រតនគិរី៖ រដ្ឋបាលខេត្ត​រតនគិរី​ កាលពី​ថ្ងៃ​ទី​ ១ ​កញ្ញា បាន​ចេញ​លិខិតសម្រេច​បិទ​ខ្ទប់​ជា​បណ្តោះ​អាសន្ន​ផ្សារ​បាន​លុង នៅ​ក្នុងភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ចាប់ពី​ថ្ងៃទី ២ ខែកញ្ញា រហូតដល់​មានការ​សម្រេច​ជាថ្មី ដើម្បី​ទប់​ស្កាត់​ការ​​​ឆ្លង​រាល​ដាល​ជំងឺ​​​កូវីដ​​​ ១៩ បន្ទាប់​ពី​រក​ឃើញ​មាន​អ្នក​ឆ្លង ១៩ ​នាក់​។

នៅ​ក្នុង​លិខិត លោក ថង សាវុន អភិបាលខេត្ត​រតនគិរី បាន​បញ្ជាក់ថា ការបិទជា​បណ្តោះអាសន្ន​ទីតាំង​ផ្សារ​នេះ គឺ​ក្នុង​គោលបំណង​ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ ក្រោយពី​បាន​រកឃើញ​មាន​វិជ្ជមាន​កូ​វីដ ១៩ តាមរយៈ​ការធ្វើ​តេស្ត​រហ័ស​​នៅ​ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២១ ។

​លោក ថង សាវុន ​បញ្ជាក់​ថា៖ «អំឡុងពេល​បិទ​ខ្ទប់ ​ទីតាំង​ជា​បណ្តោះអាសន្ន​នេះ រដ្ឋបាល​ក្រុង​បាន​លុង ត្រូវហ៊ុមព័ទ្ធ​ទីតាំង​ផ្សារ​បាន​លុង ផ្អាក​ការចេញចូល​ទីតាំង​ផ្សារ​បាន​លុង ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ផ្ទាល់ ឬ​ប្រយោល ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក និង​យក​សំណាក» ។

លិខិត​ដដែល​នោះ បាន​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ដែលមាន​ការពាក់ព័ន្ធ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ ជាមួយ​ទីតាំង​ខាងលើ សូម​អញ្ជើញ​មកជួប ឬ​ជូនដំណឹង​ ដល់​ក្រុមការងារ​មន្ត្រី​សុខាភិបាលនៃ​រដ្ឋបាល​ខេត្តរតនគិរី ដើម្បី​យក​សំណាក​ទៅធ្វើ​តេស្ត​ជាបន្ទាន់ ចាប់ពី​ថ្ងៃទី ១ ខែកញ្ញា តទៅ។

លោក​អភិបាលខេត្ត​​បាន​បញ្ជាក់​​ក្នុង​លិខិត​ថា៖ «ត្រូវអនុវត្ត​ការផាកពិន័យ​អន្តរការណ៍​ចំពោះ​បុគ្គល​ណា ដែល​មិន​គោរព​ដោយ​ចេតនា នូវ​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល ដែល​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ខេត្តរតនគិរី បានដាក់​ចេញ​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ ដោយ​មិន​គិតដល់​បទល្មើស​ព្រហ្មទណ្ឌ​ដទៃទៀត​ឡើយ» ។

លោក​វេជ្ជបណ្ឌិត អ៊ុង រតនា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តរតនគិរី​ ថ្លែង​នៅ​ទី ២ កញ្ញា​ថា អាជ្ញាធរ​បានធ្វើ​ការពិនិត្យ សំណាក​​អាជីវករ និង​ប្រជាពលរដ្ឋ​ នៅក្បែរ​ផ្សារ​បាន​លុង ដើម្បី​ស្វែងរក​ជំងឺ​កូ​វីដ ១៩ នៅ​ថ្ងៃទី ១ ខែកញ្ញា រកឃើញ​អ្នកមាន​វិជ្ជមាន​កូ​វីដ១៩ ចំនួន ១៩នាក់។

រហូតមកដល់​ថ្ងៃទី ២ ខែកញ្ញា​នេះ មន្ត្រី​សុខាភិបាល​ កំពុង​ស្វែងរក​អ្នកពាក់ព័ន្ធ​ទាំង​ផ្ទាល់ និង​ប្រយោល​ដើម្បី​បន្តធ្វើ​តេស្ត។

លោក​ថ្លែងថា៖ «ក្រៅពី​ផ្សារ​បាន​លុង យើង​អត់​មាន​បិទ​ទីតាំង​ណា​ផ្សេង​ទេ​ពេលនេះ។ ​ចំនួន​អ្នកជំងឺ​កូ​វីដ១៩ នៅ​ខេត្តរតនគិរី​ គិត​មកដល់​ថ្ងៃទី ២ ខែកញ្ញា​ មាន​អ្នក​វិជ្ជមាន​ជិត ១ ០០០ នាក់ ចំណែក​អ្នកជា​សះស្បើយ​មាន​ច្រើន​ ហើយ នៅសល់​អ្នក​កំពុង​សម្រាក​ព្យាបាល​ជាង ៣០០ នាក់»។

បើតាម​លោក អ៊ុង រតនា ជំងឺ​កូ​វីដ ១៩ នៅ​ខេត្តរតនគិរី​ មិនទាន់​មានការ​ស្ងប់​ទៅវិញ​នៅឡើយ​ទេ ប៉ុន្តែក៏​មិនមាន​ការផ្ទុះ​ខ្លាំង​នោះដែរ។ យ៉ាងណា​មន្ត្រី​សុខាភិបាល​នៅតែ​គ្រប់គ្រង​បាន​ចំពោះ​ករណី​ដែល​បាន​រកឃើញ​ករណី​ផ្ទុះ​ជំងឺ​កូ​វីដ ១៩ រប៉េះរប៉ោះនៅ​ដោយ​កន្លែង​ក្នុង​ខេត្ត​នេះ៕