ភ្នំពេញៈ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គជប)​ ប្រកាសឱ្យ​ពលរដ្ឋ​ទាំងអស់​ត្រូវ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ចុះឈ្មោះ​បោះឆ្នោត​ ឆ្នាំ ២០២១​ ដែល​នឹង​ត្រូវ​ចាប់ផ្តើម​ពី​ថ្ងៃទី ១២ ​ខែតុលា ​ដល់​ថ្ងៃទី ៣០ ​ខែវិច្ឆិកា ​នៅតាម​សាលា​ឃុំ-សង្កាត់ ​និង​នៅតាម​ភូមិ​មួយចំនួន​ក្នុង​ឃុំ-សង្កាត់​ទូទាំង​ប្រទេស ​សម្រាប់​យក​ទៅ​ប្រើប្រាស់ ​ក្នុង​ការបោះ​ឆ្នោត​ឆ្នាំ ២០២២ ។

សេចក្តី​ជូនដំណឹង​ដែល​ចុះហត្ថលេខា ​ដោយ​លោក​ ប្រាជ្ញ ច័ន្ទ ​ប្រធាន​ គ.ជ.ប.​ កាលពី​ថ្ងៃទី ១ ​ខែកញ្ញា ​ការពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ការចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ២០២១ ​មាន​គោលដៅ​ធានា​ឱ្យ​បញ្ជី​បោះឆ្នោត​មាន​ភាពពេញលេញ ​ភាពត្រឹមត្រូវ ​និង​មាន​បច្ចុប្បន្នភាព​ប្រកប​ដោយ​សុវត្ថិភាព​ តាមរយៈ​ការស្រង់ ​និង​លុប​ឈ្មោះ​អ្នក​បោះឆ្នោត ​ដែលបាន​ទទួល​មរណភាព។ លុប​ឈ្មោះ​អ្នកបោះឆ្នោត​ ដែល​ត្រូវបាន ​ដកហូត​សិទ្ធិ​បោះ​ឆ្នោត​ជាបណ្តោះ​អាសន្ន ​និង​លុប​ឈ្មោះ​អ្នកបោះឆ្នោត​ ដែល​ផ្លាស់​លំនៅឋាន​ ឬ​ទីសំណាក់​ចេញទៅ​ឃុំ-សង្កាត់​ផ្សេង ​ដោយ​មាន​ឯកសារ​ជា​សំអាង​ត្រឹមត្រូវ ​និង​ច្បាស់លាស់ ​ដើម្បី​លុប​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត។

សេចក្តី​ជូនដំណឹងបន្តថា ​ការពិនិត្យ​បញ្ជី​ឈ្មោះ​នេះ ​ដើម្បីកែតម្រូវ​ឈ្មោះ ​ឬ​ទិន្នន័យ​អ្នកបោះឆ្នោត​ តាម​សំណើ​របស់​សាមីខ្លួន​ដោយ​ផ្អែក​លើ​ឯកសារ​សំអាង។ ដោយឡែក​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​មាន​សិទ្ធិ​បោះឆ្នោត ​ហើយ​មិនទាន់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ពី​មុន​មក ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​អាយុ​ ១៨ ឆ្នាំ​ឡើង ​(កើត​មុន​ ឬ​កើត​ត្រឹម​ថ្ងៃទី ៦ ​ខែ មិថុនា ​ឆ្នាំ ២០០៤) ​ប្រជាពលរដ្ឋ​ខ្មែរ​ដែលបាន​ផ្លាស់​លំនៅឋាន​ ឬ​ទីសំណាក់​ចូល​ក្នុង​ឃុំ ​សង្កាត់​ថ្មី ​ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ឃុំ-​សង្កាត់​ ដែល​សាមីខ្លួន​កំពុង​រស់នៅ​ ឬ​ស្នាក់​អាស្រ័យ​នៅ ។

លោក ​ហង្ស ពុទ្ធា ​អ្នក​នាំពាក្យ​គ.ជ.ប. ​បញ្ជាក់ថា ​ការពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នេះ​ គឺ​ដើម្បី​ជឿជាក់​ថា ​ប្រជាពលរដ្ឋ​ទំាងអស់ ​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត។ ប៉ុន្តែ ​បើ​ពិនិត្យ​ឃើញ​មាន​ភាព​មិនប្រក្រតី​ ដូចជា​ខុស​អក្ខរាវិរុទ្ធ​ ឬ​ខុស​ទិន្ន័យ​អ្វី​មួយ​អាច​ស្នើសុំ​កែតម្រូវ​នៅតាម​ការិយា​ល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​នោះ​បាន។ មួយ​វិញ​ទៀត​ នៅពេល​ដែល​ឃើញ​ឈ្មោះ ​ក្នុង​បញ្ជី​បោះឆ្នោត​ មិនទាន់​គ្រប់​លក្ខខណ្ឌ ​ដូចជា​អាយុ​ក្រោម​ ១៨ ឆ្នាំ ​ប៉ុន្តែ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ​ក៏​ត្រូវ​កែសម្រួល​ដែរ។

លោក​បន្តថា​ ដោយឡែក​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ផ្លាស់​ទីលំនៅ​ពី​ទីតាំង​ចាស់​មក​រស់នៅ​ទីតាំង​ថ្មី​ អ្នក​ដែល​មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​ត្រឹម​ត្រូវ​ និង​ពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី​ ១៨ ឆ្នាំ​ឡើង​ទៅ ​ត្រូវ​ទៅ​ចុះ​ឈ្មោះ​នៅ​ឃុំ​សង្កាត់​ដែល​ខ្លួន​រស់នៅ​នោះ។

លោក​ថ្លែងថា​៖ «ជា​រៀងរាល់​ឆ្នាំ ​ច្បាប់​តម្រូវឱ្យ ​គជប​ ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត ​តាមរយៈ​ការចុះ​បញ្ជី​ និង​ពិនិត្យ​ឈ្មោះ​បោះឆ្នោត​នេះ ​ដែល​មានរយៈ​ពេល​ ៣០ ថ្ងៃ ​សម្រាប់​បញ្ជី​បោះឆ្នោត​ដែល​អត់​ត្រូវ​យកទៅ​ប្រើប្រាស់​ការបោះ​ឆ្នោត។ ប៉ុន្តែសម្រាប់​បញ្ជី​បោះឆ្នោត​ ឆ្នាំ ២០២១ ​នេះ​ យក​ទៅ​ប្រើប្រាស់​នៅ​ឆ្នាំ ២០២២»។

បើ​តាម​លោក​ ហង្ស ពុទ្ធា ​សម្រាប់​ការពិនិត្យ ​និង​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ ​ត្រូវបាន​ធ្វើឡើង​ស្របតាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ និង​រាជរដ្ឋាភិបាល ​គឺ​ (៣ កុំ ​៣ ការពារ) ​កុំឱ្យ​មាន​ការឆ្លង​នូវ​ជំងឺ​កូវីដ ១៩ ​និង​លើក​ទឹកចិត្ត​ឱ្យមាន​ការចាក់​វ៉ាក់សំាង​ឱ្យបាន​គ្រប់​គ្នា ​សម្រាប់​ខ្លួន​ឯង​ គ្រួសារ ​ដើម្បី​សុវត្ថិភាព ​និង​មាន​ភាពសុំា​ក្នុង​សហគមន៍​ទាំង​មូល។

លោក​ សំ គន្ធាមី ​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ ​និង​យុត្តិធម៌​ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី ​និងត្រឹម​ត្រូវ​នៅ​កម្ពុជា ​ហៅកាត់​ថា​ (និកហ្វិក)​ ឱ្យដឹងថា ​សម្រាប់​ការពិនិត្យ​ និង​ចុះឈ្មោះ​បោះឆ្នោត​ប្រចាំ​ឆ្នាំ​របស់ ​គ.ជ.ប.​ គឺ​ និកហ្វិក​មិនទាន់​មាន​គម្រោង​ដាក់​អ្នក​សង្កេត​ការណ៍​នៅ​តាម​ការិយាល័យ​នៅ​ឡើយ​ទេ។ ព្រោះ​ស្ថានភាព​នៃ​ជំងឹ​កូវីដ ១៩ ​មិនទាន់​ត្រូវបាន​បញ្ចប់​ វា​អាច​នឹង​ងាយ​ឆ្លង​ដល់​បុគ្គលិក​របស់​លោក។

ទោះជា​យ៉ាងណា ​លោកថា​ មិនទាន់​សម្រេច ​១០០% ​នៅ​ឡើយ​ទេ​លើ​បញ្ហា​នេះ ​ព្រោះ​អាច​មាន​ផែនការ​ក្នុង​ការសង្កេតការណ៍​ចល័ត ​ដោយ​មិន​ស្ថិត​ក្នុង​ការិយាល័យ​អចិន្ត្រៃយ៍​ដែល​មាន​មនុស្ស​ប្រមូល​ផ្តុំ​គ្នា ​ការពារ​កុំឱ្យ​ឆ្លង​ជំងឺ​កូវីដ ១៩។ ប៉ុន្តែ​បើ​ស្ថានភាព​នៃ​ការគ្រប់​គ្រង​ជំងឺ​កូវីដ ១៩​ បាន​ល្អ​និង​មិនមាន​ការឆ្លង​បន្ត​ទៀត​ អង្គការ​របស់​លោក​ នឹង​ដាក់​ភ្នាក់ងារ​សង្កេតការណ៍​នៅតាម​ការិយាល័យ ​ដើម្បី​ឃ្លាំ​មើល​ពី​ការពិនិត្យ​ឈ្មោះ ​និង​ចុះ​បញ្ជី​បោះ​ឆ្នោត​នេះ។

លោ​ថ្លែងថា​៖ «យើង​អត់​នៅ​ជុំគ្នា​ទេ ​យើង​ចល័ត។ បើ​នៅ​ជុំគ្នា​យើង​បារម្ភ​ពី​អ្នក​សង្កេតការណ៍​របស់​យើង​ ព្រោះ​វា​នៅ​មាន​កូវីដ​ផង។​ អ្នក​សង្កេត​ការណ៍​របស់​យើង​ជាអ្នក​ស័គ្រ​ចិត្ត។ បើ​លទ្ធភាព​ដែល​ច្រើន​ គឺ​ប្រហែល​ឱ្យ​ភ្នាក់ងារ​ធ្វើ​ការ​ចល័ត​ហើយ ​ព្រោះ​ស្ថានភាព​កូវីដ ​អត់​ថមថយ។ ប៉ុន្តែ​ បើ​វា​ធូរស្រាល​ច្រើន ​យើង​នឹង​ចូលរួម​ទៅ​តាម​ហ្នឹង​ដែរ»៕