ព្រះសីហនុៈ រដ្ឋ​បាល​ខេត្ត​ព្រះ​សីហនុ​សម្រេច​បន្ត​ដាក់​ចេញ​វិធាន​ការ​រដ្ឋ​បាល​ក្នុងភូមិ​សាស្ត្រខេត្ត​នេះ​រយៈ​ពេល​ ១៤ ថ្ងៃ​បន្ថែម​ទៀត​ គិត​ចាប់ពី​ម៉ោង​សូន្យនា​ថ្ងៃទី ៣​ ខែកញ្ញា​រហូតដល់​ថ្ងៃទី​ ១៦ ខែ កញ្ញា ឆ្នាំ​ ២០២១ ក្នុង​គោល​បំណង​ធានា​ដល់​ការ​អនុវត្ត​វិធាន​ការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាល​ដាល​នៃ​ជំងឺ​កូ​វីដ ១៩ ឱ្យមាន​​ប្រសិទ្ធ​ភាព​និង​ភាព​ជោគ​ជ័យ​។

តាម​សេចក្តី​សម្រេច​របស់​រដ្ឋ​បាល​ខេត្ត​ដែល​ចុះ​ហត្ថ​លេខា​ដោយ​លោក គួច ចំរើន អភិបាលខេត្ត​ព្រះ​សីហនុ​នៅ​ថ្ងៃទី ២ ខែ កញ្ញា​ ឆ្នាំ ២០២១ បាន​បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​នៃ​ការបន្ត​អនុវត្ត​វិធាន​ការ​រដ្ឋបាល​នេះ​ ត្រូវបាន​ហាម​ឃាត់​ការធ្វើ​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ក្លិប​កម្សាន្ត​គ្រប់​ប្រភេទ​ជាអាទិ៍​ ខារ៉ាអូខេ, រង្គសាល, ឌី​ស្កូ​តែ​ក និង​បៀ​រហ្គា​ឌិន,រោងភាពយន្ត, រោង​សម្ដែង​សិល្បៈ, ហាង​ម៉ាស្សា កោស-ជប់, ហាង​ស្ទី​ម-សូ​ណា ស្ប៉ា។ល។

សេចក្តីសម្រេច​បន្តថា ​រាល់​ការជួបជុំឬ​ការ​ប្រមូល​ផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ដែល​មាន​ការ​​ចូលរួម​លើសពី ​២០ (ម្ភៃ) នាក់ ត្រូវមាន​ការ​អនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​ លើកលែង​តែ​ការ​ជួបជុំ​សមាជិក​គ្រួសារ ដែល​រស់នៅ​ក្នុង​លំនៅ​ឋាន ឬ​ទី​សំណាក់​ជា​មួយ​គ្នា។

សេចក្តី​សម្រេចនេះ​​បញ្ជាក់​ទៀត​ថា ហាម​ឃាត់​ការជួបជុំ ឬ​ការ​ប្រមូល​ផ្ដុំ​មនុស្ស​ដើម្បី​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ និងរាល់​សកម្ម​ភាព​នៃ​កា​រជួប​ជុំឬ​ការ​ប្រមូល​ផ្តុំ​មនុស្ស,សកម្ម​ភាព​ការងារ មុខរបរ និង​អាជីវកម្ម​ដែល​ត្រូវបាន​អនុញ្ញាត ត្រូវ​អនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិ​បាល​ឱ្យបាន​ម៉ឹង​ម៉ាត់ ជាអាទិ៍ កាតព្វ​កិច្ច​ពាក់​ម៉ាស់ និង​កាតព្វ​កិច្ច​រក្សា​គម្លាត សុវត្ថិភាព​បុគ្គល និង​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ការធ្វើ​អនាម័យ​ដើម្បី​សម្លាប់​មេរោគ ការ​វាស់​កម្ដៅ និង​ការ​អនុវត្ត​វិធាន​ការសុខាភិ​បាល ប្រើប្រាស់​ប្រព័ន្ធ QR Code «ទប់ស្កាត់​កូ​វីដ» Stop Covid) ជា​ពិសេស​ត្រូវ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​បំផុត​នូវ​វិធានការ «៣​ ការពារ និង ៣ កុំ» ។

រដ្ឋបាល​ខេត្ត​បញ្ជាក់ថា បុគ្គល ឬ​នីតិ​បុគ្គល​ទាំង​ឡាយ​ណាដែល​មិន​អនុវត្ត​តាម​ខ្លឹមសារ​នៃ​សេចក្តី​សម្រេច​នេះនឹង​ត្រូវ​ទទួល​ទោស​ដូច​មាន​កំណត់​នៅ​ក្នុង​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាល​ដាល​នៃ​ជំងឺ​កូ​វីដ ១៩​ និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន​៕