ភ្នំពេញៈ សត្វត្មាត​៣ ប្រភេទ ដែល​មាននៅ​ប្រទេស​កម្ពុជា​គឺ​ត្មាតភ្លើង ត្មាត​ត្នោត និង​ត្មាតផេះ មាន​វត្តមាន​សរុប​ចំនួន ១៤០ ​ក្បាល នៅក្នុង​អាហារដ្ឋាន​ត្មាត ចំនួន​ ៤ កន្លែង​នៅ​តំបន់​ការពារ​ធម្មជាតិ​កម្ពុជា​។ លទ្ធផល​នេះ​ក្រសួង​ពាក់ព័ន្ធ​នឹង​អង្គការ​ដៃគូ​ចាត់ទុកថា ស្ថានភាព​សត្វ​ត្មាត​កម្ពុជា​មាន​សញ្ញាណ​វិជ្ជមាន​ឡើងវិញ​។

នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​អំពី​លទ្ធផល​នៃ​ការតាមដាន និង​កត់ត្រា​ពី​ស្ថានភាព​ប្រជាសាស្ត្រ​សត្វ​ត្មាត ដែល​បាន​ធ្វើឡើង​ក្នុង​ថ្ងៃ​ផ្សេងគ្នា​ក្នុង​ចន្លោះ​ខែកក្កដា​ និង​ខែសីហា​ឆ្នាំនេះ​។

លទ្ធផល​កត់ត្រា​ពី​ស្ថានភាព​ប្រជាសាស្ត្រ​សត្វត្មាត​បង្ហាញថា សត្វ​ត្មាត​ទាំង ៣ ប្រភេទ​ដែលមាន​នៅ​ប្រទេស​កម្ពុជា​នេះ​គឺ​ត្មាតភ្លើង ត្មាត​ត្នោត និង​ត្មាតផេះ មាន​វត្តមាន​សរុប​ចំនួន ១៤០ ​ក្បាល នៅក្នុង​អាហារដ្ឋាន​ត្មាត​សំខាន់ៗ​ចំនួន​ ៤ កន្លែង​នៅ​តំបន់​ការពារ​ធម្មជាតិ​កម្ពុជា គឺ​អាហារដ្ឋាន​ត្មាត​ដែនជម្រក​សត្វព្រៃ​សៀមប៉ាង​ក្នុង​ខេត្តស្ទឹងត្រែង អាហារដ្ឋាន​ត្មាត​ដែនជម្រក​សត្វព្រៃ​ឆែប​ក្នុង​ខេត្តព្រះវិហារ អាហារដ្ឋាន​ត្មាត​ដែនជម្រក​សត្វព្រៃ​សំបូរ​ក្នុង​ខេត្តក្រចេះ និង​អាហារដ្ឋាន​ត្មាត ដែនជម្រក​សត្វព្រៃ​ស្រែពក​ក្នុង​ខេត្តមណ្ឌលគិរី​។

សត្វត្មាត​ទាំង​ ៣ ​ប្រភេទ​នេះ សុទ្ធសឹង​តែ​ត្រូវបាន​ចាត់ថ្នាក់​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត​ក្នុង​បញ្ជី​ក្រហម​នៃ​អង្គការ IUCN​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​ស្ថានភាព​សត្វត្មាត​កម្ពុជា​មាន​សញ្ញាណ​វិជ្ជមាន ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​អភិរក្ស​សត្វត្មាត​កម្ពុជា តែ​ទាមទារ​បង្កើន​កិច្ចការពារ​បន្ថែមទៀត​។ ជាមួយ​លទ្ធផល​រាប់បាន​នៅ​ខែ​ចុងក្រោយ​នេះ យើង​ឃើញថា អាហារដ្ឋាន​ត្មាត​នៅ​ដែនជម្រក​សត្វព្រៃ​សំបូរ មាន​ការកើនឡើង​នូវ​ចំនួន​សត្វត្មាត​គួរឱ្យ​កត់សម្គាល់​»​។

អ្នកវិទ្យាសាស្ត្រ​នៃ​ក្រុមការងារ​អភិរក្ស​សត្វត្មាត​កម្ពុជា​បាន​សម្តែង​ការអបអរសាទរ ចំពោះ​សញ្ញាណ​វិជ្ជមាន​នៃ​ស្ថានភាព សត្វត្មាត​ទាំង ៣ ប្រភេទ​នេះ ខណៈ​ដែល​ពិភពលោក​តែង​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​ការយល់ដឹង​អំពី​សត្វ​ត្មាត​នៅ​សប្តាហ៍​ទី​ ១ ​នៃ​ខែកញ្ញា​ជា​រៀងរាល់​ឆ្នាំ​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា លទ្ធផល​នេះ គឺជា​ដំណឹង​ដ៏ល្អ សម្រាប់​ក្រុម​អ្នក​អភិរក្ស និង​សម្រាប់​ជីវៈចម្រុះ​នៅ​ប្រទេស​កម្ពុជា និង​នៅលើ​ពិភពលោក​។

លោក​ថ្លែងថា​ក្នុង​៖ «​ក្នុង​នាម​ក្រសួងបរិស្ថាន​សូម​កោតសរសើរ ចំពោះ​ក្រុមការងារ​ស្រាវជ្រាវ​នៃ​ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ​ទាំងអស់​នៃ​ក្រុមការងារ​អភិរក្ស​សត្វត្មាត​កម្ពុជា​ក៏ដូចជា​មន្ត្រី​ឧទ្យានុរក្ស​ទាំងអស់ ដែល​កំពុង​បំពេញ ភារកិច្ច​របស់ខ្លួន​នៅ​តាម​តំបន់​ការពារ​ធម្មជាតិ​នានា ដើម្បី​ការពារ​ និង​អភិរក្ស​ទីជម្រក​ធម្មជាតិ​នៃ​ដែនជម្រកសត្វព្រៃ ដែល​មាន​វត្តមាន​សត្វ​ត្មាត​»​។

លោក​បញ្ជាក់ថា ជា​លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះដែរ អ្នកវិទ្យាសាស្ត្រ​ក៏បាន​កត់ត្រា​ទុកជា​ពិសេស នូវ​ការវិលត្រឡប់​របស់​សត្វត្មាត​ត្នោត និង​ត្មាតផេះ មកកាន់​ទ្រនំ​របស់​ពួកវា​វិញ ក្នុង​ដែនជម្រក​សត្វព្រៃ​ស្រែ​ពក​ខេត្តមណ្ឌលគិរី ក្រោយ​អវត្តមាន​ពី​ទីនោះ​អស់​រយៈពេល​ជាង ៥ ​ឆ្នាំ​។

បើតាម​លោក ភក្ត្រា ​លទ្ធផល​នៃ​ការរាប់​ចំនួន​សត្វ​ត្មាត ដោយ​អាហារដ្ឋាន​ត្មាត នៅ​ដែនជម្រក​សត្វព្រៃ​សំបូរ​នៃ​តំបន់ ទេសភាព​ព្រៃ​លិចទឹក​មេគង្គ ក៏បាន​បង្ហាញថា ចំនួន​សត្វត្មាត​សរុប​ទាំង ៣ ប្រភេទ​បញ្ចូល​គ្នា​បាន​កើនឡើង ទ្វេដង សម្រាប់​តំបន់​នេះ​ពោលគឺ​ពី​ចំនួន​ ២០ ​ក្បាល​ដល់​ចំនួន ៤១ ​ក្បាល​សម្រាប់​រយៈពេល ២ ខែ​ចុងក្រោយ គឺ​ចន្លោះ​ចុងខែ មិថុនា​ដល់​ចុងខែ​សីហា​ឆ្នាំ​ ២០២១​។

លោក សេង ទៀក នាយក​អង្គការ WWF កម្ពុជា បាន​អបអរ ចំពោះ​ដំណឹង​ដ៏ល្អ​នេះ ដែល​លោក​ថា ពិតជា បាន​លើកទឹកចិត្ត​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់​នៃ​ប្រទេស​កម្ពុជា និង​ក្រុម​អ្នកជំនាញ​វិទ្យាសាស្ត្រ​នៃ​អង្គការ​ដៃគូ​ទាំងអស់​ក្នុង​ការបង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ជា​ប្រចាំ​បន្ថែមទៀត សំដៅ​ជំរុញ​ឱ្យ​ចំនួន​សត្វ​ស្លាប​ទាំងនេះ​មាន​កំណើន​ឡើងវិញ​នៅ​ថ្ងៃ​ខាងមុខ​។

លោក​ថ្លែងថា​៖ «​លទ្ធផល​ជាច្រើន​ដែល​ស្ថាប័ន​ជំនាញ​មន្ត្រី​ឧទ្យានុរក្ស អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ប្រជាជន​មូលដ្ឋាន​ និង​ដៃគូ​ទាំងអស់​សម្រេចបាន​ក្នុង​រយៈពេល​កន្លងមក ដើម្បី​គ្រប់គ្រង​តំបន់​ការពារ​ធម្មជាតិ ជា​កត្តា​រួមចំណែក​យ៉ាងសំខាន់​ដល់​ការរស់រាន​របស់​សត្វត្មាត​សំខាន់ៗ​ទាំងនេះ​។ វា​ជា​ការវិវត្ត​ដ៏វិជ្ជមាន​មួយ ដែល​ផ្តល់​ជា​ក្តីសង្ឃឹម​សម្រាប់​ការអភិរក្ស​ ដើម្បី​អភិវឌ្ឍន៍​នៅ​កម្ពុជា​»​។

តាម​សេចក្ដីប្រកាស​ព័ត៌មាន​រួម ក្នុងឱកាស​នៃ​ទិវា​អន្តរជាតិ​ដើម្បី​យល់ដឹង​អំពី​សត្វត្មាត​នេះដែរ ក្រុម​អ្នកវិទ្យាសាស្ត្រ និង​ស្រាវជ្រាវ​សត្វត្មាត​កម្ពុជា ក៏បាន​សម្តែង​នូវ​ការព្រួយបារម្ភ ចំពោះ​វត្តមាន​សត្វ​ត្មាត នៅ​កម្ពុជា ដែល​កំពុង​ទទួលរង​ការគំរាមកំហែង​ជិត​ផុត​ពូជ​។

បញ្ហា​ប្រឈម​ចម្បងៗ​របស់​សត្វត្មាត រួមមាន​ការបាត់បង់​ទីជម្រក ការបំពុល ការពុល​នឹង​សារធាតុ​គីមី ដែល​គេ​ប្រើប្រាស់ សម្រាប់​គោលដៅ​ផ្សេងៗ​ និង​សកម្មភាព​រំខាន​ដោយ​មនុស្ស វត្តមាន​ថ្នាំ​ព្យាបាល​សត្វ Diclofenac ការបរាជ័យ​នៃ​ការពង​កូន និង​កង្វះ​ចំណីអាហារ​។

លោក Alistair Mould ប្រធាន​ប្រតិបត្តិ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ និង​ជា​សហប្រធាន​ក្រុម​ការងារ​អភិរក្ស សត្វត្មាត​កម្ពុជា​ថ្លែងថា​៖ «​វា​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់ ដែល​យើង​ត្រូវ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ និង​សហគមន៍​មូលដ្ឋាន​ ដើម្បី​បង្កើន​ការយល់ដឹង និង​ការពារ​ទប់ស្កាត់​សកម្មភាព​បំពុល​គ្រប់​ប្រភេទ ដើម្បី​ជួយសង្គ្រោះ​សត្វត្មាត​នៅ​កម្ពុជា​ពី​ការផុត​ពូជ​»​។

បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន លទ្ធផល​ជំរឿន​សត្វត្មាត​ថ្នាក់ជាតិ គិត​ត្រឹម​ខែមិថុនា​ឆ្នាំ​ ២០២១ បាន​បង្ហាញថា សត្វត្មាត​មាន​ចំនួន​សរុប​ចំនួន ១២១ ​ក្បាល ក្នុង​នោះ​មាន​ត្មាតភ្លើង ២០ ​ក្បាល​ត្មាតផេះ ៦៦ ​ក្បាល និង​ត្មាត​ត្នោត​ ៣៥ ​ក្បាល​។

កាលបរិច្ឆេទ​សម្រាប់​ការធ្វើជំរឿន​សត្វត្មាត​ទូទាំងប្រទេស​លើក​ទី​ ៤ ​ឆ្នាំនេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ២០ ខែកញ្ញា ។

សេចក្ដី​ប្រកាស​បញ្ជាក់ថា ប្រទេស​កម្ពុជា​គឺជា​ក្តីសង្ឃឹម​ចុងក្រោយ សម្រាប់​ប្រភេទ​សត្វត្មាត​ទាំងនេះ នៅក្នុង​តំបន់​អាស៊ី អាគ្នេយ៍ ប៉ុន្តែ​ចំនួន​នេះ​បាន​ធ្លាក់ចុះ​ពាក់កណ្តាល​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​កន្លងមក​។

សកម្មភាព​សិក្សា​ស្រាវជ្រាវ​ និង​អភិរក្ស​សត្វត្មាត​នៅ​ប្រទេស​កម្ពុជា​បានចាប់ផ្តើម​ឡើង​តាំងពី​ឆ្នាំ​ ២០០៤ ដែល​នៅពេល​នោះ​ចំនួន​សត្វ​ត្មាត​ដែល​បាន​កត់ត្រា​ពេលធ្វើ​ជំរឿន មាន​ចំនួន​ ១៦២ ​ក្បាល ដែលជា​ទិន្នន័យ​ធ្វើ​ជំរឿន​លើកដំបូង​។ ទិន្នន័យ​ជំរឿន​ឆ្នាំ​ ២០១០ ​ចំនួន​សត្វត្មាត​បាន​កើន​ដល់ ២៨៩ ​ក្បាល​។

ក៏ប៉ុន្តែ​ចាប់ពី​ឆ្នាំ ២០១១ ដល់ ២០១៤ ចំនួន​សត្វត្មាត​មាន​ការថយចុះ​គួរឱ្យ​បារម្ភ​។ ចាប់ពី​ពាក់កណ្តាល ឆ្នាំ​ ២០១៤ រហូតដល់​បច្ចុប្បន្ន ចំនួន​សត្វត្មាត​ទាំង ៣ ​ប្រភេទ​មាន​ចន្លោះ​ពី ១២០ ទៅ​ ១៤០ ​ក្បាល​។ ដោយឡែក​ចំនួន​សម្បុក​ដែល​បាន​រកឃើញ​ និង​ការពារ​ក៏មាន​ការធ្លាក់ចុះ​ពី ២៧ ​សម្បុក នៅក្នុង​ឆ្នាំ​ ២០១៥ មក​សល់​ត្រឹម​ ១៤ ​សម្បុក​ក្នុង​ឆ្នាំ​ ២០២១ ​នេះ​។

លោក ប៊ូ វរសក្ស នាយក​ស្តីទី​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​ និង​ជា​នាយក​កម្មវិធី​អង្គការ BirdLife ថ្លែងថា នៅ​ដែនជម្រក​សត្វព្រៃ​លំផាត់ សម្បុក​ត្មាត​ចុងក្រោយ​បាន​រកឃើញ​ក្នុង​ឆ្នាំ​ ២០១៦​។ ការថយចុះ​នៃ​ចំនួន​សម្បុក​ត្មាត​ទូទាំងប្រទេស​ជា​កត្តា​គួរឱ្យ​បារម្ភ ដែល​តម្រូវឱ្យ​មាន​ការសិក្សា​ស្រាវជ្រាវ និង​បង្កើន​វិធាន​ ដើម្បី​ការពារ​សម្បុក​បន្ថែមទៀត​។

លោក​ថ្លែងថា​៖ «​យើងខ្ញុំ​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​ប្រជា​សហគមន៍​ឱ្យ​ចូលរួម​ទប់ស្កាត់​ការកាប់បំផ្លាញ​ដើមឈើ​ធំៗ​ដែល​ត្មាត​ជ្រើសរើស​ ដើម្បី​កាច់​សម្បុក​ និង​ការឡើង​យក​ពង​កូន​សត្វ​ជាដើម​»៕