ភ្នំពេញៈ សិក្ខាកាម​ទាហាន​មួក​ខៀវ​នៃ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ចំនួន​ ៣៧ ​នាក់​ កំពុង​ហ្វឹកហាត់​លើ​ជំនាញ​ជួយសង្គ្រោះ​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​គ្រោះមហន្តរាយ​ទឹកជំនន់​ពី​ធម្មជាតិ នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក​ ដើម្បី​ត្រៀមខ្លួន​ចេញទៅ​បំពេញបេសកកម្ម​អង្គការ​សហប្រជាជាតិ នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ក្នុង​ឆ្នាំ​ ២០២២​។ នេះ​បើតាម​មន្ត្រី​ជាន់ខ្ពស់​។

ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ការហ្វឹកហាត់​របស់​សិក្ខាកាម​នៅ​ព្រឹក​ថ្ងៃទី​ ១ ខែកញ្ញា លោក​ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិការ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​បាន​ថ្លែងថា សិក្ខាកាម​ទាហាន​មួក​ខៀវ​ទាំង​ ៣៧ ​រូប​ បាន​ធ្វើ​លំហាត់​ហ្វឹកហ្វឺន​លើ​មុខ​ជំនាញ​សង្គ្រោះ​នេះ រយៈពេល​ ១ ​ខែ ដោយបាន​ចាប់ផ្ដើម​កាល​ពីថ្ងៃ​ទី​ ១៨ ខែសីហា ឆ្នាំ​ ២០២១​។

ក្រោយ​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន​នេះ សិក្ខាកាម​ទាំងអស់​នឹង​ត្រូវ​បន្ត​ហ្វឹកហាត់​បន្ថែមទៀត​លើ​ប្រព័ន្ធ​បញ្ជា​កាណូត រុញ​ពោង​ស្ពានដែក​ចល័ត (PMP) ​ជា​សាឡង់ ជា​ស្ពាន​ពោង​បណ្តែត​ទឹក និង​រថយន្ត​ស្ពាន​ដែក​ចល័ត​ (TMM)​។

លោក​បាន​បញ្ជាក់ថា​៖ «​ការហ្វឹកហ្វឺន​លើ​មុខជំនាញ​ដ៏ចាំបាច់​ទាំងនេះ គឺ​សម្រាប់​យកទៅ​អនុវត្ត​ក្នុង​បេសកកម្ម​អង្គការ​សហប្រជាជាតិ​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ក្នុង​ឆ្នាំ​ ២០២២ ​ខាងមុខនេះ​»​។

បើតាម​ប្រសាសន៍​របស់លោក​ សែម សុវណ្ណនី ដើម្បី​ធានា​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ សិក្ខាកាម និង​គ្រូបង្វឹក​ទាំងអស់​ត្រូវបាន​តម្រូវឱ្យ​យក​សំណាក​ទៅធ្វើ​តេស្ត​រក​មេរោគ​កូវីដ​ ១៩ ​មុន​អនុញ្ញាត​ឱ្យចូល​ហ្វឹកហាត់​ និង​បង្ហាត់​។ ទន្ទឹមនឹងនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្តល់​ឱ្យ​អូប័រ​មួយចំនួន​សម្រាប់​ធ្វើការ​ហ្វឹកហាត់​ជំនាញ​នេះ​ផងដែរ​។

ទោះជា​យ៉ាងណា មកទល់​ពេល​នេះ មជ្ឈមណ្ឌល​នៅ​ពុំទាន់​ទទួលបាន​សេចក្ដី​ជូន​ដំណឹង​ពី​អង្គការ​សហប្រជាជាតិ​ជុំវិញ​សំណើសុំ​ការប្ដូរវេន​នៃ​កងកម្លាំង​មួក​ខៀវ​កម្ពុជា សម្រាប់​បេសកកម្ម​ក្នុង​ប្រទេស​អាហ្វ្រិក​កណ្ដាល​នោះ​នៅឡើយ​ទេ​។ នេះ​បើតាម​មន្ត្រី​ទទួលបន្ទុក​ការងារ​បញ្ជូន​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ទៅ បំពេញ បេសកកម្ម​នៅក្រៅ​ប្រទេស ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​។

ប្រភព​ដដែល​នោះបាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ជាទូទៅ​កងកម្លាំង​មួក​ខៀវ​កម្ពុជា តែងតែ​ហ្វឹកហាត់​លើ​គ្រប់​វិញ្ញាសា​ទាំងអស់ ដែល​បាន​តម្រូវ​ដោយ​ជំនាញការ​បច្ចេកទេសរ​បស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​បេសកកម្ម​រក្សា​សន្តិភាព មុនពេល​ត្រូវបាន​បញ្ជូនទៅ​បំពេញបេសកកម្ម​ការងារ​តាម​ការស្នើសុំ​របស់​អង្គការ​សហប្រជាជាតិ​»​។

បើតាម​ការអះអាង​ពី​ប្រភព​ដដែល​នោះ នៅពេលនេះ គ្រប់​កងកម្លាំង​ទាំងអស់ នៃ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព គឺ​សុទ្ធតែ​មាន​សមត្ថភាព​ពេញលេញ ក្នុងការ​បំពេញ​ការងារ​បេសកកម្ម​របស់ខ្លួន​ទៅតាម​មុខជំនាញ​ឯកទេស​រៀងៗ​ខ្លួន ស្របតាម​តម្រូវការ​ជាក់ស្ដែង​របស់​ក្រុម​ជំនាញ​ការបេសកកម្ម​អង្គការសហប្រជាជាតិ​។

ជាមួយ​គ្នា​នេះដែរ មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ក៏​កំពុង​រង់ចាំ​ការផ្ដល់​ដំណឹង​អំពី​កាលបរិច្ចេទ និង​មធ្យោបាយ​ដឹកជញ្ជូន​ជាក់លាក់​ពី​ថ្នាក់ដឹកនាំ​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​តែប៉ុណ្ណោះ​៕