១ ខែ​​កញ្ញា​ថា ការចេញ​សេចក្តី​ជូនដំណឹង​មិនឱ្យ​ភ្ញៀវទេសចរ​ជាតិ​​ និង​អន្តរជាតិ និង​សាធារណជន​ឡើង​ចុះ​ទស្សនា​តាម​ផ្នែក​ខាង​​លិច​នៃ​ប្រាសាទ​ភិមានអាកាស​​នេះ​គឺ​ក្នុង​គោលបំណង​សំខាន់​ ដើម្បី​បញ្ចៀស​មិនឱ្យ​មាន​គ្រោះថា្នក់​ជាយថាហេតុ​ណាមួយ​កើតឡើង និង​ផ្តល់​សុវត្ថិភាព​ដល់​ភ្ញៀវទេសចរ​ទាំងនោះ ព្រោះ​ប្រាសាទ​នេះ​មាន​សភាព​ទ្រុឌទ្រោម​​ប្រឈម​ហានិភ័យ​ខ្ពស់​។

លោក​បាន​បន្តថា បច្ចុប្បន្ននេះ​ក្រុមមន្ត្រី​ជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​សិក្សា​ដើម្បី​​ជួសជុល​ប្រាសាទ​នេះ​ឱ្យមាន​សុវត្ថិភាព​ឡើងវិញ ប៉ុន្តែ​គម្រោង​នេះ​ដំណើរ​នៅពេលណា​នោះ​គឺ​មិនទាន់​ដឹង​នៅឡើយ​ទេ​។ ទោះជា​យ៉ាងណា​ក្រុមការងារ​ជំនាញ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​​ពន្លឿន​លើ​ការងារ​នេះ​ឱ្យបាន​ឆាប់ ព្រោះ​ជា​កិច្ចការ​បន្ទាន់​។

លោក ឡុង កុសល បាន​បញ្ជាក់ថា​៖ «​ប្រាសាទ​ភិមានអាកាស​នេះ​មាន​សភាព​ទ្រុឌទ្រោម ដែល​បាន​សាងសង់​រាប់រយ​ឆ្នាំ​មកហើយ​។ ​នៅពេល​ដែលមាន​ផលប៉ះពាល់​ដល់​​ប្រាង្គប្រាសាទ​គឺ​យើង​ត្រូវតែ​ទប់ស្កាត់​ហានិភ័យ និង​ការខូចខាត​​នោះ​បន្ទាន់​កុំ​ឱ្យមាន​គ្រោះថ្នាក់​ដល់​អ្នក​មក​ទស្សនា​»​។

លោក ស៊ាម សីហា មគ្គុទេ្ទសក៍​ទេសចរណ៍​ប្រចាំខេត្ត​សៀមរាប​ថ្លែងថា នៅពេល​មាន​ការជួសជុល​ប្រាសាទ​នីមួយៗ​​ដូចជា​ប្រាសាទភិមានអាកាស​នេះ​ជាដើម គឺ​អាជ្ញាធរ​ជាតិ​អប្សរា​តែងតែ​ជូនដំណឹង​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មិនឱ្យ​ឆ្លងកាត់​ ឬ​ឡើង ព្រោះ​វា​អាច​បង្ក​ហានិភ័យ​ណាមួយ​កើតឡើង​ជាយថា​ហេតុ ព្រោះ​ប្រាសាទបុរាណ​វា​មាន​សភាព​ទ្រុឌទ្រោម​។

លោក​បាន​បន្តថា​៖ «​ប្រាសាទ​ភិមានអាកាស​នេះ ត្រូវបាន​សាងសង់​នៅ​សតវត្សរ៍​ទី​១០ ​ឬ​​ទី​១១ ​ដោយ​ស្តេច​សូរ្យវរ្ម័ន​ទី​១ ដើម្បី​ឧទ្ទិស​ដល់​ព្រះសិវៈ»៕