The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - តាមរយៈ​កោសល្យវិច័យ នគរបាល​សន្និដ្ឋានថា សាកសព​ម្នាក់​អាច​ស្លាប់​ដោយសារ​ឃាតកម្ម




តាមរយៈ​កោសល្យវិច័យ នគរបាល​សន្និដ្ឋានថា សាកសព​ម្នាក់​អាច​ស្លាប់​ដោយសារ​ឃាតកម្ម

Content image - Phnom Penh Post
សមត្ថកិច្ចធ្វើ​កោសល្យវិច័យសាកសព​ម្នាក់ ​ដែល​ប្រទះឃើញ​សព​កប់​ក្នុង​ដី នៅ​ភូមិ​បាស្រែ ឃុំ​ដូនបា ស្រុក​គាស់ក្រឡ កាលពីថ្ងៃទី ៣១ សីហា។ រូបថត ហ្វេសប៊ុក

តាមរយៈ​កោសល្យវិច័យ នគរបាល​សន្និដ្ឋានថា សាកសព​ម្នាក់​អាច​ស្លាប់​ដោយសារ​ឃាតកម្ម

បាត់ដំបងៈ នគរបាល​ជំនាញ​ខេត្ត​បាត់ដំបង​កំពុង​ធ្វើ​កោសល្យវិច័យ​ពិនិត្យ​សាកសព​បុរស​ម្នាក់ ដែល​សមត្ថកិច្ច​នគរបាល​សន្និដ្ឋានថា ជនរងគ្រោះ​អាច​ត្រូវបាន​គេ​វាយ​ក្បាល​សម្លាប់ បន្ទាប់ពី​គេ​ប្រទះឃើញ​សព​កប់​ក្នុង​ដី នៅ​ភូមិ​បាស្រែ ឃុំ​ដូនបា ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី​ ៣១ ​សីហា​។

លោក​ ជាម ជម្ពូរ័ត្ន នាយការិយាល័យ​នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ ខេត្តបាត់ដំបង​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១ ​កញ្ញា​ថា ជនរងគ្រោះ ឈ្មោះ​ យ៉ង សារ៉ាត់ ភេទ​ប្រុស អាយុ​ ៤៥ ​ឆ្នាំ រស់នៅ​ភូមិ​បាស្រែ ឃុំ​ដូនបា ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។ បើតាម​សាច់ញាតិ​របស់​ជនរងគ្រោះ​ប្រាប់​លោក​ថា គាត់​ជា​មនុស្ស​មាន​សតិ​មិន​គ្រប់ និង​គ្មាន​ប្រពន្ធ​កូន​ទេ​។

លោក​បន្តថា បើតាម​ការពិនិត្យ​របស់​មន្ត្រី​ជំនាញ​ឃើញថា នៅលើ​ក្បាល​សាកសព ឃើញ​មាន​ស្លាកស្នាម​ដែល​មិនមែន​ជា​ករណី ស្លាប់​ធម្មតា​នោះទេ​។ នៅ​ផ្នែក​ក្បាល​សាកសព​មាន​ប៉ះទង្គិច​ខ្លាំង​នឹង​វត្ថុ​រឹង​មួយ ហើយ​សាកសព​មាន​សភាព​ហើមរលួយ​ផង​។

លោក​ ជម្ពូរ័ត្ន ​បញ្ជាក់ថា​៖ «​យើង​ពិនិត្យ​ទៅ​ឃើញ​មាន​ស្នាម​ទ្រុឌ​ចំ​លលាដ៍ក្បាល​។ ហេតុដូច្នេះ​មិនមែន​ជា​ករណី​ស្លាប់​ធម្មតា​។ ​នេះ​ជា​ការសន្និដ្ឋាន​របស់​យើង​ដោយ​ផ្អែកលើ​ស្លាកស្នាម​នៅ​ក្បាល​ជនរងគ្រោះ​»​។

លោក​បន្ថែមថា មុន​មាន​ការឆោឡោ​ដឹង​ពី​សាកសព​នេះ គឺមាន​បុរស​ម្នាក់​កំពុង​ភ្ជួរ​ដីស្រែ ហើយក៏​ស្រាប់តែ​ធំក្លិន​ស្អុយ​ភាយ​ចេញពី​ព្រៃរបោះ​ក្បែរ​កន្លែង​ភ្ជួរ​ដី​។ ពេលនោះ​បុរស​អ្នក​ភ្ជួរ​ដី​បាន​ប្រាប់​ឱ្យ​កូនប្រុស​របស់គាត់​ម្នាក់​ទៅពិនិត្យ​មើល​កន្លែង ដែល​ធំក្លិន​នោះ ក៏​ឃើញ​ជើងមនុស្ស​នៅ​កប់​ក្នុង​ដី​ជម្រៅ​រាក់ៗ ហើយក៏​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​ឃុំ​ដូន​បា​តែម្តង​។

ពាក់ព័ន្ធ​ករណីនេះ​លោក​ កោ ស៊ុនកាំង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្តបាត់ដំបង​ឱ្យដឹង​នៅ​ថ្ងៃទី​ ១ កញ្ញា ថា ចំពោះ​ស្លាកស្នាម ដែល​សមត្ថកិច្ច​ពិនិត្យឃើញ​នៅលើ​ក្បាល​សាកសព គឺ​សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ​សន្និដ្ឋានថា ជា​ករណី​ឃាតកម្ម​។ ប៉ុន្តែ​សាកសព​បាន​ប្រែប្រួល​ទ្រង់ទ្រាយ​ដើម​អស់ហើយ​ ដោយសារ​សាច់​ហើមរលួយ​។

លោក​ប្រាប់​ដោយយោង​ការសន្និដ្ឋាន​ថា ជនរងគ្រោះ​អាច​ស្លាប់​ប្រហែល​ចន្លោះ​ពី​ ៦ ទៅ ៧ ​ថ្ងៃ មុន​ការប្រទះឃើញ​។

លោក​ថា​៖ «​យើង​បានដាក់​ការសង្ស័យថា​ជា​ករណី​ឃាតកម្ម​។ យើង​នឹង​ធ្វើការ​ស្រាវជ្រាវ​បន្តទៀត​ ដើម្បី​ស្វែងរក​ជនល្មើស​»​។

លោក​ ស៊ុនកាំង ​ប្រាប់ថា ក្រោយពី​សមត្ថកិច្ច​របស់​លោក​ត្រួតពិនិត្យ​សាកសព និង​នគរបាល​ជំនាញ​ធ្វើ​កោសល្យ​វិច័យ​សាកសព​រួចរាល់ សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទគួរចាប់អារម្មណ៍