ភ្នំពេញៈ ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី​ ៣ ខែកញ្ញា​នេះ បានបង្ហាញ​បុគ្គល​ឆ្នើម ៤ រូប​ដែល​បានទទួល​លិខិត​សរសើរ​ពី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន តាមរយៈ​សកម្មភាព​នានា​ក្នុង​ការរួមចំណែក​លើ​ការជំរុញ​ចំណងមិត្តភាព​រវាង​ប្រទេស​ជប៉ុន និង​ប្រទេស​កម្ពុជា​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ឱ្យ​ដឹងថា កាលពី​ថ្ងៃទី​ ២០ ខែសីហា ក្រសួង​ការបរទេស​ជប៉ុន​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីអំពី​លិខិត​សរសើរ​របស់​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន សម្រាប់​ឆ្នាំនេះ​ជូន​ចំពោះ​បុគ្គល ឬ​ក្រុម​ដែល​មាន​ស្នាដៃ​ឆ្នើម​លើ​វិស័យ​អន្តរជាតិ ដើម្បី​ជា​ការទទួលស្គាល់​នូវ​ការរួមចំណែក​របស់​ពួកគាត់ លើ​ការជំរុញ​ចំណងមិត្តភាព​រវាង​ប្រទេស​ជប៉ុន និង​បណ្តា​ប្រទេស​នានា​។

បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន បុគ្គល​ឆ្នើម​ដែល​បានទទួល​លិខិត​សរសើរ សម្រាប់​សកម្មភាព​នានា​របស់​ពួកគេ​ក្នុង​ការរួមចំណែក​នៅ​ប្រទេស​កម្ពុជា រួមមាន

ទី​ ១ លោក ណៅ ធួក រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ទទួល​បាន​លិខិត​សរសើរ​លើ​ការរួមចំណែក ក្នុង​ការជំរុញ​ការយល់ដឹង​គ្នា​ទៅវិញទៅមក​រវាង​ជប៉ុន និង​កម្ពុជា​។

ទី​ ២ លោក យ៉ាម៉ាដា យុស៊ិតាកា ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​ទទួលបាន​លិខិត​សរសើរ​លើ​ការរួមចំណែក ជំរុញ ការយល់ដឹង​គ្នា​ទៅវិញទៅមក​រវាង​ជប៉ុន និង​កម្ពុជា​។

ទី​ ៣ លោក ម៉ូរីតា ណុរីតាដា តំណាង​អង្គការ​មោទនភាព​អាស៊ី សមាគមន៍​មិត្ត​ព្រះវិហារ-ជប៉ុន លើ​ការ​រួមចំណែក​ជំរុញ ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ជប៉ុន និង​កម្ពុជា​។

ទី​ ៤ លោក អូតានិ ខេនជិ ប្រធាន​ក្រុម​យុទ្ធនាការ​សំអាត​គ្រាប់មីន​នៅ​កម្ពុជា​ (CMC) លើ​ការរួមចំណែក ជំរុញ​ការយល់ដឹង​គ្នា​ទៅវិញទៅមក​រវាង​ជប៉ុន និង​កម្ពុជា​។

បើតាម​ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឱ្យ​ដឹងថា ពិធី​ប្រគល់​លិខិត​សរសើរ​នឹង​ត្រូវ​រៀបចំ​ឡើង​នៅពេល​ខាងមុខ​៕