ភ្នំពេញៈ ប្រមុខ​រាជរដ្ឋាភិបាល​​កម្ពុជា​បាន​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ទាំង​ជាតិ អន្តរជាតិ និង​ពលរដ្ឋ​គ្រប់រូប​ឱ្យ​បន្ត​យកចិត្ត​ទុកដាក់​ខ្ពស់​ដល់​ការងារ​អក្ខរកម្ម ដើម្បី​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ឆ្នាំ​ ២០៣០ និង​ធានាបាន​នូវ​ការសិក្សា​ពេញ​ ១ ​ជីវិត​សម្រាប់​ពលរដ្ឋ​គ្រប់រូប និង​ដើម្បី​ប្រែក្លាយ​ពី​ពលករ​ដែល​ប្រើ​កម្លាំង​សុទ្ធសាធ​ទៅជា​ការប្រើ​ជំនាញ​ស្របតាម​ "​យុទ្ធសាស្ត្រ​កំណើន​ថ្មី​" ​របស់​កម្ពុជា​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​ដូចនេះ​នៅក្នុង​សារលិខិត​ក្នុងឱកាស​ប្រារព្ធ​ទិវា​អក្ខរកម្ម​ជាតិ ៨ កញ្ញា​ ២០២១ ក្រោម​ប្រធានបទ​អក្ខរកម្ម​ជា​មូលដ្ឋានគ្រឹះ​នៃ​ការសិក្សា​ពេញ​ ១ ​ជីវិត​» ក្នុង​អត្ថន័យ​ជំរុញ​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​ឱ្យទទួល​បាន​ឱកាស​សិក្សា​ពេញ​ ១ ​ជីវិត គ្រប់ពេល​វេលា គ្រប់​ទីកន្លែង និង​គ្រប់​មធ្យោបាយ ​និង​ប្រកប​ដោយ​​វិជ្ជាសម្បទា បំណិន​សម្បទា ចរិយា​សម្បទា និង​គុណសម្បទា ដើម្បី​រួមចំណែក​ស្តារ​ឡើងវិញ​សង្គម​សេដ្ឋកិច្ច​ បន្ទាប់ពី​វិបត្តិ​កូវីដ​ ១៩​។

ទស្សនទាន​នៃ​ប្រធានបទ​នៅ​ឆ្នាំនេះ មិន​សំដៅ​ត្រឹមតែ​ការរៀន​អក្សរ និង​លេខនព្វន្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បានគិត​គូរ​ដល់​ឱកាស​សម្រាប់​ប្រជាពលរដ្ឋ​ទទួល​បាន​នូវ​ចំណេះដឹង ចំណេះធ្វើ សហគ្រិនភាព ជំនាញ មុខរបរ និង​នវានុវត្តន៍​លើ​គ្រប់​​ផ្នែក គ្រប់​វិស័យ ជាពិសេស​អក្ខរកម្ម​បច្ចេកវិទ្យា និង​អក្ខរកម្ម​ឌីជីថល ដែល​សព្វថ្ងៃ​កំពុង​​មាន​ភាពចាំបាច់ និង​កំពុងមាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​។

លោក ហ៊ុន សែន បាន​លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ដើម្បី​បន្ត​ចូលរួម​លើកកម្ពស់​ការងារ​អក្ខរកម្ម​នៅ​កម្ពុជា​ឱ្យ​កាន់តែ​​មាន​ប្រសិទ្ធភាព​ថែមទៀត ខ្ញុំ​សូម​អំពាវនាវ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​រៀបចំ​គោល​នយោបាយ ក្របខ័ណ្ឌ​ច្បាប់​លិខិត​​បទដ្ឋាន និង​យន្តការ​ចាំបាច់ ដើម្បី​ដឹកនាំ គ្រប់គ្រង និង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព និង​គុណភាព ធានាបាន​នូវ​ការសិក្សា​ពេញ​ ១ ​ជីវិត​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប​»​។

លោក​បាន​បន្ថែមថា ក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា មណ្ឌលសិក្សា ទី​វត្តអារាម​ទាំងអស់ រាប់ទាំង​ការអប់រំ​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ ត្រូវ​បន្ត​បង្កើត​កម្មវិធី​អប់រំ​កម្មវិធីសិក្សា​ពេញ​ ១ ​ជីវិត ទាំង​ផ្នែក​អក្ខរកម្ម ទាំង​ផ្នែក​វិជ្ជាជីវៈ ទាំង​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​ឱ្យ​កាន់តែ​សម្បូរបែប ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​អ្នកសិក្សា​។

មនុស្ស​វ័យ​ចំណាស់​នៅ​ខេត្ត​កំពង់ចាម​ពេល​កំពុង​រៀន​កាលពី​ពេល​កន្លងទៅ​។ រូបថត ហ្វេសប៊ុក

ចំណែក​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ក៏ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​ចូលរួម​គាំទ្រ​ឱ្យបាន​ខ្លាំងក្លា​ថែមទៀត ក្នុង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ មជ្ឈមណ្ឌល​សិក្សា និង​ជំរុញ​លើក​ទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ដែល​មិនបាន​រៀនសូត្រ ឬ​បោះបង់​ការសិក្សា ឱ្យ​មាន​ឱកាស​ទទួល​បាន​ការរៀនសូត្រ​ជាថ្មី ជាពិសេស​ត្រូវខិតខំ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ពលរដ្ឋ​ដែលមាន​ពិការភាព​ឱ្យ​ទទួលបាន​លទ្ធភាព​ក្នុងការ​សិក្សា​រៀនសូត្រ​ប្រកប​ដោយ​សមធម៌​​ និង​បរិយាប័ន្ន​។

លោក​ ហ៊ុន សែន បាន​បន្ថែមថា​៖ «​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ទាំង​ស្ថាប័នរដ្ឋ និង​ឯកជន សូមជួយ​ផ្សព្វផ្សាយ​ឱ្យ​​បាន​ទូលំទូលាយ​នូវ​រាល់​កម្មវិធី​អក្ខរកម្ម ដើម្បីឱ្យ​ប្រជាពលរដ្ឋ​យើង​មាន​ការយល់ដឹង​កាន់តែ​ទូលំទូលាយ ក្រោម​ប្រធានបទ​អក្ខរកម្ម​ជា​មូលដ្ឋានគ្រឹះ​នៃ​ការសិក្សា​ពេញ​ ១ ​ជីវិត​។

ជាមួយ​គ្នា​នេះដែរ លោក​នាយករដ្ឋមន្ត្រី​ក៏បាន​ស្នើឱ្យ​ក្មួយៗ​ជា​សិស្ស និស្សិត​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា យុវជន​កាយរឹទ្ធិ និង​យុវជន​កាកបាទ​ក្រហម​កម្ពុជា ត្រូវ​សកម្ម​ចូលរួម​ជួយ​បង្រៀន​ដោយ​ស្ម័គ្រចិត្ត​ដល់​អ្នក​មិនចេះ​អក្សរ ដែល​ស្ថិតក្នុង​មូលដ្ឋាន​របស់​ពួកគេ​រស់នៅ​។

លោក​បាន​បញ្ជាក់ថា​៖ «​វត្តអារាម និង​វិហារ​សាសនា​នានា ក៏ត្រូវ​ចលនា​ព្រះសង្ឃ បព្វជិត​សាសនា តាជី​ដូនជី ចូលរួម​ជំរុញ កម្មវិធី​អក្ខរកម្ម​វិជ្ជាជីវៈ​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​តាមរយៈ​ការទេសនា​អប់រំ​អំពី​សារៈប្រយោជន៍​នៃ​ការរៀនសូត្រ អំពី​សីលធម៌ និង​លើកកម្ពស់​វប្បធម៌​រស់នៅ​ក្នុង​ភាព​ជា​ពលរដ្ឋ​សកល​»​។

លោក​ ហ៊ុន សែន បាន​បន្ថែមទៀតថា ប្រធាន​រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន​ឯកជន​ត្រូវ​ជួយ​ជំរុញ​បើក​ថ្នាក់​អក្ខរកម្ម​គួបផ្សំ​ជាមួយ​ថ្នាក់​បំប៉ន​មុខជំនាញ​វិជ្ជាជីវៈ​ផ្សេងៗ​ដល់​​កម្មករ-កម្មការិនី ដើម្បី​ជា​ប្រយោជន៍​របស់​ពួកគេ​ផង និង​ជា​ប្រយោជន៍​ដល់​ម្ចាស់​រោងចក្រ​សហគ្រាស​ផង​។

លោក​មានប្រសាសន៍​ថា​៖ «​យើង​ទាំងអស់​គ្នា​ត្រូវ​ចងចាំ​ថា មាន​អក្ខរកម្ម​មាន​ការគិតគូរ និង​ការសម្រេច​ចិត្តបាន​ត្រឹមត្រូវ​មាន​អក្ខរកម្ម នាំឱ្យ​ការអភិវឌ្ឍ​សហគមន៍​កាន់តែ​រីកចម្រើន មាន​អក្ខរកម្ម មាន​សុខដុម​ជីវិត​បុគ្គល​គ្រួសារ ​និង​សង្គម​»​។

លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ផងដែរ​ថា ទោះបី​ជា​ការបន្ត​ឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ-១៩ មិន​អនុញ្ញាត​ឱ្យ​មាន​ការជួបជុំ​ប្រារព្ធ​ទិវា​អក្ខរកម្ម​ជាតិ​ ៨ ​កញ្ញា​ដោយផ្ទាល់​មុខ​ដូច​សព្វដង​ក៏ដោយ ក៏​ទិវា​ជាតិ​ប្រចាំ​ឆ្នាំនេះ ត្រូវបាន​រៀបចំ​ឡើង​ក្នុង​ទម្រង់​ជា​យុទ្ធនាការ​តាម​ប្រព័ន្ធ​អនឡាញ និង​ពី​ចម្ងាយ​តាម​គ្រប់​រូបភាព​បានដែរ​៕