ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះហត្ថលេខា​កាលពី​ខែសីហា សម្រេច​បង្កើត​ឃុំ-សង្កាត់​ថ្មី ៤ នៅក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ និង​ស្រុក​បវេល ខេត្តបាត់ដំបង ដែល​ត្រូវ​ចូល​ជា​ធរមាន សម្រាប់​ការបោះឆ្នោត​ជ្រើសរើស ឃុំ-សង្កាត់ ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ឆ្នាំ​ ២០២២​។

យោងតាម​អនុក្រឹត្យ​ចេញ​ថ្ងៃទី​ ២០ ខែសីហា ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃទី​ ៣១ ខែសីហា បានឱ្យដឹងថា​៖ «​ការបង្កើត​ឃុំ សង្កាត់​ថ្មី​ទាំងនេះ​ត្រូវ​ចូល​ជាធរមាន​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៥ ស្របតាម​ខ្លឹមសារ​មាត្រា​ ១៨ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់​។ ​ក្រុមប្រឹក្សា​នៃ​ឃុំ សង្កាត់ ដែល​ត្រូវបាន​កាត់​ភូមិ​ចេញ​សម្រាប់​ឃុំ​ថ្មី​ទាំងអស់​ត្រូវ​បន្ត​គ្រប់គ្រង​ភូមិ​ទាំងអស់​បន្ត​រហូតដល់​មាន​ក្រុមប្រឹក្សា ឃុំ សង្កាត់ ថ្មី​ទៅ​ជំនួស​»​។

យោងតាម​អនុក្រឹត្យ​ដដែល​នេះ​បាន​ឱ្យ​ដឹងថា រាជរដ្ឋាភិបាល​បានសម្រេច​បង្កើត ឃុំ-សង្កាត់​ថ្មី​ចំនួន​ ៤ ក្នុងនោះ​មាននៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​ចំនួន​ ២ ​សង្កាត់ នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​មាន​ ១ ​ឃុំ និង​នៅ​ស្រុក​បវេល ខេត្តបាត់ដំបង​ ១ ​ឃុំ​។

សង្កាត់​ថ្មី​ចំនួន​ ២ ​ក្នុង​ក្រុង​ប៉ោយប៉ែត គឺ​សង្កាត់​អូរជ្រៅ និង​សង្កាត់​អូរឫស្សី​។ សង្កាត់​អូរជ្រៅ បង្កើតឡើង​ដោយ​កាត់​យក​ភូមិ​ចំនួន​ ៧ ពី​សង្កាត់​ប៉ោយប៉ែត គឺ​ភូមិ​អូរជ្រៅ ភូមិ​ក្បាលកោះ ភូមិ​ក្បាលស្ពាន​ ១ ភូមិ​ក្បាលស្ពាន​ ២ ភូមិ​សាមគ្គី​មានជ័យ ភូមិ​ព្រៃព្រិច និង​ភូមិ​ប៉ោយប៉ែត ទីតាំង​សាលាសង្កាត់​អូរជ្រៅ​ថ្មី​នេះ ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ព្រិច​។ សង្កាត់​អូរឫស្សី កាត់​យក​ភូមិ​ចំនួន ៥ ពី​សង្កាត់​ផ្សារកណ្តាល គឺ​ភូមិ​អូរឫស្សី ភូមិ​ប្រជាធម្មកើត ភូមិ​ទួលពង្រ ភូមិ​អូរនាង និង​ភូមិ​ព្រៃគុប ទីតាំង​នៃ​សាលាសង្កាត់​អូរឫស្សី​ថ្មី​នេះ ស្ថិតនៅ​ក្នុងភូមិ​ទួលពង្រ​។

ឃុំ​ថ្មី​ឈ្មោះថា ឃុំ​យាយម៉ៅ​ពេជ្រនិល នៃ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។ ឃុំ​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​កាត់​យក​ភូមិ​ចំនួន​ ៩ ពី​ឃុំ​ត្រែងត្រយឹង​គឺ ភូមិ​ទី​ ៣ ភូមិ​ទី​ ៦ ភូមិ​ចំការចេក ភូមិ​ទឹកចេញ ភូមិ​ព្រឹង ភូមិ​កងមាស ភូមិ​វាលធំ ភូមិ​សម្បទាន​សែនជ័យ និង​ភូមិ​ស្រល់​។ ទីតាំង​សាលាឃុំ​យាយ​ម៉ៅ​ពេជ្រនិល​ថ្មី​នេះ ស្ថិត​នៅក្នុង​ភូមិ​ចំការចេក​។

ឃុំ​ថ្មី​ ១ ​ទៀត ដែលមាន​ឈ្មោះថា ឃុំ​បួវិល​នៃ​ស្រុក​បវេល ខេត្ត​បាត់ដំបង​។ ឃុំ​ថ្មី​នេះ​បង្កើតឡើង​ដោយ​កាត់​យក​ភូមិ​ចំនួន​ ៩ ពី​ឃុំ​បវេល​គឺ ភូមិ​បវេល​ ២ ភូមិ​ទំនប់ទឹក ភូមិ​ព្រៃទទឹង​ ១ ភូមិ​ព្រៃទទឹង​ ២ ភូមិ​គោក ភូមិ​ស្លខ្លាញ់ ភូមិ​កំពង់ឆ្នាំង​ ១ ភូមិ​កំពង់ឆ្នាំង​ ២ និង​ភូមិ​សាមគ្គី​។ ទីតាំង​សាលាឃុំ​បួវិល​ថ្មី​នេះ​ស្ថិត​នៅ​ក្នុង​ភូមិ​ទំនប់ទឹក​។

ក្នុង​លិខិត​ដោយឡែក​ចេញ​នៅ​ថ្ងៃ​ជាមួយ​គ្នា​នោះដែរ រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​រវាង​ឃុំ​បឹងល្វា ជាមួយ​ឃុំ​កំពង់ថ្ម និង​ឃុំ​ប្រាសាទ​នៃ​ស្រុក​សន្ទុក ខេត្តកំពង់ធំ ដោយ​កាត់​យក​ភូមិ​ចំនួន​ ៤ ពី​ឃុំ​បឹងល្វា គឺ​ភូមិ​ត្រពាំង​ទឹម ភូមិ​កោះបង្គៅ ភូមិ​ត្រពាំងប្រឺ និង​ភូមិ​បឹងល្វា មកឱ្យ​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ឃុំ​កំពង់ថ្ម និង​កាត់​យក​ភូមិ​ចំនួន​ ២ ពី​ឃុំ​បឹងល្វា គឺ​ភូមិ​ត្បែង និង​ភូមិ​សង្គ្រោះ​មក​ឱ្យ​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ឃុំ​ប្រាសាទ​ផងដែរ​។

សម្រាប់​ការបោះឆ្នោត​ឃុំ-សង្កាត់​ ២០២២ ខេត្តកំពង់ស្ពឺ​នឹងមាន​ឃុំ​សង្កាត់​កើន​ដល់​ ៨៨ ​អាសនៈ ខេត្ត​បាត់ដំបង កើន​ ១០៣ ​អាសនៈ និង​ខេត្តបន្ទាយមានជ័យ​កើន​ដល់​ ៦៧ ​អាសនៈ​។ រហូតមកដល់​ខែសីហា​នេះ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ដែល​នឹងត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ ទី​ ៥ ខែ មិថុនា ឆ្នាំ​ ២០២២ ខាងមុខនេះ​អាច​នឹងមាន​ ១ ៦៥០ ​អាសនៈ​៕