កណ្ដាលៈ​ រាជរដ្ឋា​ភិបាល​កម្ពុជា​បាន​បដិ​សេធ​សំណើ​របស់​ក្រុម​ហ៊ុន​សំណង់​ «ឈ្នះ​ឈ្នះ» ដែល​ធ្វើឡើង​តាម​រយៈ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ​និងរដ្ឋ​បាល​ខេត្ត​កណ្តាល​ដើម្បី​ទិញ​ដី​បឹង​ទំហំ ​១ ០០០​ ហិកតា សម្រាប់​អភិវឌ្ឍ​ជាទី​ក្រុង​រណប​បែប​ទំនើប​មួយ​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ល្វា​ឯម ​ខេត្ត​កណ្ដាល​។

យោង​តាម​លិខិត​របស់​លោក ហ៊ីង ថូ​រ៉ា​ក់​ស៊ី រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃទី ២៧ ​ខែ សីហា ឆ្នាំ​ ២០២១ ដែល​ ភ្នំពេញ​ ប៉ុស្តិ៍​ ទទួល​បាន​នៅ​រសៀល​ថ្ងៃទី​ ២ ខែ កញ្ញា ​ឆ្នាំ ២០២១​ ទីតាំង​ដី​បឹង​ទំហំ ១ ០០០ ​ហិក​តា ដែល​ក្រុម​ហ៊ុន សំណង់ ​«ឈ្នះ ឈ្នះ» បាន​ស្នើសុំ​ដើម្បី​ធ្វើការ​អភិវឌ្ឍ​ជាទី​ក្រុង​រណប​បែប​ទំនើប និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗ​នោះ​ គឺ​ស្ថិត​នៅ​ក្នុង​ឃុំ​បា​រុង ស្រុក​ល្វា​ឯម ខេត្ត​កណ្ដាល​។

ក្នុង​លិខិត​នោះ លោក ថូ​រ៉ា​ក់​ស៊ី បាន​គូស​បញ្ជាក់​ថា៖ «ទីតាំង​ដី​ដែល​ក្រុមហ៊ុន​សំណង់​ឈ្នះ​ឈ្នះ​បាន​ស្នើសុំ​ទិញ​នោះ​ ជា​ផ្ទៃ​បឹង​ធម្មជាតិ​សម្រាប់​បម្រើ​ប្រយោជន៍​សាធារ​ណៈដែល​ចាំបាច់​ត្រូវ​រក្សាទុក​បឹង​នេះនិង​រក​វិធី​ជីក​ឲ្យ​បាន​ជ្រៅដើម្បី​រក្សា​ទឹក​។ ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់​និង​នេសាទ រដ្ឋបាល​ខេត្ត​កណ្ដាល ត្រូវ​បញ្ឈប់​ការទទួល​និង​លើក​សំណើ​តំបន់​នេះ​មក​ទៀត»​។

ជុំវិញ​ករណី​នេះ​ លោក​ វេ​ង សាខុន រដ្ឋ​មន្ត្រី​ក្រសួង​កសិក​ម្ម រុក្ខា​ប្រមាញ់ និងនេ​សាទ មិន​អាច​ទាក់​ទង​ស្នើសុំ​ការ​អត្ថាធិ​ប្បាយ​បាន​ទេ​ កាលពី​ល្ងាច​ថ្ងៃទី​ ២ ខែ កញ្ញា ឆ្នាំ​ ២០២១។​

លោក ​គង់ ​សោ​ភណ្ឌ ​អភិបាល​ខេត្ត​កណ្ដាល​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅរសៀលថ្ងៃទី ​២​ កញ្ញាថា កន្ល​ងមកខាង​ភាគី​ក្រុ​មហ៊ុន សំណង់ ​ឈ្នះ​ឈ្នះ បាន​ទាក់​ទង​ស្នើសុំ​ជាគោល​ការណ៍​ ដើម្បី​ទិញ​ដី​បឹង​ក្នុង​តំបន់​នោះ​ដើម្បី​អភិវឌ្ឍ​ជាទី​ក្រុង​រណប​ដ៏​ទំនើប​មួយ​នៅ​ក្នុង​ស្រុក​ល្វាឯម។ ដោយ​សារតែ​ដី​នោះ​ជា​ដី​រដ្ឋ ហើយ​ក្រុម​ហ៊ុន​ចង់​អភិវឌ្ឍ​ រដ្ឋបាល​ខេត្តចាំបាច់​ត្រូវ​លើក​ជា​សំណើ​ទៅ​ប្រមុខ​ថ្នាក់​ដឹក​នាំ​ដើម្បី​ពិនិត្យ​ពិចារ​ណា​និង​សម្រេច​។

លោក​ សោ​ភណ្ឌ​ បាន​បញ្ជាក់​ថា៖ «នៅ​ពេល​នេះ​យើង​ទទួល​បាន​គោល​ការណ៍ ពី​ថ្នាក់​ដឹក​នាំ​ឲ្យ​រក្សា​ដី​នេះ​ទុកជា​បឹង​ធម្មជាតិ និងរក​មធ្យោ​បាយ​ជីក​ស្ដារ​វា​ឲ្យ​ជ្រៅ ដើម្បី​រក្សា​ទឹក​ទុក​ប្រើ​ប្រាស់​ជា​ប្រយោ​ជន៍​សាធា​រណៈ ដូច្នេះ​យើង​ចាំបាច់​ត្រូវតែ​អនុវត្ត​តាម​គោល​ការណ៍​ណែនាំ​នេះ​ឲ្យ​បាន​ល្អ»​។

បើតាម​ការអះ​អាង​របស់​លោក សោ​ភណ្ឌ មក​ទល់​ពេល​នេះ រដ្ឋបាល​ខេត្តនៅ​មិនទាន់​មាន​គម្រោង​ក្នុង​ការជីក​ស្ដារ​បឹង​ធម្មជាតិ​ក្នុង​តំបន់​នោះ​នៅ​ឡើយ​ទេ ប៉ុន្តែ​រំពឹងថា​គម្រោង​នៃ​ការជីក​ស្ដារ​បឹង​ធម្ម​ជាតិ​ក្នុង​តំបន់​នោះ​ អាច​នឹង​កើ​តមាន​​នៅក្រោយ​ពេល​ការបិទ​បញ្ចប់​ព្រឹត្តិ​ការណ៍​នៃ​ការឆ្លង​រីក​រាល​ដាល​ជំងឺ​កូ​វិដ ​១៩ ជា​សហ​គមន៍។គម្រោង​នោះ​អាច​ជា​គម្រោង​របស់​ថ្នាក់​ជាតិ​ព្រោះ​វា​អាច​នឹងត្រូវ​ចំណាយ​ថវិកា​ច្រើន​រាប់​លាន​ដុល្លារ​៕

វីដេអូ៖