ភ្នំពេញៈ អង្គភាព​ប្រឆាំង​អំពើពុករលួយ (​អ.ប.ព) បានស្នើ​ដល់​អាជ្ញាធរ​ខេត្តតាកែវ​មាន​វិធានការ​បន្ទាន់​ក្នុង​ការទប់ស្កាត់​ការជីក​យក​អាចម៍ដី និង​ដោះស្រាយ​ជម្លោះដីធ្លី​ក្នុង​ខេត្តតាកែវ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ អ.ប.ព នៅ​ថ្ងៃទី​ ៣១ ខែសីហា ដែល​ភ្នំពេញ-ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃទី​ ១ ខែកញ្ញា បាន​ឱ្យ​ដឹងថា ក្រោយពី​បានទទួល​ពាក្យ​ប្តឹង​អនាមិក​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី ជីក​យក​អាចម៍ដី​លុប​បំពេញ សាងសង់​សំណង់​រឹងមាំ និង​ការទិញ​លក់​ដីធ្លី​ក្នុង​បរិវេណ​នៃ​អាងទឹក​តាកែវ​ក្នុង​ក្រុង​ដូនកែវ ខេត្តតាកែវ ក្រុម​ការងារ អ.ប.ព បាន​ចុះ​ស្រាវជ្រាវ​ដល់​ទីតាំង​ជាក់ស្តែង ហើយ​ពិនិត្យឃើញ​ថា បាតុភាព​ដែល​ពាក្យ​ប្តឹង​បាន​លើកឡើង​អាចជា​ទំនាស់​ ឬ​ជា​កំហុស លើ​ករណី​ផ្សេង​ក្រៅពី​សមត្ថកិច្ច​របស់ អ.ប.ព ក្នុងនោះ​មានដូចជា ការជីក​យក​អាចម៍ដី​ពី​ផ្ទៃដី​បាត​បឹង ការចាក់ដី​លុប​ផ្ទៃ​អាងទឹក ការសាងសង់​សំណង់​ក្នុង​បរិវេណ​អាងទឹក ព្រមទាំង​មាន​ការទិញ​លក់​ដីធ្លី​ក្នុង​បរិវេណ​អាងទឹក​ដោយ​មាន​ការបញ្ជាក់​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​ទៀតផង​។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ អ.ប.ព សរសេរថា​៖ «​ផ្អែក​តាម​លទ្ធភាព​ខាងលើនេះ អ.ប.ព បានស្នើ​ដល់​អាជ្ញាធរ​ខេត្តតាកែវ​ត្រូវមាន​វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ចំពោះ​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​ករណីនេះ ដើម្បី​ធានា​ដល់​និរន្តរភាព​នៃ​ការប្រើប្រាស់​អាងទឹក​តាកែវ​»​។

យ៉ាងណា​ក៏ដោយ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បញ្ជាក់ថា នៅតែ​បន្ត​តាមដាន​ករណីនេះ និង​មាន​វិធានការ​តាមផ្លូវ​ច្បាប់​បន្តបន្ទាប់​ទៀត តាម​សភាព​វិវឌ្ឍន៍​ជាក់ស្តែង​។

លោក លី សាវេត អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​តាកែវ​ថ្លែង​នៅ​ថ្ងៃទី​ ១ ខែកញ្ញា​នេះ​ថា អាជ្ញាធរ​ខេត្តតាកែវ​បានធ្វើការ​នេះ​តាំង​ពីមុន​​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ម្ល៉េះ​។ ក្នុងនោះ អាជ្ញាធរ ក៏បាន​ចុះទៅ​ឃាត់​សកម្មភាព និង​ត្រួតពិនិត្យ និង​កំពុង​បន្ត​ស្រាវជ្រាវ​ និង​ធ្វើ​កិច្ចការងារ​នេះ​បន្តទៀត​។

យ៉ាងណា​ចំពោះ​ការស្នើសុំ​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​ចេញ​នៅ​ថ្ងៃទី​ ៣១ ខែសីហា​នេះ អាជ្ញាធរខេត្ត​នៅ​មិនទាន់​មាន​ការសម្រេច​អ្វី​ថ្មី​នៅឡើយ​។

លោក​ថ្លែងថា​៖ «​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទើបតែ​ប្រកាស​នេះ ឯកឧត្តម​អភិបាល​មិនទាន់​មាន​វិធានការ​អ្វី​បន្ថែម​ទេ​។ មានន័យថា អត់​ទាន់​មាន​ការប្រជុំ​គ្នា អត់​ទាន់​មាន​ការបញ្ជា​ទៅខាង​ណា ឱ្យធ្វើ​អី គឺ​នៅទេ​»​។

លិខិត​មួយទៀត​របស់ អ.ប.ព ចេញ​នៅ​ថ្ងៃ​ដដែល​នោះ​បាន​ឱ្យ​ដឹងថា បន្ទាប់ពី​ទទួលបាន​ពាក្យ​ប្តឹង​អនាមិក​ពាក់ព័ន្ធ​ករណី​ចោទប្រកាន់ថា មាន​ការដេញ​ប្រជាពលរដ្ឋ​ចេញពី​ទំ​តាំងធ្វើ​ស្រែចម្ការ​ក្នុង​ភូមិ​ព្រៃក្តួច ភូមិ​បុស្សតាផង់ ភូមិ​ស្រែជើងរាស្ដ្រ ក្នុង​ឃុំ​ត្រពាំងក្រញូង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

ក្រុមការងារ អ.ប.ព ក៏បាន​ចុះ​ស្រាវជ្រាវ​ដល់​ទីតាំង​ជាក់ស្តែង និង​ពិនិត្យ​លើ​ឯកសារ​ពាក់ព័ន្ធ ដោយ​ទទួល​បាន​លទ្ធផល​ជាក់ស្តែង​គឺ អភិបាល​នៃ​គណៈអភិបាលស្រុក​ត្រាំកក់ ខេត្ត​តាកែវ មិនបាន​ប្រព្រឹត្ត​ដូចការ​លើកឡើង​ក្នុង​ពាក្យ​ប្តឹង​ពាក់ព័ន្ធ​នឹង​ការដេញ​ប្រជាពលរដ្ឋ​ចេញពី​ទីតាំង​ធ្វើស្រែ​ចម្ការ​របស់​ពួកគាត់​ទេ ផ្ទុយទៅវិញ​គឺ​ខិតខំ​ជំរុញ​ដោះស្រាយ​ក្នុង​ការងារ​នេះ​។ ​ទីតាំង​ដី​ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​ជម្លោះ​នោះ​ត្រូវ​បាន សជណ ចុះ​ថ្ងៃទី​ ៥ ខែតុលា ឆ្នាំ​ ២០១៧ របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី និរាករណ៍​រាល់​ការកាន់កាប់​ពីមុន​ទាំងអស់ ហើយ​តម្រូវឱ្យ​រដ្ឋបាល​ខេត្តតាកែវ និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ធ្វើការ​ដោះស្រាយ​ជម្លោះដីធ្លី​ទាំងនោះ ដើម្បី​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ឆាប់​។

ក្នុង​លិខិត អ.ប.ព បាន​សរសេរថា​៖ «​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បន្ត​តាមដាន​ករណីនេះ និង​មាន​វិធានការ​តាមផ្លូវ​ច្បាប់​ក្នុងករណី​រកឃើញ​អំពើពុករលួយ​»​។

លោក លី សាវេត អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​តាកែវ​ថ្លែង​នៅ​ថ្ងៃទី​ ១ ខែកញ្ញា​នេះ​ថា មកទល់​ពេលនេះ រដ្ឋបាលខេត្ត និង​មន្ទីរជំនាញ​កំពុង​បន្ត​ចុះ​វាស់វែង និង​រៀបចំ​បិទផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​វិនិច្ឆ័យ និង​ត្រៀម​ផ្តល់​បណ្ណ​ជូន​ប្រជាពលរដ្ឋ​។ ជាមួយគ្នា​នោះអាជ្ញាធរ​ក៏​កំពុងធ្វើការ​សម្រួល​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​មួយចំនួន​ដែល​នៅ​មិនទាន់​សុខចិត្ត​ទទួល​យកតាម​ការបែងចែក​។ លោក​ថា​៖ «​យើង​អត់​មាន​ជម្រើស​អី​ក្រៅពី​សម្របសម្រួល​ទេ​។ ពេលនេះ អាជ្ញាធរ​ជំនាញ​កំពុង​ដោះស្រាយ​ជាមួយ​អ្នកកាន់កាប់​មួយចំនួន​ដែល​មិន​ព្រម​ទទួល​យកតាម​ស្មារតី សជណ ៩៦៨ ​និង​ ៩៦៩»៕