ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​មាន​ការប្ដេជ្ញាចិត្ត​ខ្ពស់ និង​កំណត់​យក​បញ្ហា​ថាមពល​អាកាសធាតុ និង​បរិស្ថាន ជា​របៀបវារៈ​គោលនយោបាយ​ដ៏សំខាន់ និង​សម្រាប់​រយៈពេល​វែង ក្រោម​អភិក្រម​ «​ជា​បញ្ហា​រួម ប៉ុន្តែ​ការអនុវត្ត​ផ្សេងៗ​គ្នា​ទៅតាម​ការទទួល​ខុសត្រូវ​ និង​សមត្ថភាព​រៀងៗ​ខ្លួន​»​។

ការថ្លែង​របស់លោក​ ហ៊ុន សែន គឺ​ស្រប​ពេលដែល​កម្ពុជា​បាន​ចាត់ទុក​ឥណទាន​កាបូន​ជា​ប្រភពធនធាន​ហិរញ្ញប្បទាន ប្រកបដោយ​ចីរភាព​ដ៏សំខាន់​មួយ​សម្រាប់​សកម្មភាព​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ហើយ​កម្ពុជា​បើកចំហ ទទួល​យក​ការចូលរួម​ក្នុង​ភាព​ជា​ដៃគូ ជាមួយ​បណ្តា​ប្រទេស​ និង​វិស័យ​ឯកជន​នានា ដែល​មាន​ចំណាប់អារម្មណ៍​។

លោកនាយក​រដ្ឋមន្ដ្រី​លើកឡើង​បែបនេះ តាមរយៈ​សុន្ទរកថា ក្នុង​វេទិកា​អភិវឌ្ឍន៍​ថាមពល​កាបូន​ទាប​ថៃ​យាន​ឆ្នាំ ២០២១ ក្រោម​មូលបទ «​ថាមពល អាកាសធាតុ បរិស្ថាន​»​។

វេទិកា​នេះ​មាន​ការចូលរួម​ពី​លោក Li Keqiang នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​លោក លោកស្រី ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​ជាច្រើន​ទៀតផង​ដែរ​។

លោកនាយក​រដ្ឋមន្ដ្រី​ថ្លែងថា​៖ «​ក្នុង​បរិការណ៍​ដែល​ពិភពលោក​ទាំងមូល បាននិង​កំពុង​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ការរៀបចំ​វេទិកា​នេះ​គឺជា​ការក្រើន​រំឭក​កុំឱ្យ​យើង​ទាំងអស់​គ្នា​បំភ្លេចចោល​នូវ​បញ្ហា​ថាមពល​អាកាសធាតុ និង​បរិស្ថាន ដែល​ទាមទារ​ឱ្យ​បន្ត​មានការ​យកចិត្តទុកដាក់ និង​ការទទួលខុសត្រូវ​តាមរយៈ​ការគិតគូរ​ជាប់​ជានិច្ច ក្នុង​ការស្វែងរក​ដំណោះស្រាយ​សកល​រួម​»​។

បើតាម​លោកនាយក​រដ្ឋមន្ដ្រី​ក្នុង​បរិការណ៍​ដែល​បណ្តា​ប្រទេស​ជាច្រើន បាននិង​កំពុង​គិតគូរ​រៀបចំ​ផែនការ​ស្ដារ​សង្គម​សេដ្ឋកិច្ច​ឡើងវិញ ការរៀបចំ​វេទិកា​នេះ​នឹង​បង្កើតជា​កាលានុវត្តភាព​ដ៏ល្អ​មួយ​ក្នុង​ការជំរុញ​សន្ទុះ​នៃ​ការអភិវឌ្ឍ​ថាមពល​កាបូន​ទាប សំដៅ​ដោះស្រាយ​បញ្ហា​ថាមពល​អាកាសធាតុ និង​បរិស្ថាន និង​ឈានទៅ​សម្រេចបាន​នូវ​គោលដៅ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព អាកាសធាតុ និង​គោលដៅ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ស្តីពី​ការ ប្រែប្រួល​អាកាសធាតុ​។

លោក​បាន​បញ្ជាក់ថា បញ្ហា​ថាមពល​អាកាសធាតុ និង​បរិស្ថាន​ជាពិសេស​ការប្រែប្រួល​អាកាសធាតុ នៅតែ​ជា​បញ្ហា ប្រឈម​ដ៏ចម្បង និង​ក្ដៅគគុក សម្រាប់​មនុស្សជាតិ​ទាំងមូល ដែល​បន្ត​គំរាមកំហែង​ដល់​សុខភាព​មនុស្ស​សន្តិសុខ​ស្បៀង​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​សេដ្ឋកិច្ច និង​ប្រព័ន្ធ​អេកូឡូស៊ី​ជារួម ជាពិសេស​តាមរយៈ​ការបង្ក​នូវ​គ្រោះធម្មជាតិ ដូចជា​គ្រោះទឹកជំនន់ និង​ភ្លើង​ឆេះ​ព្រៃ​ជាដើម​។

ការណ៍​នេះ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ភាពចាំបាច់​នៃ «​ការធ្វើបដិវត្ត​ថាមពល​ឱ្យបាន​លឿន និង​ប្រកបដោយ​យុត្តិធម៌ និង​សមធម៌ ដើម្បី​ផ្លាស់ប្តូរ​ពី​ការផលិត និង​ប្រើប្រាស់​ថាមពល​ដែល​បញ្ចេញ​កាបូន​ច្រើន​ទៅក្នុង​បរិយាកាស ឆ្ពោះទៅ​ការផលិត និង​ប្រើប្រាស់​ថាមពល​ស្អាត អាច​កកើត​ឡើងវិញ និង​មាន​ប្រសិទ្ធភាព​ជាង​មុន​»​។

លោក​ ហ៊ុន សែន​ បញ្ជាក់ថា​៖ «​ថ្វីដ្បិតតែ​កម្ពុជា​ជា​ប្រទេស​ដែលមាន​កម្រិត​នៃ​ការអភិវឌ្ឍ​ទាប រាជរដ្ឋាភិបាល​កម្ពុជា​មាន​ការប្ដេជ្ញាចិត្ត​ខ្ពស់ និង​កំណត់​យក​បញ្ហា​ថាមពល អាកាសធាតុ​ និង​បរិស្ថាន ជា​របៀបវារៈ​គោលនយោបាយ​ដ៏សំខាន់​ និង​សម្រាប់​រយៈពេល​វែង​ក្រោម​អភិក្រម ជា​បញ្ហា​រួម ប៉ុន្តែ​ការអនុវត្ត​ផ្សេងៗ​គ្នា ទៅតាម​ការទទួល​ខុសត្រូវ និង​សមត្ថភាព​រៀងៗ​ខ្លួន​»​។

លោក​បានឱ្យដឹងថា កាលពី​ថ្ងៃទី​ ៣១ ​ខែធ្នូ​ឆ្នាំ​ ២០២០ កម្ពុជា​បានដាក់​ជូន​លេខាធិការដ្ឋាន​នៃ​អនុសញ្ញា​ក្របខ័ណ្ឌ សហប្រជាជាតិ ស្តីពី​ការប្រែប្រួល​អាកាសធាតុ​នូវ​របាយការណ៍​បច្ចុប្បន្នភាព​នៃ​ការចូលរួម​ចំណែក​របស់​ជាតិ ដោយបាន​កំណត់​គោលដៅ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឱ្យបាន​ប្រមាណ​ ៦៤,៦ ​លាន​តោន សមមូល​ឧស្ម័ន កាបូ​និក​ត្រឹម​ឆ្នាំ​ ២០៣០ ​នៅក្នុង​វិស័យ​ព្រៃឈើ ថាមពល ឧស្សាហកម្ម កសិកម្ម​និង​ការគ្រប់គ្រង​សំណល់​។

លោកនាយក​រដ្ឋមន្ដ្រី​បញ្ជាក់ថា កម្ពុជា​ក៏​បាននិង​កំពុង​ខិតខំ​រៀបចំ​យុទ្ធសាស្ត្រ រយៈពេល​វែង ប្រកប​ដោយ​អព្យាក្រឹត្យភាព​កាបូន​ដោយ​រំពឹងថា នឹង​ចប់សព្វគ្រប់​នៅ​ចុងឆ្នាំ​ ២០២១ ​នេះ ខណៈ​ការដោះស្រាយ​បញ្ហា​ថាមពល អាកាសធាតុ និង​បរិស្ថាន​គឺជា​កិច្ចការ​ដ៏លំបាក​មួយ ដែល​ទាមទារ​ឱ្យមាន​ការចូលរួម ប្រកប​ដោយ​ស្មារតី​ទទួលខុសត្រូវ​ និង​ការប្តេជ្ញាចិត្ត​ខ្ពស់​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។

លោកនាយក​រដ្ឋមន្ដ្រី​បាន​អំពាវនាវ​ឱ្យមាន​ការពង្រឹង​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​រវាង​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុង​គោលបំណង​បង្កើត​ឱ្យបាន​នូវ​អនាគត​បៃតង​រួមគ្នា​មួយ ប្រកប​ដោយ​ចីរភាព ដោយ​មិន​ទុក​នរណា ម្នាក់​ចោល​នោះឡើយ​។

លោក​មានប្រសាសន៍​ថា​៖ «​ខ្ញុំ​ក៏​សូម​អំពាវនាវ​ផងដែរ ឱ្យមាន​ការប្ដេជ្ញាចិត្ត​ផ្នែក​នយោបាយ​ក្នុង​ការចូលរួម​ឱ្យអស់​លទ្ធភាព​ពី​គ្រប់​ប្រទេស​ទាំងអស់​នៅ​តាម​ដំណាក់កាល នៃ​ការអភិវឌ្ឍ​ប្រទេស​នីមួយៗ​របស់ខ្លួន​ក្នុង​ការជំរុញ​កំណើន​បៃតង ការកាត់បន្ថយ​ការបញ្ចេញ​កាបូន និង​ការធានា​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប ទទួលបាន​នូវ​ថាមពល​និរន្តរភាព​ក្នុង​តម្លៃ​សមរម្យ និង​មាន​ការបញ្ចេញ​កាបូន​ទាប​»​។

លោក​បន្តថា​៖ «​ខ្ញុំ​ក៏​សូម​លើកទឹកចិត្ត​ឱ្យមាន​ការជួយ​គ្នា​ទៅវិញទៅមក ប្រកបដោយ​ស្មារតី​សាមគ្គីភាព ជាពិសេស​តាមរយៈ​ការផ្ទេរ​បច្ចេកវិទ្យា និង​ការផ្តល់​ហិរញ្ញប្បទាន ជាពិសេស​ទៅដល់​បណ្តា​ប្រទេស​ដែលមាន​ធនធាន​ទាប​»​។

លោក​បន្តថា កម្ពុជា​ក៏បាន​កត់សម្គាល់​ដោយ​យកចិត្តទុកដាក់​ផងដែរ​នូវ​គំនិត​ផ្តួចផ្តើម​បង្កើត ផែនការ​ពាណិជ្ជកម្ម​ទីផ្សារ​ជួញដូរ​កាបូន​នៅក្នុង​ប្រទេស​ចិន​។ ប្រទេស​កម្ពុជា​ទទួលបាន​ជោគជ័យ​ក្នុង​ការចូលរួម​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងទៅនេះ ហើយ​កម្ពុជា​កំពុង​រៀបចំ​ការងារ​មួយចំនួន​បន្ថែមទៀត នៅក្រោម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ស្តីពី​ការប្រែប្រួល​អាកាសធាតុ​៕