ភ្នំពេញៈ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​បើក​សម័យប្រជុំ​ពេញអង្គ លើក​ទី​៦ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃទី​ ៩ ខែកញ្ញា​​ លើ​របៀបវារៈ​ចំនួន​ ៨ ក្នុងនោះ​មាន​ការពិភាក្សា និង​អនុម័ត​សេចក្តី​ព្រាងច្បាប់​មួយចំនួន និង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​គណៈកម្មការ​សិទ្ធិមនុស្ស​ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា​នៃ​រដ្ឋសភា​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​នៅ​ថ្ងៃទី​ ២ ខែកញ្ញា​បានឱ្យ​ដឹងថា គណៈកម្មាធិការ​អចិន្ត្រៃយ៍ រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​លោក ហេង សំរិន ប្រធានរដ្ឋសភា​តាម​ប្រព័ន្ធ​វីដេអូ​នៅ​ព្រឹក​ថ្ងៃទី​ ២ កញ្ញា ដោយបាន​អនុម័ត​បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា លើក​ទី៦ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃទី​ ៩ ខែកញ្ញា នូវ​សេចក្តី​ព្រាងច្បាប់​ចំនួន​ចំនួន ៣​។

សេចក្តី​ព្រាងច្បាប់​ទាំង ៣ នោះ​គឺ​ស្តីពី​វិសោធនកម្ម​មាត្រា​ ១២៣ មាត្រា​ ១៣៨ មាត្រា​ ១៦២ មាត្រា​ ៣០០ មាត្រា​ ៣៤៣ មាត្រា​ ៣៥០ មាត្រា​ ៣៦៣ និង​មាត្រា​ ៣៦៧ នៃ​ច្បាប់​ស្តីពី​ការងារ ចុះ​ថ្ងៃទី​ ១៣ ខែ​មីនា ឆ្នាំ​ ១៩៩៧​។

សេចក្តី​ព្រាងច្បាប់​ស្តីពី​ការវិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​អាស៊ាន​បូក​បី ស្តីពី​ការត្រៀម​បម្រុង​អង្ករ​សង្គ្រោះបន្ទាន់​។

គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​បាន​កំណត់​កាលបរិច្ឆេទ បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃទី​ ៩ ខែ​ កញ្ញា ឆ្នាំ​ ២០២១ ដោយមាន​របៀបវារៈ ចំនួន​ ៨ គឺ

ទី​១ ការបោះឆ្នោត​ជ្រើសតាំង លោក ម៉ែន កួន ជា​សមាជិក​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា​នៃ​រដ្ឋសភា​។

ទី២ ការពិភាក្សា និង​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​។

ទី​៣ ការពិភាក្សា និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​ ១៨ ថ្មី នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ១៨ នៃ​ច្បាប់​ស្តីពី​សវនកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ទី​៤ ការពិភាក្សា និង​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

ទី​៥ ការពិភាក្សា និង​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការប្រកួតប្រជែង​។

ទី​៦ ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា​ ១២៣ មាត្រា​ ១៣៨ មាត្រា​ ១៦២ មាត្រា​ ៣០០ មាត្រា​ ៣៤៣ មាត្រា​ ៣៥០ មាត្រា​ ៣៦៣ និង​មាត្រា​ ៣៦៧ នៃ​ច្បាប់​ស្តីពី​ការងារ ដែល​ត្រូវ​បានប្រកាស​ឱ្យប្រើ​ដោយ​ព្រះរាជក្រម​លេខ ជស/រកម/០៣៩៧/០១ ចុះ​ថ្ងៃទី​ ១៣ ខែមីនា ឆ្នាំ​ ១៩៩៧​។

ទី​៧ ការពិភាក្សា និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី ការវិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ទី​ ៨ ការពិភាក្សា និង​អនុម័ត​សេចក្តី​ព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ធ្វើ​វិសោធនកម្ម កិច្ចព្រមព្រៀង​អាស៊ាន​បូក​បី ស្តីពី​ការត្រៀម​បម្រុង​អង្ករ​សង្គ្រោះបន្ទាន់​៕