បន្ទាយ​មាន​ជ័យ/បាត់​ដំបងៈ ភ្លៀង​ជាប់​ៗ​គ្នា​រយៈ​ពេល​ ២ ថ្ងៃ​ កន្លង​មក​នេះ​ និង​ទឹក​ដែល​បើក​បង្ហូរ​មក​ពី​ប្រទេស​ថៃ បាន​​ធ្វើ​ឱ្យ​មាន​ការ​​ជន់​លិចផ្ទះ​ប្រជា​ពល​រដ្ឋ​ជិត​ ២០០​ខ្នង នៅ​​ឃុំ​មួយចំនួន ក្នុង​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង​ស្រុក​ភ្នំព្រឹក​ ខេត្ត​បាត់​ដំ​បង កាល​ពី​ថ្ងៃ​ទី ​១​ និង​ទី ​២ កញ្ញា។

លោក ស្វាយ ជា អភិបាលស្រុក​ម៉ាឡៃ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃ​ទី​ ២​ កញ្ញា​​ថា មកទល់ពេលនេះ លំនៅឋាន​ប្រជាពលរដ្ឋ​ចំនួន​ជាង ​១០០ ខ្នង​ បាន​រង​ការ​ជន់​​លិច ដោយ​ជំនន់​ទឹកភ្លៀង និង ទឹក​ដែល​ហូរ​ធ្លាក់​ពី​ប្រទេស​ថៃ ។ ក្នុងនោះ​ឃុំ​បឹងបេង រង​ការ​ជន់​លិច​ចំនួន ៥០ ខ្នង​ផ្ទះ​ និង​ឃុំ​ម៉ាឡៃ រង​ការ​ជន់​លិច ៦០ ខ្នង​ផ្ទះ។

លោក​បាន​បញ្ជាក់ថា៖ «ភ្លៀង​ធ្លាក់​មិនជា​ខ្លាំង​ប៉ុន្មាន​ទេ តែ​ភាគី​ថៃ​បាន​បើកទ្វារ​ទឹកឲ្យ​ហូរ​ចាក់​មក​យើង ព្រោះ​ខ្លាច​បាក់​ទំនប់​ស្ទាក់​ទឹក​របស់​ពួកគេ ទើប​បណ្ដាល​ឲ្យ​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​យើង​មួយចំនួន ​ក្នុង​ឃុំ​ទាំង ២ ខាងលើនេះ»។

បើតាម​ លោក ស្វាយ ជា នៅពេលនេះ​ ក្រុមការងារ​របស់​រដ្ឋបាល​ស្រុក​ម៉ាឡៃ​កំពុង​បន្ត ជួយ​អន្តរាគមន៍​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​តំបន់​រងគ្រោះ​ទាំងនោះ​ មកកាន់​ទីទួល​សុវត្ថិភាព និង​ផ្ដល់ជំនួយ​សង្គ្រោះ​បឋម ដើម្បី​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ។

ជាមួយគ្នានេះ លោក​ស្វាយ ជា ក៏បាន​ស្ដីបន្ទោស​ទៅ​ភាគី​ថៃ​ផងដែរ​ថា ម្ដង​ហើយ​ម្ដងទៀត​ មិនបាន​អនុវត្តតាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង MOU ដែល​ត្រូវ​ផ្ដល់ព័ត៌មាន​ជាមុន​ អំពី​ការបើក​បង្ហូរ​ទ្វារ​ទឹក ដើម្បី​ឲ្យ​កម្ពុជា​ មានការ​ត្រៀម​បម្រុង​ទុកជាមុន​នោះទេ។

លោក​បាន​អំពាវនាវ​ជាថ្មី​ដល់​ភាគី​ថៃថា​ សូម​ឲ្យផ្ដល់ព័ត៌មាន​មក​កម្ពុ​ជា មុន​ពេលដែល​ពួកគេ​ សម្រេច​បើក​បង្ហូរទឹក​ពី​ទំនប់​ស្ទាក់​ទឹក​ពួកគេ​ ឲ្យ​ហូរ​ចាក់​មក​កម្ពុជា។ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​២​ កញ្ញា ផ្ទៃមេឃ​នៅតែ​បន្ត​មាន​សភាព​អួរ​អាប់​នៅឡើយ។

ពាក់ព័ន្ធ​នឹង​​ជំនន់​ទឹក​ភ្លៀង​នេះ​ផងដែរ លោក សុង សុ​ភ័​ក្រ អភិបាលស្រុក​ភ្នំព្រឹក ​ខេត្តបាត់ដំបង បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា នៅពេលនេះ​ ឃុំ​ចំនួន ៣ ក្នុងស្រុក​ភ្នំព្រឹក​ កំពុង​រង​ការ​ជន់​លិច​ជា​បណ្ដើរ​ ដោយ​ជំនន់​ទឹកភ្លៀង ក្នុងនោះ​រួមមាន​ឃុំ​បារាំង​ធ្លាក់ ឃុំ​ភ្នំព្រឹក និង​ឃុំ​បួរ។

លោក​ សុ​ភ័​ក្រ​ បាន​ឲ្យ​ដឹង​ទៀតថា នៅពេលនេះ ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន​ ក្នុង​ឃុំ​បួរ ដែល​ស្ថិតនៅ​ផ្នែក​ខាងក្រោម​ជាប់មាត់​អូរ កំពុង​រង​ការ​ជន់​លិច​ជាបណ្ដើរៗហើយ ខណៈ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ប​ង្កួ​រ។

លោក​បាន​បញ្ជាក់ថា៖ «ភ្លៀង​បាន​ធ្លាក់​ខ្លាំងជាប់ៗគ្នា​ រយៈ ២ ថ្ងៃ​មកហើយ ដែល​មកទល់ពេលនេះ​ លំនៅឋាន​ពលរដ្ឋ​ប្រមាណ ៦០ ខ្នង​ផ្ទះ​ ក្នុង​ឃុំ​ចំនួន ៣ ខាងលើ បាន​ជន់​លិច​ដល់​ក្រោមផ្ទះ​ ត្រឹម​ជង្គង់​ទៅហើយ។ នៅពេលនេះ​យើង​កំពុង​ព្រួយបារម្ភ ប្រសិនបើ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់ ដូច​ការព្យាករណ៍​រប​ស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​មែន​នោះ»។

យោងតាម​ការព្យាករណ៍​អាកាសធាតុ របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​នាពេលថ្មីៗនេះ ភ្លៀង​នឹង​បន្ត​ធ្លាក់​រាយប៉ាយ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ​ក្នុង​កម្រិត​ពី​ច្រើន​ទៅ​បង្គួរ ហើយ​អាច​នឹង​បង្ក​ឲ្យ​កើតមាន​ជា​ជំនន់​ទឹកភ្លៀង នៅក្នុង​តំបន់​ទី​ទំនាប​​នៃ​បណ្ដា​ខេត្ត​មួយចំនួន ពិសេស​ខេត្ត​ដែល​ស្ថិតក្នុង​តំបន់​វាលទំនាប​កណ្ដាល និង​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង ដែល​ស្ថិត​នៅជាប់​ជួរ​ភ្នំ​ដងរែក និងខ្ពង់រាប​ភាគ​​ឦ​សាន្ត​នៃ​ប្រទេស​កម្ពុជា។

ជុំវិញ​ករណីនេះ​ផងដែរ អ្នកនាំពាក្យ​គណៈ​កម្ម​មា​ធិ​កា​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក ឃុន សុខា បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា នៅពេលនេះ គណៈកម្មការ​រាជធានី ខេត្ត គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ត្រៀមកម្លាំង​និង​មធ្យោបាយ ព្រមទាំង គ្រឿង​សម្ភារៈ​បរិ​កា្ខ សម្រាប់​អន្តរាគមន៍​ជួយសង្គ្រោះ​ពលរដ្ឋ​ក្នុង​តំបន់​ងាយ​រងគ្រោះ​ដោយ​ទឹកជំនន់ រួចជាស្រេច​ហើយ។

លោក​បាន​ថ្លែងថា៖ «បច្ចុប្បន្ន​ក្រុមការងារ គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ​រាជធានី​ខេត្ត​របស់​យើង​បាន​ត្រៀម​គ្រប់​មធ្យោបាយ កងកម្លាំង និងសម្ភារៈ​បរិក្ខារ សម្រាប់​ការជួយ​អន្តរាគមន៍​លើ​បញ្ហា​នេះហើយ»៕