The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - រាជបណ្ឌិត្យសភា​នឹង​ដាំ​កូនឈើ​ ៤ ​ពាន់​ដើម​នៅ​ចម្ការ​ឈើ​តេជោសែន




រាជបណ្ឌិត្យសភា​នឹង​ដាំ​កូនឈើ​ ៤ ​ពាន់​ដើម​នៅ​ចម្ការ​ឈើ​តេជោសែន

Content image - Phnom Penh Post
លោក សុខ ទូច ចុះ​ពិនិត្យ​ព្រៃ​ក្នុង​តំបន់​ឧទ្យាន​ដែល​គេ​ដុត​កន្លងមក​។ រូបថត សហការី

រាជបណ្ឌិត្យសភា​នឹង​ដាំ​កូនឈើ​ ៤ ​ពាន់​ដើម​នៅ​ចម្ការ​ឈើ​តេជោសែន

ព្រះវិហារៈ និស្សិត​ប្រមាណ ៥០ ​នាក់​មាន​គម្រោង​នឹងចូលរួម​សកម្មភាព ដាំ​កូនឈើ​ចំនួន ៤ ​ពាន់​ដើម នៅ​ថ្ងៃទី​ ៥ ខែកញ្ញា នៅ​ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​តេជោសែន​ឫស្សីត្រឹប ស្ថិតក្នុង​ឃុំ​ឆែប​ ១ ស្រុក​ឆែប ខេត្ត​ព្រះវិហារ ស្ថិតក្នុង​តំបន់​ចម្ការ​ឈើ​តេជោសែន ក្រោយពី​មាន​ការលួច​ដុតបំផ្លាញ​កាលពី​រដូវប្រាំង​កន្លង​មកនេះ​។

លោក សូត្រ សំណាង ប្រធាន​ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​តេជោសែន​ឫស្សីត្រឹប​ថ្លែងប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ នៅ​ថ្ងៃទី​ ១ ខែកញ្ញា​នេះ​ថា ពិធី​ដាំ​កូនឈើ​នោះ បេក្ខជន​បណ្ឌិត និង​និស្សិត​នៃ​រាជបណ្ឌិត្យសភាកម្ពុជា និង​មន្ដ្រី​នៃ​រដ្ឋបាល​ខេត្ដ​កំពង់ស្ពឺ​ប្រមាណ ៥០ ​នាក់​នឹង​ចូលរួម​ដាំ​លើ​ផ្ទៃដី​ជាង ១ ​ហិកតា​។ ដោយហេតុ កាលពី​រដូវប្រាំង​នា​ឆ្នាំនេះ ជនខិលខូច​បាន​លួច​ដុត​ព្រៃ​ក្នុង​ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​តេជោសែន​ឫស្សីត្រឹប​ឆេះ​រាលដាល​អស់​ព្រៃឈើ​ប្រមាណ ៧ ​ម៉ឺន​ដើម​លើ​ផ្ទៃដី​ប្រមាណ ២៥០ ​ហិកតា ក្នុង​នោះ​ឆេះ​ព្រៃឈើ​ត្រង់ចំណុច​ចម្ការ​ឈើ​តេជោសែន​អស់ ៦ ​ហិកតា​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ដើមឈើ​នោះ​ឆេះ​មែន ប៉ុន្ដែ​ត្រង់ចំណុច​ចម្ការ​តេជោសែន ដែល​បាន​ដាំ​កូនឈើ​ធ្នង់ គឺ​វា​មាន​ការដុះ​លាស់​ឡើងវិញ វា​ត្រូវគេ​ដុត​ ៣ ​ដង​ហើយ ប៉ុន្ដែ​នៅ​អាច​លូតលាស់​ឡើងវិញ​បាន​ទៀត ដូច្នេះ​កូនឈើ​ធ្នង់​ដែល​យើង​យក​ទៅ​ដាំ គឺ​សុទ្ធតែ​កូនឈើ​ធ្នង់​ដែល​វា​មាន​ភាព​ធន់ខ្លាំង​»​។

លោក សំណាង ថ្លែងថា ចម្ការ​ឈើ​តេជោសែន​នេះ ពេល​ដែល​ចាប់ផ្ដើម​ធ្វើការងារ​អភិរក្ស​ដំបូង គឺ​នាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន​ទៅ​ដាំ​ដោយផ្ទាល់​កាលពី​ថ្ងៃទី​ ១៨ ខែឧសភា ឆ្នាំ​ ២០១៨ ប៉ុន្ដែ​ចម្ការ​ឈើ​នេះ វា​ត្រូវបាន​ភ្លើង​ឆេះ​ជាច្រើនលើក​។

លោក​បាន​ថ្លែងថា​៖ «​យើង​ត្រូវ​ដាំ​បំពេញបន្ថែម​នៅ​ចំណុច​នេះ​។ តាម​ចំនួន​ឈើ ៤ ​ពាន់​ដើម​នេះ យើង​អាច​ដាំ​បាន​លើ​ផ្ទៃដី​ជាង ១ ​ហិកតា​»​។

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា និង​លោក វ៉ី សំណាង បេក្ខជន​បណ្ឌិត​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​ដែលជា​អភិបាលខេត្ត​កំពង់ស្ពឺ​នឹងចូលរួម​ពិធី​ដាំ​កូន​ធ្នង់​ចំនួន​ ៤ ​ពាន់​ដើម​នៅ​ឧទ្យាន​រាជបណ្ឌិត្យសភា​កម្ពុជា​តេជោសែន​ឫស្សីត្រឹប​នេះ​។ ក្នុងចំណោម​កូនឈើ​ចំនួន ៤ ​ពាន់​ដើម​នេះ គឺ​លោក វ៉ី សំណាង ឧបត្ថម្ភ​កូនធ្នង់​ចំនួន​ ៣ ​ពាន់​ដើម និង​ក្របី​ពូជ​ចំនួន​ ២ ​ក្បាល និង​លោក ជាម ប៉េអា បេក្ខជន​បណ្ឌិត​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ឧបត្ថម្ភ​កូន​ធ្នង់​ចំនួន​ ១ ​ពាន់​ដើម​។

លោក វ៉ី សំណាង ថ្លែងថា​៖ «​ការដាំ​កូនឈើ​នេះ គឺជា​ការបង្កើន​នូវ​គម្រប​ព្រៃឈើ​ឡើងវិញ​។ ទោះបីជា​នៅមាន​អ្នក​លួច​កាប់​ឈើ​ក៏ដោយ ក៏ប៉ុន្ដែ​បើសិនជា​យើង​គិតថា មាន​អ្នក​លួច​កាប់​ឈើ យើង​មិន​នាំគ្នា​ដាំ​ដើមឈើ​ឡើងវិញ​ទេ យូរៗ​ទៅ​ព្រៃឈើ​យើង​នឹង​បាត់បង់​ទៅ​អស់រលីង​តែម្ដង​ ដោយសារ​តែ​មានគំនិត​អាត្មានិយម​បែបនេះ​។ នៅពេល​យើង​នាំគ្នា​ដាំ​ដើមឈើ ខ្ញុំ​ជឿថា វា​ជា​សារ​មួយ​ពញ្ញាក់​អារម្មណ៍​ដល់​អ្នកប្រព្រឹត្ត​កំហុស កាប់​ដើមឈើ ហើយ​យូរៗ​ទៅ​អ្នក​ដែល​កាប់​ឈើ​នោះ​នឹង​ភ្ញាក់ខ្លួន​ដឹង​កំហុស ដោយសារ​តែ​ឃើញ​យើង​នាំគ្នា​ដាំ​ដើមឈើ រួម​នឹង​ការអនុវត្ដ​ច្បាប់​របស់​រាជរដ្ឋាភិបាល​។ ព្រោះ​ភាពទុច្ចរិត​នេះ​នឹង​ធ្វើឱ្យ​ជនទុច្ចរិត​ប្រឈមមុខ​ចំពោះ​ច្បាប់​នាពេល​ខាងមុខ​ទៀត​»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍