The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - បែ​ត្រី​វៀតណាម​ខ្លះបាន​រើចេញ និង​ចត​រង់ចាំ​ការសម្រេច​ឱ្យចូល​វៀតណាម​វិញ

បែ​ត្រី​វៀតណាម​ខ្លះបាន​រើចេញ និង​ចត​រង់ចាំ​ការសម្រេច​ឱ្យចូល​វៀតណាម​វិញ

Content image - Phnom Penh Post
ផ្ទះ​បណ្ដែតទឹក​លើ​ទូក និង​បែ​ចិញ្ចឹម​ត្រី ដែល​អាជ្ញាធរ​ឱ្យ​រើ​ចេញពី​ក្នុង​ទឹក​នៅ​តំបន់​ភ្នំពេញ​។ ហ៊ាន រង្សី

បែ​ត្រី​វៀតណាម​ខ្លះបាន​រើចេញ និង​ចត​រង់ចាំ​ការសម្រេច​ឱ្យចូល​វៀតណាម​វិញ

ភ្នំពេញៈ ក្រុម​និគមជន​វៀតណាម ដែល​រស់នៅ​លើ​ផ្ទះ​បណ្ដែតទឹក និង​បែ​ចិញ្ចឹម​ត្រី ដែល​បាន​ចល័ត​ចេញពី​រាជធានី​ភ្នំពេញ ទៅកាន់​តំបន់​ខ្សែទឹក​ខាងក្រោម​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម​នោះ​បាន​នាំគ្នា​រុះរើ​បែ​ចិញ្ចឹម​ត្រី​របស់​ពួកគេ ហើយ​មក​រស់នៅ​លើ​ដីគោក​ជា​បណ្ដោះអាសន្ន​ក្នុង​តំបន់​ក្អមសំណ​ក្នុង​ភូមិសាស្ត្រ​ស្រុក​លើកដែក ខេត្តកណ្ដាល និង ស្រុក​ពាមជរ ខេត្តព្រៃវែង ដើម្បី​រង់ចាំ​វិលត្រឡប់​ចូលទៅក្នុង​ប្រទេស​វៀតណាម​វិញ​។ នេះ​បើតាម​ការអះអាង​របស់​អាជ្ញាធរ​មូលដ្ឋាន​។

លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុក​លើកដែក​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១ ខែកញ្ញា​នេះ​ថា​៖ «​មកដល់ពេលនេះ មាននៅ​សល់​បែ​ត្រី​ប្រមាណ​ ៦០ ​ទៀត​ប៉ុណ្ណោះ ដែល​មិនទាន់​រុះរើ​ដោយសារ​តែ​ត្រី​ដែល​ពួកគេ​បាន​ចិញ្ចឹម​នោះ នៅ​មិនទាន់​ដល់ពេល​ត្រូវ​ប្រមូល​ផល ឬ លក់​ចេញ​នៅឡើយ​»​។

លោក ច័ន្ទវិទ្យា ថ្លែងថា ប្រភេទ​ត្រី​ដែល​ពួកគេ​បាន​ចិញ្ចឹម​នោះ​ជា​ត្រី​ឆ្ដោ និង​ត្រី​ប្រា ដែល​អាច​ប្រមូលផល​បាន​នៅក្នុង​ខែតុលា និង​វិច្ឆិកា​។

លោក សេង ធា អភិបាលស្រុក​ពាមជរ បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា បែ​ចិញ្ចឹម​ត្រី​ចំនួន​ ២៤ និង​ទូក​តូចៗ​ចំនួន​ ៦៦ ដែលមាន​ចំនួន​មនុស្ស​ប្រមាណ​ ២០០ ​នាក់ ដែល​បាន​ចល័ត​ចេញ​មកពី​រាជធានី​ភ្នំពេញ​នោះ ហើយ​បាន​ស្នាក់​នៅលើ​ផ្ទៃ​ទឹក​ជាប់​ច្រកព្រំដែន​អន្តរជាតិ​កោះ​រកា នាពេល​កន្លងមក​នោះ​ត្រូវ​បាន​រុញច្រាន​ឱ្យទៅ​កាន់​តំបន់​ក្អមសំណ​ក្នុង​ភូមិសាស្ត្រ​ស្រុក​លើកដែក ខេត្តកណ្ដាល​។

លោក​បាន​បញ្ជាក់ថា​៖ «​ដោយសារ​បារម្ភ​ពី​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​ផង និង​ដើម្បី​រក្សា​សុវត្ថិភាព សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន អាជ្ញាធរ​មូលដ្ឋាន​យើងខ្ញុំ មិន​អនុញ្ញាត​ឱ្យ​ពួកគេ​ចូល​ចត​ ឬ​ឡើងគោក​នោះទេ​»​។

យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​ស្រុក​លើកដែក​ខេត្តកណ្ដាល និង អាជ្ញាធរ​ស្រុក​ពាមជរ ខេត្តព្រៃវែង កាលពី​ថ្ងៃទី​ ២៣ ខែ មិថុនា ឆ្នាំ​ ២០២១ បាន​បង្ហាញថា អ្នករស់នៅ​លើ​ទូក ផ្ទះ​បណ្ដែត​ទឹក និង​បែ​ចិញ្ចឹម​ត្រី ដែល​បាន​ចល័ត​ចេញពី​ផ្ទៃ​ទន្លេ​នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ត្រឡប់​ចូលទៅក្នុង​ប្រទេស​វៀតណាម​វិញ​នោះ មាន​សរុប​ជាង​ ១ ​ពាន់​នាក់​ហើយ​ពួកគេ​ត្រូវបាន​រារាំង​ដោយ​អាជ្ញាធរ​វៀតណាម ដោយសារ​តែ​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក ហាំ ធូ អធិការ​ស្រុក​លើកដែក​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា ផ្ទះ​បណ្ដែតទឹក និង​បែត្រី សរុប​ចំនួន​ ១០០ និង​មនុស្ស​ប្រមាណ​ ១ ​ពាន់​នាក់​បាន​ចត​ជា​បណ្ដោះអាសន្ន​នៅលើ​ផ្ទៃទន្លេ​នៃ​ព្រំ​ដែនទឹក​កម្ពុជា ជាប់​ច្រកព្រំដែន​អន្តរជាតិ​ក្អម​សំណ បន្ទាប់ពី​អាជ្ញាធរ​វៀតណាម​បាន​យកសា​ឡង់​ដឹក​ខ្សាច់ និង​នាវា​ល្បាត​ដាក់​បិទខ្ទប់​ផ្លូវ​នាវាចរណ៍​ក្នុង​ប្រទេស​វៀតណាម ដើម្បី​រារាំង​ពួកគេ​មិនឱ្យ​ឆ្លង​ចូលទៅក្នុង​ប្រទេស​វៀតណាម​វិញ​។

លោក​បាន​បញ្ជាក់ថា​៖ «​តាមរយៈ​ការសម្របសម្រួល​របស់​នគរបាល​អន្តោប្រវេសន៍​ក្នុង​តំបន់​នោះ ពួកគេ​ត្រូវ​បាន​ឱ្យ​ស្នាក់នៅ​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ការសម្រេច​របស់​អាជ្ញាធរ​វៀតណាម​ក្នុង​ការបើកផ្លូវ​ទឹក​ឱ្យ​ពួកគេ​ត្រឡប់​ចូល​វៀតណាម​វិញ​»​។

យ៉ាងណាក៏ដោយ​រហូតមក​ទល់​ពេលនេះ អាជ្ញាធរ​ព្រំដែន​ប្រទេស​វៀតណាម​នៅ​មិនទាន់​បើកចំហ​ព្រំដែន​គោក និង​ទឹក​នៅឡើយ​ទេ ដោយសារ​បញ្ហា​​កូវីដ​ ១៩ ​បំប្លែង​ថ្មី មាន​ការឆ្លង​រីករាលដាល​ខ្លាំងពេក​។

លោក ហាំ ធូ បាន ថ្លែងថា​៖ «​ថ្វីបើ​យ៉ាង​ដូច្នេះ​ក្ដី មកទល់​ពេលនេះ ប្រជានិគម​ជនជាតិ​វៀតណាម​ទាំងនោះ ប្រមាណ​ជិត​ ៦០ ​ភាគរយ​ហើយ​ដែល​បាន​រុះរើ​បែ​ត្រី​របស់ខ្លួន ហើយ​មក​រស់នៅ​ទីតាំង​ដីគោក​ជា​បណ្ដោះអាសន្ន​តាម​ការរៀបចំ​របស់​អាជ្ញាធរ​មូលដ្ឋាន​នៃ​ប្រទេស​កម្ពុជា​»​។

លោក ស៊ឹម ឈី ប្រធាន​សមាគម​ខ្មែរ-វៀតណាម​ប្រចាំ​កម្ពុជា​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១ ខែកញ្ញា​ថា ស្ថានភាព​រស់នៅ​របស់​ប្រជានិគម​ជនជាតិ​វៀតណាម​ដែល​បាន​ចល័ត​ចេញពី​ផ្ទៃ​ទន្លេ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ត្រឡប់​ចូលទៅក្នុង​ប្រទេស​វៀតណាម​វិញ​នោះ កំពុង​ជួប​ប្រឈម​បញ្ហា​ជីវភាព ដោយសារ​តែ​ពួកគេ​មិនអាច​បន្ត​មុខរបរ​ចិញ្ចឹម​ត្រី​របស់​ពួកគេ​តទៅ​ទៀត​បាន​។

លោក​បាន​ថ្លែងថា​៖ «​ពួកគេ​មួយចំនួន បាន​បង្ខំចិត្ត​វិលត្រឡប់​មក​ជួល​ផ្ទះ​នៅក្នុង​រាជធានី​ភ្នំពេញ​វិញ ដើម្បី​រក​ការងារ​ធ្វើជា​កម្មករសំណង់ ជា​បណ្ដោះអាសន្ន ព្រោះ​នៅពេលនេះ ពួកគេ​មិនអាច​ត្រឡប់​ចូល​ទៅក្នុង​ប្រទេស​វៀតណាម​បានទេ ដោយសារ​តែ​អាជ្ញាធរ​ព្រំដែន​បាន​បិទខ្ទប់​ព្រំដែន ការពារ​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩​។ ម្យ៉ាងទៀត​ពួកគេ​មួយចំនួន បាន​កើត​នៅ​កម្ពុជា ដែល​មិនមាន​ឯកសារ​ច្បាស់លាស់​បញ្ជាក់ថា​ជា​ជនជាតិ​វៀតណាម​នោះទេ​»​។

លោក ឈី អះអាង​ថា​នៅពេល​នេះ​ពួកគេ​មួយចំនួន​បាននាំគ្នា​ឡើងមក​ស្នាក់​នៅលើ​ដីគោក ក្នុង​តំបន់​ក្អម​សំណ ក្នុង​ភូមិសាស្ត្រ ស្រុក​លើកដែក ខេត្តកណ្ដាល​ជា​បណ្ដោះអាសន្ន តាម​ការសម្របសម្រួល​របស់​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ ២ កម្ពុជា​ និង​វៀតណាម ដើម្បី​រង់ចាំ​ការត្រួតពិនិត្យ សំណុំ​ឯកសារ​មួយចំនួន​ទៅតាម​ផ្លូវច្បាប់ ថា​តើ​​ពួកគេ​ប៉ុន្មាន​គ្រួសារ ដែល​អាច​ត្រឡប់​ចូលទៅក្នុង​ប្រទេស​​វៀតណាម​វិញ​បាន​។

ប្រធាន​សមាគម​រូបនេះ​បាន​ថ្លែងថា​៖ «​ក្នុងអំឡុង​ពេលនេះ ពួកគេ​ត្រូវតែ​គោរព​ច្បាប់ និង ការណែនាំ​របស់​អាជ្ញាធរ​កម្ពុជា បើ​ពុំនោះ​ពួកគេ​ត្រូវ​ទទួល​ខុសត្រូវ​ដោយ​ខ្លួនឯង​»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍