ភ្នំពេញៈ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងឱ្យដឹងថា រាជធានី​ភ្នំពេញ​អាច​នឹងត្រូវ​បើក​ឱ្យ​ដំណើរការ​ជាធម្មតា​ឡើងវិញ ក្រោយពី​មើលឃើញ​សញ្ញា​នៃ​ការថមថយ​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុងពេល​បច្ចុប្បន្ន​ក្នុងពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ​។

នៅក្នុង​កិច្ចប្រជុំ​មួយ​តាមរយៈ​អនឡាញ​កាលពី​រសៀល​ថ្ងៃទី​ ១ ខែកញ្ញា ​ស្ដីពី​ការរឹតបន្តឹង​ការអនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ការពង្រឹង​ការធ្វើ​ចត្តាឡីស័ក​តាម​ផ្ទះ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ការរៀបចំ​បើក​ដំណើរការ​ឡើងវិញ​នៃ​គ្រឹះស្ថាន​អប់រំ​ទូទាំង​រាជធានី​ភ្នំពេញ​។

លោក ឃួង ស្រេង បាន​ថ្លែងឱ្យដឹងថា ការឆ្លង​រាលដាល​នៃ​មេរោគ​កូវីដ ១៩ ​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​មាន​ការធ្លាក់ចុះ​ច្រើន ហើយ​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ​ក៏មាន​ការថយចុះ​ពី​ ៣០ ​នាក់មក​ត្រឹមតែ​ចន្លោះ​ពី​ ២ ​នាក់​ទៅ​ ៦ ​នាក់​ប៉ុណ្ណោះ​ក្នុង​ ១ ​ថ្ងៃ ក្នុង​រយៈពេល​ ២ ​ទៅ​ ៣ ​សប្តាហ៍​ចុងក្រោយ​នេះ​។

លោក​ថ្លែងថា​៖ «​យើង​បាន​អនុវត្ត​ការងារ​លើ​ការទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​នេះ​បានល្អ​ប្រសើរ​ហើយ ដោយ​ពីមុន​មាន​អ្នកជំងឺ​កូវីដ​ ១៩ ​កើនឡើង​រហូត តែ​រយៈពេល​ ២ ​ទៅ​ ៣ ​សប្តាហ៍​ចុងក្រោយ​នេះ​មាន​ការថយចុះ​យ៉ាងខ្លាំង ចំណែក​អ្នកស្លាប់​ដោយ​ជំងឺ​កូវីដ​ ១៩ បាន​ថយចុះ​ពី​ ៣០ ​នាក់ មក​នៅ​ត្រឹម​ ៦ ​នាក់​ ឬ​ ២ ​នាក់​ប៉ុណ្ណោះ​ក្នុង​ ១ ​ថ្ងៃ​។ ដែល​នេះ​ជា​មោទនភាព​របស់​យើង​ទាំងអស់​គ្នា ដែល​យើង​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​បន្តទៀត​»​។

អភិបាល​រូបនេះ​បាន​ថ្លែង​ទៀតថា​៖ «​ការថយចុះ​នេះ​ជា​សញ្ញា​ដ៏ល្អ​មួយ​ក្នុង​ការបើក​រាជធានី​ភ្នំពេញ​ទៅ​ជា​ធម្មតា​ឡើងវិញ ទាំង​វិស័យ​ទេសចរណ៍ និង​សាលារៀន​ផងដែរ ប៉ុន្តែ​អំឡុងពេល​នេះ​ដែរ អាជ្ញាធរ​ក៏ដូចជា​មន្ត្រី​ពាក់ព័ន្ធ​នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ក៏បាន​និង​បន្ត​រិះរក​គ្រប់​មធ្យោបាយ​ ដើម្បី​ឈានទៅរក​ការកាត់ផ្តាច់​ឱ្យ​បាន​នូវ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ១៩ ពិសេស​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​ដែលតា​ (Delta)»​។

ក្នុង​កិច្ចប្រជុំ​នោះដែរ លោក មាន ចាន់យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ ក៏បាន​លើកឡើង​បញ្ជាក់​ឱ្យដឹង​ផងដែរ​ថា រាជធានី​ភ្នំពេញ​បាន​ឈានទៅរក​ភាពល្អប្រសើរ​ហើយ បើ​មើល​ទៅលើ​លទ្ធផល​នៃ​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ក្នុង​រយៈពេល​ ២ ​ទៅ​ ៣ ​សប្តាហ៍​ចុងក្រោយ​នេះ ពោលគឺ​ក្នុង​ចំនួន​មនុស្ស​ ១ ៨៩៨ ​នាក់ ដែល​ត្រូវយក​សំណាក​បាន​រកឃើញ​មាន​វិជ្ជមាន​កូវីដ ១៩ ចំនួន​តែ​ ២៨ ​នាក់​ប៉ុណ្ណោះ ស្មើនឹង ៣,៥៦% ក្នុងនោះ​មាន​ប្រភេទ​ដែលតា​ចំនួន​ ១១ ​នាក់​ស្មើនឹង ១,៤៨%​។

លោក មាន ចាន់យ៉ាដា បាន​ថ្លែងថា​៖ «​លទ្ធផល​នេះ គឺ​ពិតជា​បានមកពី​ការស្រោច​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ និង​ការខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​ខណ្ឌ​ទាំងអស់​ក្នុងការ​សហការគ្នា​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ​នេះ​»​។

ប្រធាន​មន្ទីរ​សុខាភិបាល លោក ងី មានហេង បាន​ប្រាប់​ឱ្យដឹងថា ចំនួន​នៃ​អ្នក​ឆ្លង​វីរុស​កូវីដ​ ១៩ ​ក្នុង​ខែសីហា មាន​ការថយចុះ​ជាង​ពាក់កណ្តាល​ធៀប​នឹង​ខែឧសភា មិថុនា និង​ខែកក្កដា ដែល​លទ្ធផល​នេះ​គឺ​បានមក​ដោយសារ​ការចាក់​វ៉ាក់សាំង និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​អនុវត្តបាន​យ៉ាង​ត្រឹមត្រូវ​នូវ​វិធានការ​សុខាភិបាល​។

លោក​បាន​ថ្លែងថា​៖ «​ការចាក់​វ៉ាក់សាំង និង​ការអនុវត្ត​វិធានការ​សុខាភិបាល​គឺ​ត្រូវតែដើរ​ចូលគ្នា ដើរ​ទន្ទឹមគ្នា ដើម្បី​បានឈ្នះ​កូវីដ​ ១៩»​។

នៅក្នុង​ការថ្លែង​សារ​ពិសេស​មួយ​កាលពី​យប់​ថ្ងៃទី​ ៣១ ខែសីហា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​បញ្ជាក់​ផងដែរ​ថា ភាពស៊ាំ​កំពុងតែ​បានកើត​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។

លោក​ថ្លែងថា​៖ «​រាជធានី​ភ្នំពេញ ការឆ្លង​វីរុស​កូវីដ​ ១៩ ​មាន​ចំនួន​ធ្លាក់ចុះ ហើយ​អ្នក​ដែល​បាន​ឆ្លង​ក៏​មិនមាន​នាំទៅដល់​ជំងឺ​ធ្ងន់ធ្ងរ​នោះទេ ឯការ​ស្លាប់​ក៏មាន​ការថយចុះ​ដែរ​។ ដូច្នេះ ចំណុច​នេះ​គឺជា​ចំណុច​វិជ្ជមាន​មួយ​សម្រាប់​ការបើក​ឡើងវិញ​នូវ​សង្គម​សេដ្ឋកិច្ច​នៅ​ទូទាំងប្រទេស​ផងដែរ​»​។

លោកស្រី​ ឱ វណ្ណឌីន បានឱ្យដឹង​តាម​របាយការណ៍​ថា ប្រជាពលរដ្ឋ​ចំនួន ២ ១២៨ ៧៩១ នាក់​ បាន​ចាក់​វ៉ាក់សាំង​នៅក្នុង​រាជធានី​ភ្នំពេញ​ចាប់តាំងពី​ថ្ងៃទី ​១០ ខែកុម្ភៈ ដល់​ថ្ងៃទី​ ៧ ខែកក្កដា​។

របាយការណ៍​ដដែល​នេះ​បានឱ្យដឹងថា​៖ «​បើ​យោងទៅតាម​ស្ថិតិ​ជំរឿន​ប្រជាជន​នៅក្នុង​ឆ្នាំ​ ២០១៩ ​ដែល​ត្រូវបាន​យក​មកប្រើ​ជា​គោល​ក្នុង​ការចាក់​វ៉ាក់សាំង​សម្រាប់​ក្រុម​គោលដៅ​ ១០ ​លាន​នាក់​នេះ ប្រជាពលរដ្ឋ​ដែលមាន​អាយុ​លើសពី​ ១៨ ​ឆ្នាំ​នៅ​រាជធានី​ភ្នំពេញ​សរុប​ចំនួន ១ ៧៦៤ ៤៨៨ នាក់​។ បើ​យោងតាម​តួលេខ​នៃ​ការពិនិត្យ​ឡើងវិញ​នូវ​ស្ថិតិ​​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ​ ២០២១ ដែល​បានបង្ហាញ​ពី​ស្ថិតិ​ប្រជាពលរដ្ឋ​កម្ពុជា​នៅក្នុង​រាជធានី​ភ្នំពេញ ដែលមាន​អាយុ​ ១៨ ​ឆ្នាំ​ឡើង​មាន​ចំនួន ២ ១៤៥ ៥៩១ នាក់​។ ដូចនេះ បើ​ធៀប​នឹង​តួលេខ​តាម​ជំរឿន​ឆ្នាំ​ ២០១៩ (១ ៧៦៤ ៤៨៨ ​នាក់​) ឃើញថា ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ចាក់​វ៉ាក់សាំង​បាន​រហូតដល់ ១២០,៦៥% គឺ​លើស​ ១០០% ដែល​នេះ​បញ្ជាក់ថា មាន​ប្រជាពលរដ្ឋ​ដែល​មកពី​ខាងក្រៅ​រាជធានី​ភ្នំពេញ​បានមក​ចាក់​វ៉ាក់សាំង​ផងដែរ​»​។

តាម​របាយការណ៍​​របស់​ក្រសួងសុខាភិបាល​គិត​ត្រឹម​យប់​ថ្ងៃទី​ ១ ខែកញ្ញា មាន​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើង​ចំនួន​ជាង​ ៩,៣ ​លាន​នាក់ ឬ​ស្មើនឹង​ ៩៣,២២% បាន​ចាក់​វ៉ាក់សាំង ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០ ​លាន​នាក់​។ ចំណែក​ក្រុមមនុស្ស​អាយុ​ពី​ ១២ ​ឆ្នាំ ទៅ​ក្រោម ១៨ ​ឆ្នាំ មាន​ចំនួន​ជាង​ ១,៥ ​លាន​នាក់​ ឬ​ស្មើនឹង​ ៧៩,៩៨% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ​ជិត​ ២ ​លាន​នាក់​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​កូវីដ​។ ជាមួយគ្នានេះដែរ សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី​ ៣ ​ឬ​ដូស​ជំរុញ មាន​ចំនួន​ជាង​ ៦២ ​ម៉ឺន​នាក់​ផងដែរ​៕

វីដេអូ៖