បន្ទាយមានជ័យៈ ជំនន់​ទឹកភ្លៀង​ដែល​ហូរ​ចាក់​មកពី​ប្រទេស​ថៃ​បាន​ធ្វើឱ្យ​ជន់​លិច​ផ្នែក​ខ្លះ នៃ​ភូមិ​ចំនួន​ ៧ ក្នុង​ស្រុក​ម៉ាឡៃ នៅ​ថ្ងៃទី​ ១ ខែកញ្ញា​។

លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែង​នៅ​ថ្ងៃទី​ ១ កញ្ញា​ថា រដ្ឋបាល​ខេត្ដ​បាន​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​មាត់​អូរ ក្នុង​តំបន់​មួយចំនួន​ក្នុង​ស្រុក​ម៉ាឡៃ​ចេញ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ជាយថាហេតុ​។

លោក​ថ្លែងថា​៖ «​ស្ថានភាព​ទឹក​នេះ​ជា​ទឹកជំនន់​ពី​ថៃ​ទេ​។ ការជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ​ ដោយសារ​ពួកគាត់​រស់នៅ​តាម​មាត់អូរ​អ៊ីចឹង​ទឹក​វា​ធ្លាក់​ពី​ថៃ​មក វា​ជន់​លិច បើសិនជា​មិនមាន​ភ្លៀង​ទៀត​ទេ​ទឹក​នេះ​វា​ថយ​អស់​ទៅវិញ​ហើយ​»​។

តាម​វីដេអូ ចេញផ្សាយ​ដោយ BTV បានបង្ហាញ​ពី​ក្រុម​កងកម្លាំង​អន្តរាគមន៍​របស់​កងពល​តូច​ថ្មើរជើង​លេខ​ ៥១ ​មួយក្រុម នៅ​ថ្ងៃទី​ ១ ខែកញ្ញា កំពុង​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ក្នុងភូមិ​សាស្ត្រ​ស្រុក​ម៉ាឡៃ​។ ភូមិ​ចំនួន​ ៧ ក្នុង​ឃុំ​ចំនួន​ ២ គឺ​ឃុំ​បឹងបេង និង​ឃុំ​ម៉ាឡៃ ដែល​នៅជាប់​អូរ​ព្រំដែន​កម្ពុជា-ថៃ ត្រូវបាន​ទឹក​ជន់​លិច​ផ្នែក​ខ្លះ ហើយ​ទឹកជំនន់​នេះ​កំពុង​ហក់​ឡើង​។

លោក លី បូ មន្ដ្រី​ប្រតិបត្តិការ​ការិយាល័យ​ទី​ ៣ សន្ដិសុខ​ខេត្ដ​បន្ទាយមានជ័យ បានឱ្យដឹង​នៅ​ថ្ងៃទី​ ១ កញ្ញា​ថា ទឹកជំនន់​ដែល​ជន់​លិច​នេះ​មិនមាន​សភាព​ធ្ងន់ធ្ងរ​ទេ ជំនន់​បាន​ជន់​លិច នៅពេល​មាន​ភ្លៀង ហើយ​ទឹកបាន​ហូរ​តាម​អូរ តាម​ច្រកព្រំដែន កម្ពុជា-ថៃ​មក​ជន់លិច​នៅ​ស្រុក​ម៉ាឡៃ​។ «​មកដល់ពេលនេះ មិនទាន់​ឃើញ​មាន​ការប្រកាសអាសន្ន ឬ​ការប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ទេ​។ ជំនន់​នេះ​ពេល​រាំងភ្លៀង​វា​ហូរ​តែ​រយៈពេល​ខ្លី ទឹក​ស្រក​ចុះ​វិញ​អស់ហើយ​»​។

លោកស្រី រស់ សុផានី អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​បន្ទាយមានជ័យ​បាន​បដិសេធ​ធ្វើការ​បកស្រាយ​លើ​ករណី​ទឹកជំនន់​នេះ​។

យោងតាម​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ «​ព្រឹត្តិការណ៍​ប្រចាំថ្ងៃ​ក្នុង​ស្រុក​ម៉ាឡៃ​ខេត្ត​បន្ទាយមានជ័យ​» បាន​បង្ហោះ​នៅ​ថ្ងៃទី​ ១ កញ្ញា​ថា ភ្លៀង​បង្អុរ​ចុះ​ជាច្រើន​ថ្ងៃ​ជាប់ៗ​គ្នា ជាពិសេស​យប់មិញ​នេះ (​ថ្ងៃទី​ ៣១ ខែសីហា​) គឺ​ភ្លៀង​ខ្លាំង​មហា​កំណាច​គួរឱ្យខ្លាច លាយឡំ​ដោយ​បាតុភូត​ផ្សេងៗ​។ «​ឥឡូវ​ទឹកអូរ​ព្រំដែន​កម្ពុជា-ថៃ​ច្រកទ្វារព្រំដែន​ម៉ាឡៃ ឡើង​ខ្ពស់​ជោរជន់​ហៀរហូរ​បាចសាច​កាត់​ផ្លូវ​ហូរ​កាត់​ក្រោមផ្ទះ ស្រែចម្ការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។ ដូច្នេះ​សូមមេត្តា​ប្រុងប្រយ័ត្ន​ទាំងអស់​គ្នា​»៕