ភ្នំពេញៈ កងកម្លាំង​យោធា​គ្រប់​បណ្តា​កងឯកភាព ដែល​កំពុង​ប្រតិបត្តិ​ការឈរជើង​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវ​បាន​ណែនាំ​ឱ្យចូលរួម​ទប់ស្កាត់​ការនាំចូល​រថយន្ត​ចង្កូតស្ដាំ​មក​ក្នុងប្រទេស​កម្ពុជា​។

តាម​លិខិត​បទបញ្ជា​មួយ​ដែល​ចុះហត្ថលេខា​ដោយ​លោក ឯក សំអូន មេបញ្ជាការ​យោធភូមិភាគ​ទី​ ៥ កាលពី​ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ​ ២០២១ បានឱ្យដឹងថា គ្រប់​បណ្តា​កងឯកភាព​ដែល​ឈរជើង​នៅតាម​ខ្សែបណ្ដោយ​ព្រំដែន​ត្រូវ​សហការ​ជាមួយ​បណ្តា​កងឯកភាព និង​បណ្តា​ស្ថាប័ន​ដែលមាន​ការពាក់ព័ន្ធ​ទប់ស្កាត់​ឱ្យបាន​ដាច់ខាត​នូវ​ការលួច​នាំចូល​រថយន្ត​ចង្កូត​ស្តាំ​តាម​ច្រករបៀង​នៅតាម​បណ្ដោយ​ព្រំដែន​។

លិខិត​ដដែល​បន្តថា ករណី​មាន​យោធិនណា ឃុបឃិត​ក្នុង​ការលួច​នាំចូល​រថយន្ត​ចង្កូត​ស្តាំ តាម​ច្រករបៀង​នៅ​តាម​ខ្សែ​បណ្ដោយ​ព្រំដែន​ល្មើស​នឹង​សេចក្តីសម្រេច​នេះ មេបញ្ជាការ​កងឯកភាព​នោះ​នឹងត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់​។ មេបញ្ជាការ​ប្រចាំ​ទិស​ទី​១ ទិស​ទី​២ ទិស​ទី​៣ (​ប៉ៃលិន-សំឡូត​) និង​ទិស​ទី​៤ ត្រូវ​ផ្សព្វផ្សាយ​បទបញ្ជា​នេះ​ជូន​ដល់​មេបញ្ជាការ​គ្រប់​កងឯកភាព ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ទទួលខុស​ត្រូវ​របស់ខ្លួន​ឱ្យបាន​ឆាប់​បំផុត​។

លោក ជួប វុទ្ធី មេបញ្ជាការរង​យោធា​ក្រុងប៉ៃលិន ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ១ ខែកញ្ញា​ថា អង្គភាព​របស់លោក​ទទួល​បាន​លិខិត​នេះ ហើយ​បាន​ប្តេជ្ញា​ថា នឹងចូលរួម​ទប់ស្កាត់​ឱ្យ​បាន​ម៉ឺងម៉ាត់​ជាទីបំផុត មិន​ឱ្យ​មាន​ការ​នាំចូល​រថយន្ត​ដោយ​ខុសច្បាប់​នោះទេ​។

លោក​បន្តថា បទបញ្ជា​នេះ​គឺជា​អនុសាសន៍​ដ៏ល្អ​ក្នុង​ការអនុវត្ត​។ ដោយឡែក​អង្គភាព​របស់​លោក​ដែល​ធ្លាប់​ប្រើប្រាស់​រថយន្ត​ចង្កូតស្តាំ​កន្លងមក គឺ​ប្រើប្រាស់​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​។

ទោះជា​យ៉ាងណា លោក​ថា បន្ទាប់ពី​មាន​បទបញ្ជា​ឱ្យ​ដល់​គ្រប់​អង្គភាព ដែល​កំពុង​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន​នេះ ត្រូវ​តែ​ការពារ​ឱ្យ​បានជា​ដាច់ខាត​មិន​អនុញ្ញាត​ឱ្យ​មាន​ការនាំចូល​រថយន្ត​ខុសច្បាប់​បន្តទៀត​ទេ​។

លោក​បានដាក់​កម្លាំង​អន្តរាគមន៍​នៅតាម​ច្រក​គោលដៅ​សំខាន់ៗ ដើម្បី​ឃ្លាំមើល​ជាប្រចាំ មិន​អនុញ្ញាត​ឱ្យ​មានការ​នាំចូល​រថយន្ត​នោះទេ​។

លោក​បាន​ថ្លែងថា​៖ «​ប្រសិនបើ​មាន​ករណី​នាំចូល​នៅតាម​ច្រក​ណាមួយ​នោះ តាម​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការ​យោធភូមិភាគ​ទី​ ៥ គឺ​មេបញ្ជាការ​ដែល​កំពុងកាន់​ច្រក​នោះ​ត្រូវ​ទទួលខុសត្រូវ និង​មាន​វិធានការ​រួម​ជាមួយនឹង​ការដាក់​វិន័យ​តឹងរ៉ឹង​ទៅលើ​មេបញ្ជាការ​រូបនោះ​»​។

លោក អ៊ុន សុវណ្ណា អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​បាន​ឱ្យដឹង​ដែរ​ថា ពាក់ព័ន្ធ​នឹង​ករណីនេះ រាជរដ្ឋាភិបាល​តាមរយៈ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ណែនាំ​ឱ្យ​អនុវត្ត​ទប់ស្កាត់​មិនឱ្យ​មានការ​នាំចូល​រថ​យន្ត​ចង្កូត​ស្តាំ​ចូលមក​កាន់​ប្រទេស ហើយ​កងទ័ព​នៅតាម​ព្រំដែន​មាន​តួនាទី​ក្នុង​ការចូល​រួមសហការ​អនុវត្ត​ឱ្យមាន​ភាពរលូន​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅពេល​ដែលមាន​សារាចរ​ណែនាំ​ហើយ ជំនាញ​របស់គេ​បាន​អំពាវនាវ​ឱ្យ​កងកម្លាំង​ឱ្យ​ចូលរួម​អនុវត្ត​ឱ្យ​ការអនុវត្ត​ច្បាប់​ឱ្យមាន​តម្លាភាព និង​ត្រឹមត្រូវ ព្រោះ​កងកម្លាំង​ប្រដាប់អាវុធ​ចូលរួម​សហការ​ ដើម្បី​ការពារ អនុវត្ត​ច្បាប់​ឱ្យបាន​ល្អ​»​។

លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី (AIP) ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១ កញ្ញា​ថា រថយន្ត​ចង្កូត​ស្តាំ​នេះ​ តាមច្បាប់​មិនត្រូវ​បាន​អនុញ្ញាត​ឱ្យមាន​ការប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ ពីព្រោះ​ការបើកបរ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ប្រកាន់​ស្តាំ ដោយ​ប្រើប្រាស់​ចង្កូត​ឆ្វេង​។

លោក​បាន​ពន្យល់ថា ការប្រើប្រាស់​រថយន្ត​ចង្កូតស្តាំ​នៅពេល​វ៉ា​ជែង វា​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ខ្លាំងណាស់ ព្រោះ​ត្រូវ​វ៉ា​ជែង​ខាងឆ្វេង​ដែល​នេះ ត្រូវតែ​ចេញមក​ឱ្យ​ផុត​ផ្លូវ​ទើប​អាច​វ៉ាជែង​បាន​។ រថយន្ត​ប្រភេទ​នេះ​មាន​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ផង និង​អ្នកដទៃ​ផង​នៅពេលដែល​វ៉ាជែង​នៅលើ​ដងផ្លូវ​។

លោក​បាន​បញ្ជាក់ថា​៖ «​កាលពី​ឆ្នាំ ២០១៥ ឬ ២០១៦ មិនឱ្យ​កែ​ចង្កូត​ទេ ជា​ជំនួស​ចេញ​ស្លាក​លេខ​ពណ៌ ក្រហម​តាំងពី​ពេលនោះ​មក ខ្ញុំ​ថា បិទ​លែង​ឱ្យ​នាំចូល​ហើយ ប៉ុន្តែ​ឥឡូវ​បែរជា​លេច​ធ្លាយ​មាន​ការនាំចូល​មកទៀត ។ ជាគោលការណ៍ ខ្ញុំ​គាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ហាម​នាំចូល​រថយន្ត​ចង្កូត​ស្តាំ​បន្តទៀត ព្រោះ​យើង​មាន​ច្បាប់​មិន​អនុវត្ត ហើយ​ធ្លាយ​មក​អ៊ីចឹង វា​មិនមែន​ជា​រូបភាព​ល្អ​ទេ​»៕

វីដេអូ៖