ភ្នំពេញៈ ក្នុង​រយៈពេល​ ៧ ​ខែ ឆ្នាំ​ ២០២១ ​នេះ អង្គភាព CMAC បានធ្វើ​ការរំដោះ​ផ្ទៃដី​ចម្ការមីន និង​ចម្ការ​គ្រាប់​សរុប​ចំនួន ៦៤ ៥៦២ ៥៣៩ ​ម៉ែត្រការ៉េ ស្មើនឹង ៩៨,៦០% នៃ​ផែនការ​ ៧ ​ខែ ​ក្នុង​ឆ្នាំ​ ២០២១​។

លោក ហេង រតនា អគ្គនាយក​អង្គភាព​ស៊ីម៉ាក់​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​កាលពី​ថ្ងៃទី​ ៣០ សីហា​ថា លទ្ធផល​កិច្ចប្រតិបត្តិការ​រំដោះ​ផ្ទៃដី​ចម្ការមីន និង ចម្ការ​គ្រាប់ រួមជាមួយ​នឹង​ការបោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ក្នុង​រយៈពេល​នេះ ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​លទ្ធផល​គួរ​ជា​ទីមោទនៈ​។

ជាមួយ​គ្នា​នេះ​កិច្ចប្រតិបត្តិការ​នេះ​បាន​រុករក​ឃើញ និង​កម្ទេចចោល​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ គ្រប់​ប្រភេទ​សរុប​ចំនួន ៣១ ៦៦៥ ​គ្រាប់​។ ទន្ទឹមនឹងនេះ​ក៏​បាន​ធ្វើការ​អប់រំ​ពី​គ្រោះថ្នាក់​ ដោយសារ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ដល់​ក្រុម​គោលដៅ​បាន​ចំនួន ៨ ៩៩៧ ​លើក ស្មើនឹង​ ៣០០ ៤៣០ ​ខ្នង​ផ្ទះ និង​មាន​ប្រជាពលរដ្ឋ​ចូលរួម​សរុប​ចំនួន​ ៦០ ​ម៉ឺន​នាក់​។

លោក ហេង រតនា​ថ្លែងថា​៖ «​ជាមួយ​គ្នា​នេះ ក្នុងន័យ​ពង្រឹង​ភាព​ជា​ម្ចាស់ និង​សមត្ថភាព​របស់​អង្គភាព​ផង​នោះ នៅ​ដើមឆ្នាំ​ ២០២១ ​នេះ អង្គភាព​បាន​ខិតខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ដ​ផងដែរ​»​។

ទោះបីជា​ស្ថិត​ក្នុង​ស្ថានភាព​ដ៏លំបាក​ដោយសារ​ជំងឺ​កូវីដ​ ១៩ ​ក៏ដោយ ក៏​លោក ហេង រតនា បញ្ជាក់ថា ក្នុង​រយៈពេល​ ៧ ​ខែ ឆ្នាំ​ ២០២១ ​នេះ អង្គភាព​ស៊ីម៉ាក់​មាន​លទ្ធភាព​បន្ដ​កៀរគរ​ជំនួយ និង​អនុវត្ត​គម្រោង​កម្មវិធី​នានា​សរុប​ចំនួន​ ៤៣ ​គម្រោង​ក្នុងនោះ​គម្រោង​កំពុង​ដំណើរការ​មាន​ចំនួន​ ២៣ ​គម្រោង គម្រោង​កំពុង​ចរចា​មាន​ចំនួន​ ១០ ​គម្រោង គម្រោង​ដែល​រំពឹងទុក​មាន​ចំនួន​ ៤ ​គម្រោង​។

លោក​បញ្ជាក់ថា​៖ «​ជារួម ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អង្គភាព​ទាំងមូល​ក្នុង​រយៈពេល​ ៧ ​ខែ ដើមឆ្នាំ​ ២០២១ ​នេះ​អាច​ដំណើរការបាន និង​មិន​ប៉ះពាល់​ដល់​កម្លាំង​ប្រតិបត្តិការ​ឡើយ ទោះបី​គម្រោង​មួយចំនួន​មាន​ការយឺតយ៉ាវ​ខ្លះ​ក៏ដោយ​»​។

ភ្នំពេញ​ប៉ុស្តិ៍ មិនអាច​ទាក់ទង​លោក ហេង រតនា ដើម្បី​សុំ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃទី​ ១ ខែកញ្ញា ឆ្នាំ​ ២០២១​។

លោក សំ វិរៈ ប្រធាន​មជ្ឈមណ្ឌល​កងឯកភាព​កំចាត់មីន​ទី​ ១ ​នៃ CMAC ប្រចាំខេត្ត​បន្ទាយមានជ័យ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៣០ ខែសីហា ថា នៅពេលដែល​អង្គភាព​ស៊ីម៉ាក់​មិនទាន់​បាន​បោសសម្អាត រំដោះ​គ្រាប់មីន​ចេញពី​ចម្ការមីន​ ឬ​ចម្ការ​ដែលមាន​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​មិនបាន​បញ្ជាក់​ពី​តំបន់​ដែលមាន​សុវត្ថិភាព នោះ​ប្រជាពលរដ្ឋ​ក៏​មិនអាច​ចូលទៅ​បង្កបង្កើនផល​ក្នុង​ការជំរុញ​ឱ្យ​មាន​ជីវភាព​រីកចម្រើន​បានដែរ ព្រោះ​ពួកគាត់​ខ្លាច​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​។

លោក​បាន​ថ្លែងថា​៖ «​យើង​អាច​បញ្ជាក់ជូន​គាត់​បាន នៅពេល​ដែល​យើង​បោសសម្អាត​រួចហើយ បើ​នៅទេ យើង​មិន​ហ៊ាន​អះអាង​ទេ​ថា ដី​នោះ​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ការបង្កបង្កើនផល​កសិកម្ម ឬ​អភិវឌ្ឍន៍​ផ្សេងៗ​»​។

លោក​បន្តទៀតថា ដោយឡែក​ការបោសសម្អាត​មីន ក៏ដូចជា​រំដោះ​ផ្ទៃដី​ចម្ការមីន និង​គ្រាប់​មិនទាន់​ផ្ទុះ នៅក្នុង​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ​កំពុងតែ​ប្រព្រឹត្ត​ទៅដោយ​លូន និង​ស្របតាម​ផែនការ​ដែល​បានកំណត់ ៥០០ ហិកតា ក្នុង ១ ​ឆ្នាំ​។

លោក​បន្តថា បច្ចុប្បន្ននេះ អង្គភាព​ស៊ីម៉ាក់​ប្រចាំខេត្ត​បន្ទាយមានជ័យ បាននិង​កំពុង​អនុវត្ត​នៅក្នុង​ស្រុក​ចំនួន​ ៤ ដែល​នៅជាប់​ព្រំដែន​រួមមាន​ស្រុក​ស្វាយចេក ស្រុក​ថ្មពួក ស្រុក​ម៉ាឡៃ និង​ស្រុក​អូរជ្រៅ និង​ ១ ​ទៀត​នៅក្នុង​ក្រុង​ប៉ោយប៉ែត ដែល​តំបន់​ទាំងនេះ​នៅតែ​មិនទាន់មាន​សុវត្ថិភាព​ទាំងស្រុង​នៅឡើយ​ ដោយសារ​តែ​កន្លែង​ខ្លះ​នៅមាន​គ្រាប់មីន​នៅឡើយ​។

បើតាម លោក សំ វិរៈ តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​គោលដៅ គឺ​ឱ្យ​បញ្ចប់​ការបោសសម្អាត​មីន និង​រំដោះ​ផ្ទៃដី​ឱ្យអស់​នៅក្នុង​ឆ្នាំ ២០២៥ ប៉ុន្តែ​នៅមាន​កិច្ចការ​មួយចំនួន​ទៀត ដែល​មិនទាន់​ស្រាវជ្រាវ​អស់ គឺ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅក្នុង​ទឹក​ដែល​កំពុង​ធ្វើ​រាល់ថ្ងៃនេះ និង​គ្រាប់​ដែលមាន​សារធាតុ​គីមី ដែល​ទម្លាក់​ដោយ​យន្តហោះ​សហរដ្ឋអាមេរិក​ក្នុង​ទសវត្សរ៍ ៧០ ក៏​នៅ​មិនទាន់បាន​ប្រមូល​អស់ និង​នៅ​ច្រើន​ផងដែរ​៕