ភ្នំពេញៈ ស្នងការនគរបាល​រាជធានីភ្នំពេញ​នៅព្រឹក​ថ្ងៃទី ២ ខែកញ្ញានេះ បាន​បង្ហាញ​ឯកសារ​ចាំបាច់​មួយចំនួន ដែល​តម្រូវឱ្យ​ប្រជាពលរដ្ឋ​ភ្ជាប់មក​ជាមួយ​នៅពេល​ត្រូវការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ដើម្បី​កុំឱ្យមាន​ការ​ខ្វះខាត​ឯកសារ។

ស្នងការនគរបាល​រាជធានីភ្នំពេញ​បាន​បញ្ជាក់ថា ប្រសិនបើ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​រាជធានីភ្នំពេញ ដែលមាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ ហួស​សុពលភាព​ក្នុងការ​ប្រើប្រាស់ និង​គ្រប់អាយុ​ចាប់ពី ១៥ ឆ្នាំឡើង សូម​ទៅធ្វើ​ថ្មី នៅ​តាម​អធិការដ្ឋាននគរបាល​ខណ្ឌ ប៉ុស្ដិ៍នគរបាលរដ្ឋបាល​នៅ​ជាន់ទី២ នៃ​ផ្សារទំនើប​អ៊ីអន ២ សែនសុខ ឬ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ។

បើតាម​ស្នងការ​នគរបាល​រាជធានីភ្នំពេញ ពលរដ្ឋ​ត្រូវ​ភ្ជាប់មក​ជាមួយ​នូវ សេចក្ដី​ចម្លង​សំបុត្រ​កំណើត សេចក្ដី​ចម្លង​សំបុត្រ​បញ្ជាក់​កំណើត​របស់​សាមីខ្លួន និង​សៀវភៅ​ស្នាក់នៅ ឬ​សៀវភៅ​គ្រួសារ​របស់​សាមីខ្លួន។ បើ​ជនបរទេស​ត្រូវមាន​ព្រះរាជក្រឹត្យ​ចូល​សញ្ជាតិខ្មែរ។

ដោយឡែក សម្រាប់​សៀវភៅ​ស្នាក់នៅ ត្រូវ​ភ្ជាប់មក​ជាមួយ​នូវ សេចក្ដី​ចម្លង​សំបុត្រ​កំណើត សេចក្ដី​ចម្លង​សំបុត្រ​បញ្ជាក់​កំណើត អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ សំបុត្រ​អាពាហ៍ពិពាហ៍ (ប្រសិនបើមាន) និង​លិខិត​អនុញ្ញាត​ផ្លាស់ប្ដូរ​ទីលំនៅ​ពី​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល ទីកន្លែង​ដែល​សាមីខ្លួន​ធ្លាប់​រស់នៅ (ប្រសិនបើ​មានការ​ផ្លាស់ប្ដូរ​ទីកន្លែង​រស់នៅ)។

ចំណែក​ប្រជាពលរដ្ឋ​ដែលត្រូវ​ធ្វើ​សៀវភៅ​គ្រួសារ ស្នងការនគរបាល​រាជធានីភ្នំពេញ បាន​ណែនាំ​ឱ្យ​ភ្ជាប់មក​ជាមួយ​នូវ សៀវភៅ​ស្នាក់នៅ សេចក្ដី​ចម្លង​សំបុត្រ​កំណើត សេចក្ដី​ចម្លង​សំបុត្រ​បញ្ជាក់​កំណើត អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ សំបុត្រ​អាពាហ៍ពិពាហ៍។

ស្នងការនគរបាល​រាជធានីភ្នំពេញ​បញ្ជាក់ថា ក្នុង​ករណី​យឺតយ៉ាវ​ប្រជាពលរដ្ឋ​អាច​ផ្ដល់​ព័ត៌មាន តាមរយៈ​លេខទូរសព្ទ៖ 069 516 999, 012 916 208៕