បាត់ដំបងៈ ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​ខេត្តបាត់ដំបង​ថ្ងៃទី​ ២ ​កញ្ញា បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត​នេះ បន្ទាប់ពី​ឃាត់ខ្លួន​បាន​ ១ ​ថ្ងៃ​ពាក់ព័ន្ធ​ចាប់រំលោភ​ស្ដ្រី​ម្នាក់​មិនបាន​សម្រេច ប្រព្រឹត្ត​កាលពី​យប់​ថ្ងៃទី​ ៣០ សីហា នៅ​ឃុំ​ព្រៃស្វាយ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង​។

លោកស្រី ឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរង​ទទួល​ផែនការងារ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត​បាន​ឱ្យដឹង​ពីថ្ងៃ​ទី​ ២ ​កញ្ញា​ថា បុរស​សង្ស័យ​មានឈ្មោះ ខុម សុឃឿន អាយុ​ ៣០ ​ឆ្នាំ រស់នៅ​ឃុំ​ព្រៃស្វាយ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​ជនសង្ស័យ​ត្រូវបាន​បញ្ជូន​បន្តទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​នៅ​ថ្ងៃទី​ ២ ​កញ្ញា ជាប់​ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​មិនបាន​សម្រេច​»​។

ពាក់ព័ន្ធ​នឹង​ការឃាត់ខ្លួន​បុរស​រូបនេះ លោក ស គឹមឡុង អធិការនគរបាល​ស្រុក​មោងឫស្សី​ប្រាប់​ពីថ្ងៃ​ទី​ ២ ​កញ្ញា​ថា សមត្ថកិច្ច​បាន​អនុវត្ត ក្រោយ​ទទួល​ពាក្យបណ្ដឹង​ពី​ស្ត្រី​រងគ្រោះ​ឈ្មោះ ស.អ.ម អាយុ​ ២៦ ​ឆ្នាំ រស់នៅ​ឃុំ​ស្វាយព្រៃ ស្រុក​មោងឫស្សី ជាមួយ​ជនល្មើស​ដែរ ។

លោក​បានឱ្យដឹង​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​រងគ្រោះ​ថា គាត់​មាន​ប្ដី និង​មាន​កូនតូច​អាយុ​ជាង​ ១ ​ខួប​ម្នាក់ តែ​លោក​មិន​ចាំ​ថា​កូនប្រុស​ ឬ​ស្រី​ទេ​។ ​ចំណែក​ប្តី​របស់គាត់​ទៅ​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ ដោយ​ស្ត្រី​រងគ្រោះ​រស់នៅ​តែ​ ២ ​នាក់​ម្តាយ​​កូន​ប៉ុណ្ណោះ​នៅក្នុង​ភូមិ​កើតហេតុ​ខាងលើ​។

លោក​បាន​បន្តថា លុះ​នៅ​យប់​ថ្ងៃទី​ ៣០ សីហា ឆ្នាំ​ ២០២១ នៅវេលា​ម៉ោង​ប្រហែលជា​ ៩ ​យប់ ខណៈ​ជនរងគ្រោះ​កំពុង​សម្រាន្ត​លក់ ស្រាប់តែ​ជនសង្ស័យ​បាន​លបចូល​ទៅក្នុង​មុង​របស់​ស្ត្រី​រងគ្រោះ រួច​ចាប់​នាង​រំលោភ​សេពសន្ថវៈ តែ​មិន​​បាន​សម្រេច ដោយសារ​ស្ត្រី​រងគ្រោះ​បានដឹងខ្លួន ហើយ​ខំ​រើបម្រះ​ខ្លួន រួច​ស្រែក​ឱ្យ​អ្នកភូមិ​ជួយ​។ បន្ទាប់មក​អ្នកជិតខាង​បាននាំគ្នា​ចេញមក​ឆោឡោ​ ដើម្បី​ជួយ​ស្ត្រី​រងគ្រោះ​។

លោក​បន្តទៀតថា ភ្លាមៗ​​នោះ ដោយ​ឃើញ​មាន​មនុស្ស​ច្រើន ធ្វើ​សកម្មភាព​មិនកើត ​ជនសង្ស័យ​ក៏បាន​គេចខ្លួន​។

លុះ​ព្រឹក​ឡើង​ថ្ងៃទី​ ៣១ សីហា ស្ត្រី​រងគ្រោះ​បានដាក់​ពាក្យបណ្តឹង​មក​ក៏​ប៉ុស្តិ៍នគរបាល​​ព្រៃស្វាយ ហើយ​សមត្ថកិច្ច​ប៉ុស្តិ៍​​ក៏​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ថ្ងៃទី​ ១ កញ្ញា​ក្នុងភូមិ​កើតហេតុ​តែម្តង​។

លោក​ប្រាប់ថា​៖ «​ករណីនេះ​ជនសង្ស័យ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា គាត់​ពិតជា​បាន​ធ្វើ​សកម្មភាព​មែន​»៕