ភ្នំពេញៈ ​មន្ត្រី​បសុពេទ្យ​អះអាងថា ជំងឺ​ដុំ​ពក​ស្បែក​គោ​មាន​ប្រភព​ចម្លង​មកពី​ក្រៅប្រទេស​ហើយ​ពេលនេះ​មន្ត្រី​បសុពេទ្យ​កំពុង​ចុះ​ចាក់​វ៉ាក់សាំង​នៅ​តាម​គោលដៅ​សំខាន់ៗ ដើម្បី​ការពារ​កុំ​ឱ្យ​​មាន​ការរីក​រាលដាល​ប​ន្ថែ​ម​ទៀត​ នៅក្នុងខេត្ត បន្ទាយមានជ័យ​ បាត់ដំបង​ និងសៀមរាប​។

លោក ហ៊ុយ ទូច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី ២ ខែកញ្ញា​ បានថ្លែងថា មន្ត្រី​បសុពេទ្យ​ខេត្តបន្ទាយមានជ័យ​ទទួលបាន​វ៉ាក់សាំង​ការពារ​ជំងឺ​ដុំ​ពក​ស្បែក​គោ​សម្រាប់​ចាក់ឱ្យសត្វ​ចំនួន​ ១ ០០០ ក្បាល ដែល​ពេលនេះ​កំពុង​រៀបចំ​ចុះ​ចាក់​នៅតាម​គោលដៅ​សំខាន់ៗ ដើម្បី​ការពារ​កុំ​ឱ្យ​មានការ​ឆ្លង​រាលដាល​បន្ថែមទៀត​។

លោក​ថ្លែងថា​៖ «​យើង​ចាក់​នៅ​តំបន់​អាទិភាព ដែល​មានន័យថា ជា​តំបន់​មួយ​ដែល​ជាប់​ព្រំប្រទល់​ថៃ​របស់​ប្រជាកសិករ​យើង​ដែល​គាត់​ច្រើនតែ​ចិញ្ចឹម​នៅ​វាលស្មៅ​ធម្មជាតិ នៅ​កន្លែង​ប្រ​មូ​លផ្តុំគ្នា​»។

បើតាម ​លោក ហ៊ុយ ទូច ស្ថានភាព​ជំងឺ​ដុំ​ពក​ស្បែក​គោបា​ន​ធូរស្បើយ​ច្រើន​ហើយ​ ទោះបីជាក្នុងរយៈពេល ​២ ​ខែ គិត​ចាប់ពី​ខែមិថុនា រហូតមកដល់​ថ្ងៃទី ២ ខែ​កក្កដា ខេត្តបន្ទាយមានជ័យ​មាន​សត្វ​ឈឺ​ជំងឺ​ដុំ​ពក​ស្បែក​គោ​ជាង ១០០០ ក្បាល ងាប់​កូន​គោ​ជាង​ ៤០ ​ក្បាល ចំណែក​នៅក្នុង​ខែសីហា​មិនទាន់មាន​ព័ត៌មាន​ថ្មី​អំពី​សត្វ​ឈឺ​ជំងឺ​ដុំ​ពក​នេះ​ទៀត​ទេ។

លោក ប៉ែន សេដ្ឋា ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តបាត់ដំបង ថ្លែង​នៅ​ថ្ងៃទី ២ ខែកញ្ញា ថា ស្ថានភាព​ជំងឺ​ដុំ​ពក​ស្បែក​គោ​នៅ​ខេត្តបាត់ដំបង ជាពិសេស​នៅ​ស្រុក​ជាប់​ព្រំដែន​ថៃ​ដែល​ធ្លាប់​មាន​ជំងឺ​នេះ បាន​ជា​​សះស្បើយ​ជិត​អស់ហើយ។ ប៉ុន្តែ​ជំងឺ​នេះ​កំពុងមាន​ការឆ្លង​រប៉េះរប៉ោះ ដែល​មន្ត្រី​ប​សុ​ពេ​ទ្យ​កំពុង​ចុះ​ចាក់​វ៉ាក់សាំង និង​ណែនាំ​ពលរដ្ឋ​ឱ្យ​​មានការ​ប្រុងប្រយ័ត្ន​។

លោក​ថ្លែងថា៖ «​ឥឡូវ​វា​មក​ចាប់​ឆ្លង​នៅ​ខាងក្នុង​វិញ​ម្តង ប៉ុន្តែ​ក៏​វា​ស្បើយ​ដែរ​ហើយ​។ បើ​យើង​គិត​សរុប​សត្វ​ឈឺ​គ្រប់​ស្រុក​ក្នុង​ខេត្តបាត់ដំបង មាន​ជាង ​៤ ០០០ ក្បាលសត្វ​ដែល​ឈឺ ហើយ​យើង​ព្យាបាល​ជាសះស្បើយ​ហ្នឹង​ជាង ៣ ០០០ ក្បាល នៅសល់​កំពុង​ព្យាបាល​ជាង ​១ ០០០ ក្បាល​ទៀត​និង​មាន​ងាប់​អស់​កូន​គោ​ ២៧​ ក្បាល»។

លោក ប៉ែន សេដ្ឋា បញ្ជាក់ថា ខេត្តបាត់ដំបង​ក៏​មិន​ខុសពី​ខេត្តបន្ទាយមានជ័យ​ដែរ ក្នុងការ​ទទួលបាន​វ៉ាក់សាំង ​សម្រាប់​ចាក់​ឱ្យ​សត្វ​ចំនួន ​១ ០០០ ក្បាល​។ លោក​អះអាងថា វ៉ាក់សាំង​មិនមាន​គ្រប់គ្រាន់​ឡើយ ហើយ​វ៉ាក់សាំង​ដែល​មន្ត្រី​បសុពេទ្យ​កំពុង​ចុះ​ចាក់​នេះ គឺ​បានមកពី​ការ​ជួយរបស់​សប្បុរសជន​ដើម្បី​យកលុយ​ទៅ​ទិញ​។

លោក​ថា ពេលនេះ​មន្ត្រី​បសុពេទ្យ​កំពុង​ចាក់​វ៉ាក់សាំង​បណ្តើរៗ​ហើយ ប៉ុន្តែ​វ៉ា​ក់​សាំ​នេះ​មិនមែនជា​របស់​រដ្ឋ​នោះទេ គឺ​បានមកពី​​សប្បុរសជន​ដែល​លោក​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​បាន​ស្វែងរក​ថវិកា​មក​ទិញ​វ៉ាក់សាំង ដើម្បី​យកមក​ចែកចាយ នៅតាម​ខេត្ត​ដែលមាន​ជំងឺ​នេះ​។

លោក​ថ្លែងថា​៖ «​យើង​មិនដឹងថា​វា​ឆ្លង​មកពី​ថៃ​ដោយ​របៀប​ម៉េច​ទេ ប៉ុន្តែ​យើង​គ្រាន់តែ​ដឹងថា ជំងឺ​នេះ​វា​កើត​នៅ​ថៃ​មុន​យើង​។ ពេល​យើង​ដឹង យើង​ក៏​ត្រៀមលក្ខណៈ​អីចឹង​ទៅ ហើយ​ខាង​អគ្គនាយក​ក៏បាន​ណែនាំ​ត្រៀមលក្ខណៈ ទប់ស្កាត់​ធ្វើ​យ៉ាងម៉េច​កុំ​ឱ្យ​វា​ឆ្លង​មក​យើង​កើត ប៉ុន្តែ​វា​នៅតែ​ឆ្លង​បាន​»។

លោក ​ព្រំ វិច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តសៀមរាប​ថ្លែង​នៅ​ថ្ងៃទី ២ ខែកញ្ញា​ថា ជំងឺ​ដុំ​ពក​ស្បែក​គោ​នេះ​មិន​ឆ្លង​ពី​សត្វ​គោ ទៅ​មនុស្ស ឬ​សត្វ​ប្រភេទ​ដទៃ​ផ្សេងទៀត​នោះទេ​។ ជំងឺ​នេះ កើតមានឡើង​ជាង ​៩០​ ឆ្នាំ​មកហើយ ដែល​ដំបូង​កើតឡើង​នៅ​អឺរ៉ុប និង​អាហ្វ្រិក ក្រោយមក​ទើប​កើត​មាននៅ​អាស៊ី​។

លោក​ថ្លែងថា​៖ «​នៅ​ឆ្នាំ​ ២០១៩ វាបានកើត​ដល់​ចិន ហើយ​នៅ​ឆ្នាំ ​២០២០ នៅ​វៀតណាម និង​នៅ​ដើមឆ្នាំ ​២០២១ ​នេះ វា​បានកើត​មាននៅ​ថៃ ហើយ​នៅ​កម្ពុជា​យើង​ទើបតែ​កើត​មាននៅ​ពាក់កណ្តាល​ឆ្នាំ​ ២០២១ នេះ​ទេ​»​។

លោក ព្រំ វិច បានឱ្យដឹងថា ជំងឺ​នេះ មិនមាន​ឆ្លង​គ្រប់​សត្វ​នោះទេ សត្វ​ណា​មាន​សុខ​ភាពល្អ ម្ចាស់​មាន​អនាម័យ​ខ្ពស់​ថែទាំ​ល្អ គឺ​មិនមាន​បញ្ហា​អី​ទេ​។ ជំងឺ​នេះ​ធ្វើ​ឱ្យសត្វ​ឡើងកន្ទួល ឡើងក​ម្តៅ​ពេញ​ខ្លួន ដែល​ទាមទារ​ការថែទាំ​អនាម័យ​ងូតទឹក​ញឹកញាប់ បើ​មិន​ថែទាំ និង​ព្យាបាល​ទាន់ពេល​ទេស​ត្វ​អាច​ងាប់​បាន​។ ជំងឺ​នេះ មាន​ការឆ្លង​រាលដាល​តាមរយៈ​សត្វល្អិត។​

លោក​ថ្លែងថា​៖«​សត្វល្អិត​បឺត​ជញ្ជក់​ឈាម​ដែលមានដូចជា ​មូស របោម រុយ ។ល។ ជា​ភ្នាក់ងារ​ចម្លងជំងឺ ចំណែក​ការ​ចល័ត​សត្វ​ឈឺ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ និង​ការ​ស៊ី​ចំណី​ជុំគ្នា ជា​មូលហេតុ​ធ្វើឱ្យមាន​ការឆ្លង​រាលដាល​»៕