ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា​បានស្នើ​ទៅដល់​អភិបាល និង​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី-ខេត្ត​ទាំងអស់ ធ្វើការ​ពិនិត្យ​ និង​វាយតម្លៃ​ស្ថានភាព​ជាក់ស្តែង​ទៅលើ​សាលា​ដែល​អាច​នឹងមាន​លទ្ធភាព​បើក​ដំណើរការ​ឡើងវិញ នៅតាម​តំបន់​ដែលមាន​ហានិភ័យ​ទាប និង​តំបន់​ដែល​មិនមាន​ការឆ្លង​មេរោគ​កូវីដ​ ១៩ ដើម្បី​សុំ​គោលការណ៍​សម្រេច​ពី​ប្រមុខ​រាជរដ្ឋាភិបាល​។

លោក ហែម ស៊ីណារ៉េត ប្រធាន​មន្ទីរអប់រំ រាជធានី​ភ្នំពេញ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២ កញ្ញា​ថា រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ជួន ណារ៉ុន ​បាន​ប្រជុំ​ជាមួយ​នឹង​គ្រប់​គណៈអភិបាល និង​មន្ទីរអប់រំ រាជធានី-ខេត្ត​ត្រូវ​ប្រជុំ ពិភាក្សា​លើ​ការពិនិត្យ និង​វាយតម្លៃ​ក្នុង​ការបើក​សាលារៀន​ឡើងវិញ​។

លោក​ថ្លែងថា​៖ «​លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា បន្ទាប់ពី​កិច្ចប្រជុំ​ពី​ថ្ងៃ​ម្សិលមិញ​ (១ ​កញ្ញា​)​ ហើយ​ក្នុង​រយៈពេល​ ២ ​សប្តាហ៍​ក្រោយ ត្រូវបញ្ជូន​របាយការណ៍​ឈ្មោះ​សាលា និង​ចំនួន​សាលា​ដែល​ត្រូវ​បើក​ទៅឱ្យ​ក្រសួង​អប់រំ ដើម្បី​លោក​ធ្វើការ​បូកសរុប ស្នើសុំ​គោលការណ៍​សម្រេច​ទៅ​សម្តេចតេជោ​»​។

អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង នឹង​បង្កើត​គណៈកម្មការ​មួយ ដោយមាន​សមាសភាព​ចូលរួម​ពី​គ្រប់​ខណ្ឌ​ទាំងអស់​រួម​នឹង​មន្ទីរអប់រំ​ផងដែរ ក្នុង​ការចាប់ផ្តើម​ធ្វើការ​វាយតម្លៃ ទៅតាម​សាលា​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​សម្រេច​ថា តើ​មាន​សាលា​ណាខ្លះ​អាច​បើក​ឡើងវិញ​បាន​។

លោក ស៊ីណារ៉េត បន្ថែមថា​៖ «​លោក​អភិបាល​មានបំណង​បើក​សាលា​ឱ្យបាន​ច្រើន​ទៅតាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន ដោយសារ​ការខកខាន​មិនបាន​រៀន​ផ្ទាល់​របស់​សិស្ស គឺជា​បញ្ហា​មួយ​ដែល​ប្រឈម និង​ប៉ះពាល់​ចំពោះ​សតិអារម្មណ៍​សិស្ស និង​ឪពុកម្តាយ​របស់​ពួកគេ​។ យើង​ទទួលស្គាល់​នូវ​ចំណុច​នេះ​»​។

ទាក់ទង​នឹង​ចំនួន​សាលា​ដែល​អាច​នឹង​បើក​ឡើងវិញ ហើយ​ថា តើ​នឹង​អាច​បើក​នៅពេលណា​នោះ​លោក ស៊ីណារ៉េត ​មិនទាន់​អាច​ប្រាប់​បាន​នៅឡើយ​ទេ រហូត​មាន​ការបញ្ចប់​ការពិនិត្យ និង​វាយតម្លៃ​រួចរាល់​សិន​។

នៅ​ទូទាំង​រាជធានី​ភ្នំពេញ សាលា​កម្រិត​ពី​ថ្នាក់​មតេយ្យ​សិក្សា​រហូតដល់​មធ្យមសិក្សា​សាធារណៈ​មាន​ជាង​ ២៥០ ​សាលា​។

ជាមួយ​គ្នា​នេះដែរ លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​ក៏បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីថ្ងៃ​ទី​ ២ កញ្ញា​ផងដែរ​ថា សាលារៀន​ជាង​ ៣០០ តាំងពី​កម្រិត​បឋមសិក្សា​រហូតដល់​វិទ្យាល័យ​ក្នុង​ទូទាំង​ខេត្ត​នេះ គ្រោង​នឹង​បើក​ឡើងវិញ​ឆាប់ៗ​នេះ​។

ខេត្ត​កំពង់ស្ពឺ​មាន​សាលា​បឋមសិក្សា​ជាង​ ៣០០ អនុវិទ្យាល័យ​ចំនួន​ ៧២ និង​វិទ្យាល័យ​ចំនួន​ ២៥ ហើយ​សម្រាប់​សាលា​ដែល​មិនអាច​បើក​ដំណើរការ​បាន ក្នុង​នោះ​មាន​វិទ្យាល័យ​ចំនួន​ ១ អនុវិទ្យាល័យ​ចំនួន​ ២ និង​បឋមសិក្សា​ចំនួន​ ៥ ដោយសារ​តែ​ទីតាំង​សាលា ដែល​មិនអាច​បើក​បាន​នេះ គឺ​នៅ​ជិត​ទីតាំង​ដែលមាន​ការផ្ទុះ​ជំងឺ​កូវីដ​ ១៩ ប៉ុន្តែ​សាលា​ទាំងនេះ​ក៏​នឹង​បើក​ដំណើរការ​នៅពេល​ដែល​មាន​ការថម​ថយ​នៃ​ការឆ្លង​។

លោក វ៉ី សំណាង ថ្លែងថា​៖ «​ខ្ញុំ​មាន​សុទិ្ធនិយម​ថា សាលា​នឹង​បើក​ដំណើរការ​ឡើងវិញ​ទាំងអស់ ដោយសារ​តែ​កុមារ​ និង​យុវវ័យ គ្រូបង្រៀន រួម​នឹង​មន្ត្រី​អប់រំ ក្នុង​ខេត្ត​របស់​យើង​ភាគច្រើន​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​ហើយ​»​។ លោក ប្រាប់ថា​៖ «​សាលា​ស្ទើរតែ​ទាំងអស់​ក្នុង​ខេត្តកំពង់ស្ពឺ​អាច​នឹង​បើក​ឡើងវិញ បន្ទាប់ពី​ក្រុមការងារ​បច្ចេកទេស​ធ្វើការ​ពិនិត្យ និង​វាយតម្លៃថា វា​មិនមាន​បញ្ហា ប៉ុន្តែ​សម្រាប់​ថ្ងៃ​បើក​ដំណើរការ​នៅពេលណា​គឺ​យើង​មិនទាន់​អាច​កំណត់​បាន​នៅឡើយ​ទេ​។ ខ្ញុំ​គិតថា ប្រហែល​ជា​ពាក់កណ្តាល​ខែកញ្ញា​នេះ​នឹង​បើក​ឡើងវិញ​»​។

កញ្ញា មួន ធីតា អាយុ​ ១៨ ​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​ ១២ ​នៃ​វិទ្យាល័យ​ជាស៊ីម​បឹងកេងកង​បាន​សម្តែង​ក្តីសប្បាយ​រីករាយ បន្ទាប់ពី​ដឹងថា ការបើក​សាលា​ឡើងវិញ​អាច​នឹងមាន​លទ្ធផល​ក្នុង​ពេល​ឆាប់ៗ​ហើយ​យុវតី​រូបនេះ​ពិតជា​ចង់​ចូលរៀន​ក្នុង​សាលា​ជាង​ការបន្ត​ការរៀន​តាម​អនឡាញ​។ «​ខ្ញុំ​បាន​ចាក់​វ៉ាក់សាំង​រួចហើយ ហើយ​ខ្ញុំ​សង្ឃឹមថា នឹង​បើក​សាលារៀន​ឆាប់ៗ​នេះ​។ ខ្ញុំ​សប្បាយចិត្ត​ពេលឮ​សម្តេច​និយាយ ពី​គម្រោង​បើក​សាលារៀន​ឱ្យ​សិស្ស​ចូលរៀន​វិញ​នេះ​»​។

កញ្ញា មួន ធីតា បន្ថែម​ថា នាង​មិនបាន​រៀន​តាម​អនឡាញ​ជាប់លាប់​ទេ តាំងពី​ដើម​ឆ្នាំ​មក ដែល​ធ្វើឱ្យ​នាង​បារម្ភ​ទៅ​ថ្ងៃ​អនាគត ពិសេស​ការប្រឡង​តែម្តង ដោយសារ​ការរៀន​តាម​អនឡាញ​មិន​ដូច​រៀន​ផ្ទាល់​ជាមួយ​នឹង​គ្រូ​នោះទេ​។

លោក ហង់ជួន ណារ៉ុន កាលពី​ថ្ងៃ​ទី​ ១ ខែកញ្ញា បាន​ដឹកនាំ​កិច្ចប្រជុំ​តាម​អនឡាញ​ជាមួយ​នឹង​គ្រប់​អភិបាល​រាជធានី​-ខេត្ត និង​មន្ទីរអប់រំ ដើម្បី​ផ្សព្វផ្សាយ​សេចក្តី​ណែនាំ​ស្តីពី​ការបង្រៀន​ និង​រៀន​តាម​បណ្តុំ​សម្រាប់​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​នៅ​ភូមិសាស្ត្រ ដែលមាន​ហានិភ័យ​ទាប​។

លោក​រដ្ឋមន្ត្រី​បាន​ជម្រាប​អង្គប្រជុំ​នូវ​គោលការណ៍ និង​លក្ខណៈ​បច្ចេកទេស ពាក់ព័ន្ធ​នឹង​ការបើក​ដំណើរការ​សាលារៀន​ឡើងវិញ​នេះ​ដោយ​អាជ្ញាធរ​រាជធានី-ខេត្ត ត្រូវ​ធ្វើការ​វាយតម្លៃ​ពី​ស្ថានភាព​ជាក់ស្តែង​លើ​ករណីនេះ​។

គួរបញ្ជាក់​ផងដែរ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ទៅ​ក្រសួង​អប់រំ ឱ្យ​ធ្វើការ​ពិភាក្សា​ជាមួយ​នឹង​គ្រប់​អភិបាល​ខេត្ត-រាជធានី​ទាំងអស់ ដើម្បី​កំណត់​ជ្រើសរើស​សាលា​សម្រាប់​បើក​ឱ្យ​សិស្ស​រៀន​នៅតាម​ទីតាំង​មួយចំនួន​ដែល​ពុំមាន​ជំងឺឆ្លង​កើតឡើង​។

លោក​ថ្លែងថា៖ «​ខ្ញុំ​សុំឱ្យ​មាន​ការគិតគូរ​តាមរបៀប​បត់បែន ហើយ​អនុវត្តតាម​ការជាក់ស្តែង​តាម​ខេត្ត​នីមួយៗ​។ ត្រូវ​ធ្វើការ​ពិនិត្យ​លើ​រឿងនេះ ដើម្បី​ចៀសវាង​នូវ​កុមារ​ជនបទ​របស់​យើង​ក្លាយ​ជា​ជនរងគ្រោះ​ពី​ជំងឺ​កូវីដ ក្នុងពេលដែល​នៅតាម​ជនបទ ពុំមាន​កូវីដ​ដូច​នៅ​ទីក្រុង និង​ទីប្រជុំជន​»​។

ជាមួយ​គ្នា​នេះដែរ អង្គការ​សង្គ្រោះ​កុមារ​អន្តរជាតិ (Save the Children) កាលពី​ថ្ងៃទី​ ១ ខែកញ្ញា បានចេញ​របាយការណ៍​មួយ​ដោយ​បាន​លើកឡើង​ថា នៅ​ប្រទេស​កម្ពុជា​ កុមារ​ជាង​ ៣ ​លាន​នាក់​មិនបាន​ទៅ​សាលារៀន​ឡើយ នៅក្នុង​រយៈពេល​ភាគច្រើន​នា​ឆ្នាំ​កន្លងទៅ​ដែល​បង្កឡើង​ដោយ​ការបិទ​សាលារៀន​ចំនួន​ ២ ​ដង​ចាប់ពី​ខែមីនា ឆ្នាំ​ ២០២០ មក​។

របាយការណ៍​លើកឡើងថា ការបិទ​សាលា​នេះ​ដោយសារ​តែ​បញ្ហា​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ហើយ​ជា​មធ្យម​ការបាត់បង់​ពេលវេលា​ចំនួន​ជិត​ ១០% នៃ​ពេលវេលា​សរុប ដែល​កុមារ​នឹងត្រូវ​ចូលរៀន មិន​ត្រឹមតែ​នឹង​បង្កឱ្យ​មាន​ការបាត់បង់​ការរៀនសូត្រ​គួរឱ្យ​កត់សម្គាល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​ធ្វើឱ្យ​កុមារ​ជាច្រើន​ប្រឈម​នឹង​ហានិភ័យ​នៃ​ការឈប់រៀន​ទាំងស្រុង​៕

វីដេអូ៖