កំពង់ឆ្នាំង/ព្រះវិហារៈ ជន​ប្រុស​ស្រី​ ៤ ​នាក់ ​ត្រូវបាន​តុលាការ​សម្រេច​ធ្វើការ​ចោទប្រកាន់ និង​បញ្ជូនទៅ​ឃុំខ្លួន​ពីបទ​ជួញដូរ​គ្រឿងញៀន​ជាង​ ៣១ ​ក្រាម និង​ជាង​ ៨០០ ​គ្រាប់​ក្នុង​សំណុំរឿង​ចំនួន​ ២ ​ដាច់ដោយឡែក​ពីគ្នា នៅក្នុង​ខេត្ត​កំពង់ឆ្នាំង និង​នៅ​ខេត្តព្រះវិហារ នៅ​ថ្ងៃទី​ ១ និង​ទី​ ២ ​កញ្ញា​។

លោក អ៊ិត សុធា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​ប្រាប់​នៅ​ថ្ងៃទី​ ២ ​កញ្ញា​ថា ជន​ទាំងនោះ​ទី​១- ​ឈ្មោះ ព្រៃ សំអុន ភេទ​ប្រុស​ អាយុ ២៦ ​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ ទី​២- ​ឈ្មោះ ព្រៃ សំអាង ភេទ​ប្រុស​អាយុ ៣៧ ​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​ (​បងប្អូន​បង្កើត​) ​និង​ឈ្មោះ ម៉ែន សារ៉ុម ភេទ​ស្រី​ អាយុ ៥៨ ឆ្នាំ​ជា​កសិករ ពួកគេ​រស់នៅ​ភូមិ​ឧទុម្ពរ ឃុំ​ស្វាយជ្រំ ស្រុក​រលាប្អៀរ ខេត្ដ​កំពង់ឆ្នាំង​។

លោក​ថ្លែងថា​៖ «​ជន​ទាំង​ ៣ ​នាក់​​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រក្សាទុក ដឹកជញ្ជូន ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុញៀន​។ ពួកគេ​ត្រូវ​ចោទ​តាម​មាត្រា​ ៤០ ​ច្បាប់​ស្តីពី​ការត្រួត​ពិនិត្យ​គ្រឿងញៀន​»​។

លោក​ ហ៊ុល វាសនា ស្នងការរង​ទទួល​ផែន​នគរបាល​ប្រឆាំង​គ្រឿងញៀន ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​នៅ​ថ្ងៃទី​ ២ ​កញ្ញា​ថា មុន​មាន​ការឃាត់ខ្លួន​ជន​ត្រូវ​ចោទ​ទាំង​ ៣ ​នាក់​នេះ គឺ​សមត្ថកិច្ច​ជំនាញ​បាន​ប្រើពេល​តាមដាន​ជាច្រើន​ថ្ងៃ​មកហើយ​។

ក្រោយពី​បាន​ធ្វើការ​ស្រាវជ្រាវ​ និង​ស៊ើបអង្កេត​យ៉ាង​ល្អិតល្អន់​ហើយ​នោះ សមត្ថកិច្ច​បាន​ចេញ​បង្ក្រាប​នៅ​ថ្ងៃទី​ ៣១ ​សីហា នៅក្នុង​ភូមិ​ឧទុម្ពរ ឃុំ​ស្វាយជ្រំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។

លោក​ប្រាប់ថា​៖ «​ការងារ​នេះ យើង​បាន​បង្ក្រាប​ជាក់ស្តែង ខណៈ​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​»​។ បើតាម​លោក​ វាសនា ថា វត្ថុតាង​ដែល​សមត្ថកិច្ច​បង្ក្រាបបាន​មាន​សារធាតុ​ញៀន​សរុប​ចំនួន​ ៥១ ​កញ្ចប់ ស្មើ​និង ៣១,១១ ក្រាម ទូរស័ព្ទដៃ​ ២ ​គ្រឿង និង​លុយ​ខ្មែរ​ចំនួន ១៥ ​លាន​រៀល រួមទាំង​ឧបករណ៍​សម្រាប់​វេចខ្ចប់​ថ្នាំញៀន​មួយចំនួនទៀត​។

ដោយឡែក នៅឯ​ខេត្ត​ព្រះវិហារ​ស្ត្រី​ម្នាក់​ត្រូវបាន​តុលាការខេត្ត​សម្រេច​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​កាលពី​ថ្ងៃទី​ ១ ​កញ្ញា ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​ដូចគ្នានេះ​ផងដែរ​។

លោក ស៊ុន ចលនា នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ខេត្ត​បានឱ្យដឹង​នៅ​ថ្ងៃទី​ ២ ​កញ្ញា​ថា ស្ត្រី​ត្រូវ​ចោទ​ឈ្មោះ អិត ណាងណយ អាយុ​ ២៧ ​ឆ្នាំ​ត្រូវ​បាន​ចៅក្រម​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ហើយពី​ថ្ងៃទី​ ១ ​កញ្ញា​។

លោក​បាន​បញ្ជាក់ថា​៖ «​ស្ត្រី​ម្នាក់នេះ​ត្រូវ​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ​រក្សាទុក ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​តាម​មាត្រា​ ៤០ ​នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​»​។

លោក ស៊ុន ចលនា បន្ថែម​ថា ស្ត្រី​រូបនេះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន នៅក្នុង​ពេល​កំពុង​ជួញដូរ​គ្រឿងញៀន​កាលពី​ថ្ងៃ​ទី​ ៣១ ​សីហា ឆ្នាំ​ ២០២១ ស្ថិត​នៅ​ក្នុងភូមិ​កំពង់សាមី ឃុំ​កំពង់ស្រឡៅ​ ២ ស្រុក​ឆែប ខេត្ត​ព្រះវិហារ​។

នៅក្នុង​ពេល​ចុះ​ប្រតិបត្តិការ​ឃាត់ខ្លួន​ស្ត្រី​រូបនេះ សមត្ថកិច្ច​រឹបអូស​បាន​មាន​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន ៨៦៤ ​គ្រាប់ ប្រាក់​ខ្មែរ និង​ប្រាក់​ដុល្លារ​មួយចំនួន​ទៀត​៕