ភ្នំពេញៈ ក្រុមការងារ​បច្ចេកទេស​រៀបចំ​គោលនយោបាយ​ដោះស្រាយ​វិវាទ​ក្រៅប្រព័ន្ធ​តុលាការ​នៃ​ក្រសួងយុត្ដិធម៌ និង​ក្រុម​ការងារ​មកពី​ក្រសួង-ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ អង្គការ​សង្គមស៊ីវិល ដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ សរុប ១១០ អង្គភាព បាន​ឯកភាព​គ្នា​លើ​គោលការណ៍គ្រឹះ​នៃ​ឯកសារ​ទស្សនាទាន ស្តីពី​ការ​រៀបចំ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅប្រព័ន្ធ​តុលាការ​នៅកម្ពុជា។

ការ​ឯកភាព​គ្នា​នេះ​ធ្វើឡើង​តាមរយៈ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ចុងក្រោយ ឬ​លើកទី ៥ នៅថ្ងៃ​ទី ៣ ខែកញ្ញានេះ តាម​ប្រព័ន្ធ​ហ្សូម។

សិក្ខាសាលា​នេះ ដឹកនាំ​ដោយ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ​ក្រសួងយុត្ដិធម៌ ដោយមាន​ការ​ចូលរួម​ពីក្រសួង-ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ ស្ថាប័ន​តុលាការ ស្ថាប័ន​វិជ្ជាជីវៈ គ្រឹះស្ថាន​អប់រំ អង្គការ​សង្គមស៊ីវិល ដៃគូ​អភិវឌ្ឍន៍ជាតិ និង​អន្តរជាតិ សរុប ១១០ អង្គភាព និង​មានការ​ចូលរួម​សហការ និង​គាំទ្រ​ពី​សហភាពអឺរ៉ុប​នៅកម្ពុជា (EU) និង​អង្គការ OXFAM នៅ​កម្ពុជា​ផងដែរ។

លោក ជិន ម៉ាលីន ថ្លែង​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​នាថ្ងៃ​ទី ៣ ខែកញ្ញា​នេះថា ការ​ពិគ្រោះ​យោបល់​លើកនេះ ដោយ​បាន​ប្រមូល​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ជាង ១០០ អង្គភាព មក​ពិនិត្យ​ចុងក្រោយ​លើ​ឯកសារ​ទស្សនាទាន ស្តីពី​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ។

លោក​ថ្លែងថា៖«យើង​បាន​ឯកភាព​គ្នា​ទៅលើ​គោលការណ៍គ្រឹះ​នៃ​ឯកសារ​ទស្សនាទាន​នេះ។ អ៊ីចឹង ចេញពី​ឯកសារ​ទស្សនាទាន​នេះ នឹង​ជូន​គណៈកម្មការ​ដឹកនាំ​ការ​កែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ ដែល​ដឹកនាំ​ដោយ​ឯកឧត្ដម (កើត រិទ្ធ) រដ្ឋមន្រ្ដីក្រសួង​យុត្ដិធម៌»។

លោកបាន​ឱ្យ​ដឹង​ថា ចេញពី​ឯកសារ​ទស្សនាទាន​នេះ ទៅ​ទិសដៅ​ខាងមុខ ក្រុម​ការងារ​នឹង​អាច​រៀបចំ​ឯកសារ​ទស្សនាទាន​នេះ ទៅ​ជា​គោលនយោបាយ ឬ​មួយ​ទៅជា​ច្បាប់ ស្ដី​ពីការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅកម្ពុជា។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយ ស្តីពីការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមប្រព័ន្ធវីដេអូហ៊្សូមនាព្រឹកថ្ងៃទី៣ ខែកញ្ញានេះ។ រូបក្រសួងយុត្តិធម៌

លោក ម៉ាលីន បញ្ជាក់ថា៖«គណៈកម្មការ​ដឹកនាំ​ការ​កែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ ដែលមាន​ឯកឧត្ដម​រដ្ឋមន្រ្ដីក្រសួង​យុត្ដិធម៌​ជា​ប្រធាន​នឹង​ពិនិត្យ​សម្រេច​ទៅ​លើ​ការងារនេះ»។

លោកបាន​ឱ្យដឹងថា ឯកសារ​ទស្សនាទាន​នេះ គឺជា​ការ​កំណត់​ពីការ​រៀបចំ​យន្តការ រួមមាន​ទាំងការ​រៀបចំ​យន្តការ​ស្ថាប័ន ថ្នាក់ជាតិ និង​ថ្នាក់ក្រោមជាតិ។ ការរៀបចំ​យន្តការ​នៃ​ការអនុវត្ដ វិធាន​នៃ​ការ​អនុវត្ដ រួម​នឹង​យន្តការ​នៃ​ការ​ត្រួតពិនិត្យ វាយ​តម្លៃ​ការ​ទទួលស្គាល់​ពាក់ព័ន្ធ​នឹង​គុណភាព​ជាដើម។

លោក​បញ្ជាក់ថា៖«កិច្ច​បន្ទាប់​ពីនេះ​ទៅ​ឯកសារ​ទស្សនាទាន​នេះ នឹង​ត្រូវ​ដាក់​ពិភាក្សា អនុម័ត​ដោយ​គណៈកម្មការ​ដឹកនាំ​ការ​កែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ នឹង​ត្រូវ​ពិនិត្យ​សម្រេច​ថា តើ​ត្រូវ​រៀបចំ​ចេញ​ជា​គោល​នយោបាយ​ឬ​ក៏ច្បាប់»។

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​កាលពី​ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ២០២០ បាន​សម្រេច​បង្កើត​ក្រុមការងារ​បច្ចេកទេស​រៀបចំ​គោលនយោបាយ​នេះ ដោយ​បាន​តែងតាំង​លោក ជិន ម៉ាលីន ជា​ប្រធាន​ក្រុមការងារ។

ការ​បង្កើត​គោលនយោបាយ​នេះ គឺជា​ការ​អនុវត្ត​នូវ​កម្មវិធី​កំណែ​ទម្រង់ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​ដោយ​បង្ខិត​សេវា​យុត្តិធម៌​ឱ្យ​ទៅ​ជិត​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​ការ​កកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី-ខេត្ដ។

ចំណែក​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២១នេះ​ដែរ ក៏បាន​សម្រេច​លើ​កម្រិត គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់​មានសុវត្ថិភាព» ជា​គោលនយោបាយជាតិ ក្នុង​នោះ​ការ​ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន​ក្រៅប្រព័ន្ធ​តុលាការ​ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធភាព​ផងដែរ៕