កោះកុងៈ អាជ្ញាធរ​ខេត្តកោះកុង​បាន​ស្នើ​ដល់​អ្នក​ដែល​ជួល​ដី​រដ្ឋ​រយៈពេល​ខ្លី (​ក្រោម​ ១៥ ​ឆ្នាំ​) ដើម្បី​វិនិយោគ​វារីវប្បកម្ម បង្កាត់​ពូជ​ត្រី និង​ចិញ្ចឹម​ក្តាម ត្រូវធ្វើ​យ៉ាងណា កុំឱ្យ​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន​ដល់​សហគមន៍ និង​ការបំពុល​ចូល​សមុទ្រ​។

លោក អ៊ុក ភ័ក្ត្រា អភិបាលរង​នៃ​គណៈអភិបាលខេត្ត​កោះកុង និង​លោក ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​នៅ​ថ្ងៃ​សុក្រ​ទី ៣ ​កញ្ញា បាន​ចុះ​ពិនិត្យ​ទីតាំង​ស្នើសុំ​ជួល​ដី​រដ្ឋ​ទំហំ ៣៦,៨៧ ​ហិកតា រយៈពេល​ខ្លី (​ក្រោម​ ១៥ ​ឆ្នាំ​) ដើម្បី​វិនិយោគ​វារីវប្បកម្ម បង្កាត់​ពូជ​ត្រី និង​ចិញ្ចឹម​ក្តាម ស្ថិតនៅ​ឃុំ​ជ្រោយ​ប្រស់ ស្រុក​កោះកុង​។ នេះ​បើតាម​រដ្ឋបាល​ខេត្តកោះកុង​។

ក្នុង​ពេល​ចុះទៅពិនិត្យ​ទីតាំង​នោះ​ក្នុង​នាម​រដ្ឋបាលខេត្ត​កោះកុង លោក អ៊ុក ភ័ក្ត្រា បានស្នើ​ដល់​អ្នក​ដែល​សុំ​ជួល​ដី​រដ្ឋ​នេះ​ត្រូវ​ធ្វើការ​សិក្សា​ឱ្យបាន​ច្បាស់លាស់ អំពី​សក្តានុពល ភាព​អំណោយផល និង​ប្រភេទ​នៃ​វារីវប្បកម្ម (​ត្រី និង​ក្តាម​) ដែល​គ្រោង​នឹង​យកមក​ចិញ្ចឹម ដើម្បី​ឱ្យ​ត្រូវ​នឹង​ស្ថានភាព​ភូមិសាស្ត្រ​នៃ​តំបន់​នេះ​។

លោក​ថ្លែងថា​៖ «​សូម​សិក្សា​ឱ្យបាន​ច្បាស់លាស់​អំពី​បច្ចេកទេស​នៃ​ការគ្រប់គ្រង​គម្រោង​វារីវប្បកម្ម​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព ចៀសវាង​ការប៉ះពាល់​ដល់​បរិស្ថាន​ដល់​សហគមន៍ និង​ការបំពុល​ចូល​សមុទ្រ​»​។

សូម​ចូលរួម​ថែរក្សា​បរិស្ថាន ធនធាន​ធម្មជាតិ នៅក្នុង និង​ក្បែរ​ទីតាំង​គម្រោង​ធ្វើ​អាជីវកម្ម​វារីវប្បកម្ម​នេះ ដើម្បី​ធានា​បាន​នូវ​និរន្តរភាព​បរិស្ថាន និង​ជីវចម្រុះ​។

លើសពីនេះ លោក អ៊ុក ភ័ក្ត្រា បាន​លើកឡើង​ថា រាល់​ការសាងសង់ និង​អនុវត្ត​គម្រោង​វារីវប្បកម្ម ត្រូវគោរព​តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា ដែលមាន​ចែង​ជា​ធរមាន​៕