ក្នុង​រយៈពេល ៣៣ ថ្ងៃ គិត​ត្រឹម​ថ្ងៃទី ២ ខែកញ្ញា ក្រុម​គ្រូពេទ្យ បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ជូនកុមារ និង​យុវវ័យ មាន​អាយុ​ចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ បាន​ចំនួន ១ ៦០០ ៧៨៩នាក់។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល ចេញផ្សាយ​នៅ​ថ្ងៃទី ៣ ខែកញ្ញានេះ។

វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ដែលត្រូវ​បាន​ប្រើ​សម្រាប់​ចាក់ជូន​កុមារ និង​យុវវ័យ គឺជា​វ៉ាក់សាំង​ស៊ីណូវ៉ាក់ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​នៅក្នុង​ប្រទេសចិន។

របាយការណ៍​បាន​ឱ្យដឹង​ទៀតថា គិត​ត្រឹម​ថ្ងៃទី ០២ ខែកញ្ញា នៅ​ទូទាំង​ប្រទេស ប្រជាពលរដ្ឋ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ សរុប​បាន​ចំនួន ១០ ៩៧៨ ០៤៧ នាក់៕