ភ្នំពេញៈ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០២១ តបតាមការអញ្ជើញរបស់លោក ឆុង អើយយ៉ុង (H.E. Mr. Chung Eui-yong) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋកូរ៉េ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី ២ ខែកញ្ញានេះ បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ លោក ប្រាក់ សុខុន នឹងអញ្ជើញជួបពិភាក្សាផ្លូវការជាមួយ លោក ឆុង អើយយ៉ុង អំពីបញ្ហានានានៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន នយោបាយនិងការពារជាតិ ការអភិវឌ្ឍ សេដ្ឋកិច្ច វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា នឹងត្រូវបានលើកយកមកពិភាក្សា សំដៅពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងដែលល្អស្រាប់រវាងប្រទេសទាំងពីរ។

«បញ្ហាតំបន់ និងអន្តរជាតិ ដែលជាការចាប់អារម្មណ៍រួម ក៏នឹងត្រូវបានលើកយកមកពិភាក្សាផ្លាស់ប្តូរ យោបល់គ្នាផងដែរ។ ចំណែកនៅរសៀលថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០២១ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និង ឯកឧត្តម ឆុង អើយយ៉ុង នឹងអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១១ ដោយផ្ទាល់»។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានបញ្ជាក់។

បើតាមក្រសួងការបទេសកម្ពុជាបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសមេគង្គផ្សេងទៀត រួមមានឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក៏នឹងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនេះ តាមប្រព័ន្ធវីដេអូ ផងដែរ។

ក្រសួងបញ្ជាក់ថា កិច្ចប្រជុំនេះ នឹងធ្វើការពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋ កូរ៉េ យន្តការដែលបានកំណត់នៅក្នុងផែនការសកម្មភាព (២០២១-២០២៥) ការចូលរួមចំណែករបស់វិស័យឯកជន និងទិសដៅនាពេលអនាគតនៃយន្តការនេះ។

រដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ ក៏នឹងចែករំលែកនូវទស្សនៈនានា ពាក់ព័ន្ធនឹងបញ្ហាក្នុងតំបន់ និងសកលរួមមានការប្តេជ្ញារួមក្នុងការដោះស្រាយវិបត្តិគំរាមកំហែងសុខភាពសាធារណៈជាសកល ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ ១៩ ជាដើម៕