ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ប្រកាស​បើកប្រាក់​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​ជូន​កម្មករនិយោជិត​ចំនួន ៦ ៣៦៦ ​នាក់ ​នៃ​រោងចក្រ​សហគ្រាស​ចំនួន​ ២២ ​ក្នុង​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍​បន្ថែមទៀត​ ដែល​ទទួលបាន​ការអនុញ្ញាត​ព្យួរ​កិច្ចសន្យា​ការងារ បន្ទាប់​បើក​ជូន​ជា​បន្តបន្ទាប់ ស្របតាម​ស្មារតី​នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល​។

តាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​នេះ ស្តីពី​ការបើក​ផ្តល់​​ប្រាក់ឧបត្ថម្ភ​ជូន​បងប្អូន​កម្មករ​​និយោជិត​ក្នុង​វិស័យ​កាត់ដេរ​​ និង​ទេសចរណ៍​ដែល​ត្រូវបាន​ព្យួរ​កិច្ចសន្យាការងារ​ស្របតាម​ស្មារតី​នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល​ (​លើក​ទី​៦៨) ​កាលពី​ថ្ងៃទី​ ១ ​កញ្ញា ឆ្នាំ​ ២០២១ ឱ្យដឹងថា ធនាគារ​វីង​ (​ខេមបូឌា) ​ម.ក នឹង​ផ្ញើ​សារ​អំពី​ការបើកប្រាក់​នេះ​ទៅ​លេខ​ទូរស័ព្ទ​​ដែល​កម្មករនិយោជិត​បានផ្ដល់​មកឱ្យ​ក្រសួង​តាមរយៈ​រដ្ឋបាល​រោងចក្រ​សហគ្រាស​កន្លងមក​។

សេចក្តី​ជូនដំណឹង​នេះ​បន្តថា ប្រាក់ឧបត្ថម្ភ​នេះ​នឹងត្រូវ​បើក​ផ្ដល់​ជា​ប្រាក់រៀល និង​អាស្រ័យ​លើ​ចំនួន​ព្យួរ​កិច្ចសន្យាការងារ ក្នុង​នោះ​ចំនួន ១២១ ៥០០ ​រៀល​ សម្រាប់​ការព្យួរ​ការងារ​រយៈពេល​ ១១ ​ថ្ងៃ ដល់​ ២០ ​ថ្ងៃ និង​ ១៦២ ០០០ ​រៀល ​សម្រាប់​ការព្យួរ​ការងារ​ពី​ ២១ ​ថ្ងៃ​ដល់​ ១ ​ខែ​។

ក្រសួង​បញ្ជាក់ថា សម្រាប់​អ្នក​ព្យួរការងារ​ ២ ​ខែ ប្រាក់​ឧបត្ថម្ភ​នឹង​ត្រូវ​បើក​ជា​ ២ ​លើក​ដោយ​​លើក​ទី​២ ​នឹង​បើក​នៅ​ថ្ងៃទី​ ២០ ខែ កញ្ញា ឆ្នាំ​ ២០២១​។

ក្រសួង​ក៏បាន​រំឭកថា ធនាគារ​​វីង​ (​ខេមបូឌា) ​ម.ក ​នឹង​បង្វិលប្រាក់​នេះ​ជូន​រាជរដ្ឋាភិបាល​វិញ​​ ប្រសិន​បើ​បងប្អូន​ខកខាន មិន​​បាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះ​​ក្នុង​រយៈពេល​ ១០ ​ថ្ងៃ បន្ទាប់ពី​ទទួលបាន​សារ​តាម​ទូរស័ព្ទ​ពី​ធនាគារ​វីង (​ខេមបូឌា) ម.ក។ ដើម្បី​បើកប្រាក់​ឧបត្ថម្ភ​នេះ​បាន​​ត្រូវយក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ទូរស័ព្ទ​ដែល​ទទួលបាន​សារ​នោះ​ទៅកាន់​ភ្នាក់ងារ​វីង​ដែល​នៅ​ជិត​បំផុត​។ ចំពោះ​ការបើកប្រាក់​នេះ​ក្រសួង មិន​តម្រូវ​ឱ្យ​បងប្អូន​បង់ថ្លៃ​សេវា​ទៅ​ភ្នាក់ងារ​វីង​ឡើយ​។

ក្នុង​ករណី​កម្មករនិយោជិត​​មិន​បាន​ទទួល​សារ​ទូរស័ព្ទ​ពី​ធនាគារ វីង សូម​ទាក់ទង​សួរ​ព័ត៌មាន​បន្ថែម​ ឬ​ធ្វើ​បច្ចុប្បន្នភាព​​លេខ​ទូរស័ព្ទ​របស់ខ្លួន​ទៅ​រដ្ឋបាល​​រោងចក្រ​សហគ្រាស​របស់​ខ្លួន ហើយ​ករណីនេះ​ក្រសួង​នឹង​បន្ត​ជូនដំណឹង​អំពី​ការបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​នេះ​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​សុំ​ធ្វើការ​អត្ថាធិប្បាយ​បន្ថែម​បានទេ កាលពី​ថ្ងៃ​ទី​ ២ ខែកញ្ញា​។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​បានឱ្យ​ដឹងថា​​កន្លងមក​នេះ​កម្មករ​ប្រមាណ​ ៩០ ​ភាគរយ​បានទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល ប៉ុន្តែ​ប្រមាណ​ ១០ ​ភាគរយ​ទៀត​​គឺ​មិន​ទទួល​បានទេ ដោយសារ​បញ្ហា​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ការខុស​លេខ​ទូរស័ព្ទ​ ឬ​ក៏​ខុស​ឈ្មោះ​។

ក៏ប៉ុន្តែ​លោក​ថា ក្រោយមក​បញ្ហា​នេះ​ត្រូវបាន​ដោះស្រាយ​​ជា​បន្តបន្ទាប់ ដែល​ឥឡូវ​មិនសូវ​​មាន​បញ្ហា​នេះ​កើតឡើង​ទៀត​ទេ​។

ការផ្តល់ប្រាក់​ឧបត្ថម្ភ​នេះ​បាន​ជួយ​សម្រាល​ទុក្ខលំបាក​ពួកគាត់​​បាន​មួយកម្រិត ប៉ុន្តែ​ការផ្តល់​​នេះ មាន​ចំនួន​តិចតួច​ពេក​។

លោក​ថា មាន​កម្មករ​និយោជិត​ច្រើន​បាន​រង​ផលប៉ះពាល់​ពី​ការព្យួ​ការងារ​ក្នុងអំឡុង​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ប៉ុន្តែ​អ្នក​​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​មាន​ចំនួន​តិចតួច​។

បញ្ហា​នេះ​ដោយសារ​ម្ចាស់​រោងចក្រ​សហគ្រាស និង​សណ្ឋាគារ​​ខ្លះ​ដែល​មិនបាន​ចុះបញ្ជី​មិនបាន​រាយការណ៍​ជូន​ដល់​ក្រសួង​។

លោក​ថ្លែងថា​៖ «​គេ​យកតែ​ក្រុមហ៊ុន រោងចក្រ​សហគ្រាស ណា​បាន​ចុះបញ្ជី ប៉ុន្តែ​អា​ក្រុមហ៊ុន​មិនបាន​ចុះបញ្ជី​ ហើយ​ព្យួរ​​ការងារ​កម្មករនិយោជិត​អត់​បាន ដល់​អ៊ីចឹង​វា​អត់​ល្អ​...» ។

កាលពី​ថ្ងៃទី​ ២៩ ខែកក្កដា ឆ្នាំនេះ​ក្រសួង​ធ្លាប់បាន​បើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជូន​កម្មករនិយោជិត​ចំនួន​ ៣ ៩៥៣ ​នាក់ ​នៃ​រោងចក្រ​​សហគ្រាស​ចំនួន​ ៤៥ ​ក្នុង​វិស័យ​​កាត់ដេរ និង​វិស័យ​ទេសចរណ៍​​ដែល​ត្រូវបាន​ព្យួរ​កិច្ចសន្យា​ការងារ​ផងដែរ ស្របតាម​ស្មារតី​​នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល​ (​លើក​ទី​៦៤)៕

វីដេអូ៖