ភ្នំពេញៈ នៅ​ប្រទេស​កម្ពុជា ​កុមារ​ជាង​ ៣ លាន​នាក់ ​មិនបាន​ទៅ​សាលា​រៀន​ឡើយ ​ក្នុង​រយៈពេល​ភាគច្រើន​នា​ឆ្នាំ​កន្លង​ទៅ ​ដែល​បង្ក​ឡើង​ដោយ​ការបិទ​សាលា​រៀន​ចំនួន​២ដង ​ចាប់ពី​ខែមីនា ​ឆ្នាំ ២០២០​មក។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​សង្គ្រោះ​កុមារ​អន្តរជាតិ​(Save the Children)​​ចេញ​ផ្សាយ​នៅ​ថ្ងៃទី ១ ​ខែកញ្ញា​ ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននាថ្ងៃនេះ។

របាយ​ការណ៍​ចំនួន​ ១២ ទំព័រ​ របស់​អង្គការ​នេះ ​បានលើក​ឡើង​ថា ​ការបិទ​សាលា​នេះ​ដោយសារតែ​បញ្ហា​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។ ជា​មធ្យម ​ការបាត់​បង់​ពេល​វេលា​ចំនួន​ជិត​ ១០% ​នៃ​ពេលវេលា​សរុប​ ដែល​កុមារ​នឹង​ត្រូវ​ចូល​រៀន ​មិន​ត្រឹម​តែ​នឹង​បង្កឱ្យ​មាន​ការបាត់​បង់​ការរៀន​សូត្រ​គួរឱ្យ​កត់សម្គាល់​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​វា​ថែមទាំង​ធ្វើឱ្យ​កុមារ​ជាច្រើន​ប្រឈម​នឹង​ហានិ​ភ័យ​នៃ​ការឈប់​រៀន​ទាំង​ស្រុង។

អង្គការ​សង្គ្រោះ​កុមារ​អន្តរជាតិ​បញ្ជាក់ថា​៖ «នៅ​ទូទាំង​សកលលោក​ កុមារ​ជាង ​១,៥ ពាន់​លាន​នាក់​ មិនបាន​ទៅសាលា​រៀន​ ដោយ​សារ​ការបិទ​សាលា​រៀន ​ដែល​បណ្តាល​មកពី​ជំងឺ​កូវីដ ១៩ ​ចាប់​តាំងពី​ដើម​ឆ្នាំ ២០២០​ មក។ នេះ​ជាលើក​ដំបូង​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត ​ដែល​កុមារ​ទាំងអស់​ទទួល​រង​ការរំខាន​ចំពោះ​ការអប់រំ​របស់​ពួកគេ»។

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​នាពេល​ថ្មីៗ​កន្លង​មក​នេះ ​បានស្នើ​ឱ្យ​រដ្ឋមន្រ្តី​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​លោក ​ហង់ជួន ណារ៉ុន ​ពិភាក្សា​ជាមួយ​អភិបាល​រាជធានី​-ខេត្ត​ទាំងអស់ ​ដើម្បី​បើក​សាលារៀន​ឡើងវិញ​ នៅ​តាម​ទីតាំង​ ដែល​គ្មាន​ការឆ្លង​រីក​រាល​ដាល​ជំងឺ​កូវីដ ១៩។

បន្ទាប់​ពី​មាន​ការស្នើ​ដូច​នេះ ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​បានណែនាំ​នូវ​គោលការណ៍​សំខាន់ៗ​មួយចំនួន​ដល់​មន្ទីរ​អប់រំ​ យុវជន ​និង​កីឡា​រាជធានី​-ខេត្ត ​ការិយាល័យ​អប់រំ ​យុវជន ​និង​កីឡា ​នៃ​រដ្ឋបាល​ក្រុង​-ស្រុក​-ខណ្ឌ ​គ្រប់​គ្រឹះ​ស្ថាន​សិក្សា​សាធារណៈ​និង​ឯកជន ​មាតាបិតា ​សិស្សា​នុសិស្ស ​ស្តីពី​ការបង្រៀន ​និង​រៀន​តាម​បណ្ដុំ​នៅតាម​គ្រឹះស្ថាន​សិក្សា ​នៅ​ភូមិ​សាស្ត្រ ​ដែល​មាន​ហានិភ័យ​ទាប៕

វីដេអូ៖