ភ្នំពេញៈ ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ទីក្រុង ​ហ្សឺណែវ បានប្រកាស​នៅ​ថ្ងៃទី​ ២ ​សីហា​នេះ​ថា ការទាមទារ​របស់​អ្នករាយការណ៍​ពិសេស​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ដោះលែង​បុគ្គល​ណា​ម្នាក់ គឺ​ស្មើនឹង​ការប្រមាថ​ទៅលើ​ប្រព័ន្ធ​បែងចែក​អំណាច និង​ឯករាជ្យភាព​នៃ​ប្រព័ន្ធតុលាការ​កម្ពុជា ដែល​ត្រូវបាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស និង​ទៅលើ​អធិបតេយ្យ​ជាតិ​។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​បាន​បង្ហាញ​ការខកចិត្ត ចំពោះ​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​អ្នករាយការណ៍​ពិសេស​មួយក្រុម​តូច​មកលើ​ការអនុវត្ត​ច្បាប់​លើ​សំណុំរឿង​ជាក់លាក់​របស់​តុលាការ​កម្ពុជា ដោយ​អះអាងថា «​រាល់​ការចោទប្រកាន់ និង​ការអនុវត្ត​នីតិវិធី គឺ​អនុលោម​ស្របទៅតាម​ច្បាប់​»​។

ប្រតិកម្ម​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​នេះ​បាន​កើតមានឡើង​ បន្ទាប់ពី​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់ អ.ស.ប នៅ​ទីក្រុង​ហ្សឺណែវ​កាលពី​ថ្ងៃទី​ ២ កញ្ញា ២០២១ បាន​អំពាវនាវ​សូមឱ្យ​កម្ពុជា​ដោះលែង​ក្មេងប្រុស​ម្នាក់​អាយុ​ ១៧ ឆ្នាំ ដែល​ត្រូវបាន​គេ​អះអាងថា មាន​ជំងឺ​អូទីស្សឹម ដែល​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​អស់​​រយៈពេល​ជាង​ពីរ​ខែ​មក​ហើយ ដោយ​មិនបាន​ជួប​គ្រួសារ​គាត់​។

ក្រុម​អ្នកជំនាញ​អង្គការ​សហប្រជាជាតិ​បានលើកឡើង​នៅក្នុង​សេចក្តីប្រកាស​មួយ​ថា អនីតិជន​រូបនេះ​ដែល​ឪពុក​គាត់​ជា​អតីតមន្ត្រី​គណបក្សប្រឆាំង និង​ម្តាយ​គាត់​ជា​អ្នកការពារ​សិទ្ធិមនុស្ស ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​ ២៤ ខែមិថុនា និង​ត្រូវបាន​ចោទប្រកាន់​ពី​បទញុះញង់ និង​ប្រមាថ​មន្ត្រី​សាធារណៈ​ពាក់ព័ន្ធ​នឹង​សកម្មភាព​តាម​អនឡាញ​របស់គាត់​។ គាត់​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​រហូត​ដល់​ពីរ​ឆ្នាំ ប្រសិន​ជា​គាត់​ត្រូវបាន​ផ្តន្ទាទោស​។

ក្រុម​អ្នកជំនាញ​បាន​មានប្រសាសន៍​ថា​៖ «​កុមារ​មាន​ពិការភាព​ដែល​ត្រូវបាន​ចោទប្រកាន់​ពី​បទ​រំលោភច្បាប់ គួរតែ​បាន​ប្រព្រឹត្ត​ស្របតាម​គោលការណ៍​ឧត្តមប្រយោជន៍​របស់​កុមារ ហើយ​រាល់​កិច្ចខិតខំ​ប្រឹងប្រែង គួរតែ​ត្រូវបាន​ធ្វើឡើង ដើម្បី​ដាក់​ពួកគាត់​ឱ្យនៅ​ក្រៅ​ពន្ធនាគារ​»​។

ប៉ុន្តែ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​បាន​ច្រានចោល​យ៉ាង​ដាច់អហង្ការ​នូវ​ការចោទប្រកាន់ ដែល​គ្មាន​មូលដ្ឋាន​របស់​អ្នករាយការណ៍​ពិសេស​ខាងលើ មកលើ​អាជ្ញាធរ​កម្ពុជា តាមរយៈ​ការអត្ថាធិប្បាយ​បែប​នយោបាយូបនីយកម្ម ជ្រើសរើស​តែមួយ​ជ្រុង និង​បង្ក​ការភ័ន្តច្រឡំ​ដល់​សាធារណជន​។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​បញ្ជាក់ថា​៖ «​រាល់​ការចោទប្រកាន់ និង​ការអនុវត្ត​នីតិវិធី គឺ​ស្របតាម​ច្បាប់​ទាំងស្រុង ដូចជា​មាត្រា ២១៤ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​របស់​កម្ពុជា ពាក់ព័ន្ធ​នឹង​ការឃុំខ្លួន​បណ្តោះអាសន្ន​ចំពោះ​អនីតិជន​»​។

«​ការទាមទារ​របស់​អ្នករាយការណ៍​ពិសេស​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ដោះលែង​បុគ្គល​ណា​ម្នាក់ គឺ​ស្មើនឹង​ការប្រមាថ​ទៅលើ​ប្រព័ន្ធ​បែងចែក​អំណាច និង​ឯករាជ្យភាព​នៃ​ប្រព័ន្ធតុលាការ​កម្ពុជា ដែល​ត្រូវបាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស និង​ទៅលើ​អធិបតេយ្យ​ជាតិ​»​។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​សង្កេតឃើញ​ថា ការនិយាយ​យោង​ទៅ​សាវតារ​នយោបាយ​របស់​គ្រួសារ​ជនជាប់ចោទ គឺ​បានចង្អុល​បង្ហាញ​ពី​ការប៉ុនប៉ង​ធ្វើ​នយោបាយូបនីយកម្ម​លើ​រឿងក្តី​នេះ​។

ការចូលរួម​ជាមួយ​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​ណាមួយ ពុំមែន​ជា​អភ័យឯកសិទ្ធិ​សម្រាប់​បំពាន​ច្បាប់ ដោយ​និទណ្ឌភាព​ឡើយ​។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​បាន​លើកឡើង​ថា នៅ​កម្ពុជា​ការចោទប្រកាន់​ចំពោះ​បុគ្គល​ណា​ម្នាក់ គឺ​ផ្អែកលើ​បទល្មើស​ដែល​បាន​ប្រព្រឹត្ត​ និង​មានចែង​នៅក្នុង​ច្បាប់ ពុំមែន​ផ្អែកលើ​ថា តើ​ពួកគេ​ស្ថិតក្នុង​ក្រុម​ណាមួយ​នោះឡើយ​។

ដោយ​សំអាង​លើ​ភ័ស្តុតាង​រឹងមាំ និង​ស៊ីសង្វាក់ ការចោទប្រកាន់​ទាំងអស់​ត្រូវបាន​ធ្វើឡើង​ស្របតាម​មាត្រា ៤៩៤ ៤៩៥ និង ៥០២ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​តាក់តែង​ឡើង​ដោយមាន​ជំនួយ​បច្ចេកទេស​ពី​អ្នកជំនាញ​នៃ​ប្រទេស​លោកខាងលិច​។

ចំណែក​តុលាការ​កម្ពុជា​ជំនុំជម្រះ​ក្តី​ដោយ​សំអាង​លើ​ភ័ស្តុតាង​រឹងមាំ​ជាក់ស្តែង រួមទាំង​លិខិតបញ្ជាក់​វេជ្ជសាស្ត្រ​អះអាង​ពី​ស្ថានភាព​សុខភាព​ជាក់លាក់ ពុំមែន​ផ្អែកលើ​ពាក្យ​ចចាមអារ៉ាម​ឡើយ​។

បើតាម​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ការថ្លែង​អះអាងថា ជនជាប់ចោទ «​ត្រូវបាន​សួរចម្លើយ​ដោយ​គ្មាន​មេធាវី​ការពារ​ក្តី​» បាន​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​ពី​ការធ្វេសប្រហែស​ផ្នែក​វិជ្ជាជីវៈ​របស់​អ្នករាយការណ៍​ពិសេស​ក្នុង​ការត្រួតពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ​លើ​ប្រភពព័ត៌មាន​។

កំហុស​នេះ​នឹង​អាច​បញ្ចៀស​បាន ប្រសិនបើ​ពួកគាត់​ប្រកាន់​យក​វិធីសាស្ត្រ​ធ្វើការ​ផ្ទៀងផ្ទាត់​ព័ត៌មាន ដែល​ទទួលបាន​មុននឹង​ប្រញាប់ប្រញាល់​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន ក្រោម​ហេតុផល​ជាក់លាក់​ណាមួយ​នោះ​។

បើតាម​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា អ្នករាយការណ៍​ពិសេស​ទាំងនោះ​មិន​ធ្លាប់​ទាល់តែ​សោះ​លើកទឹក​ចិត្ត​ឱ្យមាន​ការបែងចែក​ឱ្យបាន​ច្បាស់​នៃ​ការបញ្ចេញមតិ​ដោយ​សេរី​ពី​វោហារស័ព្ទ​ដែល​បង្ក​គ្រោះថ្នាក់​។

វិធីសាស្ត្រ​បែបនេះ​របស់​អ្នករាយការណ៍​ពិសេស គឺ​ងាក​ចេញ​ពី​គន្លង​វិធីសាស្ត្រ​របស់​លោក António Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដែល​បាន​សង្កត់ធ្ងន់ថា ព័ត៌មាន​ក្លែងក្លាយ​ និង​សម្តី​ស្អប់ខ្ពើម គឺជា​ការវាយប្រហារ​លើ​គោល​តម្លៃ​នៃ​បទដ្ឋាន​ និង​គោលការណ៍​សិទ្ធិមនុស្ស​។

ជំនួស​ឱ្យ​ការប្រើប្រាស់​វិធីសាស្ត្រ​បញ្ចេញ​ឈ្មោះ​ដើម្បី​បន្តុះបង្អាប់ អ្នករាយការណ៍​ពិសេស​គប្បី​ជួយ​ដល់​រដ្ឋ​ក្នុង​ការដោះស្រាយ​បញ្ហា​នៃ​ការប្រើប្រាស់​វោហារស័ព្ទ​ដែល​បង្ក​គ្រោះថ្នាក់ នៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​កំពុង​គំរាមកំហែង​ដល់​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ទូទាំង​សកលលោក​៕

វីដេអូ៖