កោះកុងៈ មន្រ្តី​នៃ​មន្ទីរបរិស្ថាន និង​សមត្ថកិច្ច ខេត្ដកោះកុង បន្ត​ចុះ​រុះរើ​ខ្ទម​អនាធិបតេយ្យ​ចំនួន ២៧ខ្ទម និង​របងលួស​ជាង ២ពាន់ដើម ដែល​ពលរដ្ឋ​មួយចំនួន​លួច​សាងសង់​នៅក្នុង​តំបន់​ឧទ្យានជាតិ​បុទុមសាគរ ចំណុច​អូរយ៉ូយ៉ា ភូមិថ្មស ឃុំថ្មស ស្រុក​បុទុម​សាគរ ខេត្ដកោះកុង និង​ឱ្យ​ពលរដ្ឋ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ល្មើសច្បាប់។

ប្រតិបត្តិការ​អនុវត្ត​ច្បាប់​នេះ​បាន​ដឹកនាំ​ដោយ​លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថាន ខេត្តកោះកុង សហការ​ជាមួយ​កងកម្លាំង​អាវុធហត្ថ គណៈបញ្ជាការ​ឯកភាព​ស្រុកបុទុមសាគរ និង​មាន​ការ​ចូលរួម​សម្របសម្រួល​ផ្នែកច្បាប់ ដោយលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារង​នៃ​អយ្យកា​អមសាលាដំបូង​ខេត្តកោះកុង កាលពី​ថ្ងៃទី ១ ខែសីហា ឆ្នាំ២០២១។

លោក វ៉េត សុនីម បានឱ្យដឹងថា ខ្ទមចំនួន ២៧ ដំណាំចម្ការ និង​បង្គោល​របងឈើ​ជាង ២ពាន់ដើម ស្ថិតនៅ​ចំណុច​អូរយ៉ូយ៉ា ភូមិថ្មស ឃុំថ្មស ត្រូវបាន​ពលរដ្ឋ​មួយចំនួនតូច បន្ត​លួច​សាងសង់​ដោយ​គ្មានច្បាប់។ ពលរដ្ឋ​មួយចំនួន​បាន​ធ្វើ​លិខិត​ទិញលក់​ដោយ​ខ្លួនឯង អាជ្ញាធរ​មូលដ្ឋាន មិន​ទទួលស្គាល់ លើ​លិខិត​លក់-ទិញ​នោះទេ។

លោក​ថ្លែងថា៖‍«មុននឹង​ឈានដល់​មាន​ចំណាត់​ការ​អនវុត្ដច្បាប់​នៅ​ពេលនេះ មន្រ្តី​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្លាប់​បាន​ចុះ​អប់រំ​ណែនាំ​ជាច្រើនលើក​ហើយដែរ តែ​ពលរដ្ឋទាំងនោះ មិន​ចូលរួម​ទាល់តែសោះ បែរជា​ជឿតាម​ការ​ញុះញង់​ពី​មេខ្លោង​នៅ​ក្រោយខ្នង​មក​បន្ត​ទន្រ្ទាន​យក​ដីរដ្ឋ​ទៅវិញ»។

លោក សុនីម បាន​ឱ្យដឹងថា ក្រុម​ពលរដ្ឋ​ដែល​ហ៊ាន​រំលោភបំពាន​ដី​ក្នុង​តំបន់​ឧទ្យានជាតិ​បុទុមសាគរ គឺ​ពួកគាត់​មាន​ផ្ទះសម្បែង ដីស្រែចម្ការ​ត្រឹមត្រូវ មិនមែន​ជា​ពលរដ្ឋ​ខ្វះខាត​ដីស្រែចម្ការទេ។

លោក​បញ្ជាក់ថា លោក​នឹង​ស្នើសុំ​គោលការណ៍​ពីក្រសួង​បរិស្ថាន អយ្យការ​សាលាដំបូង​ខេត្ត លោកស្រី អភិបាល​ខេត្តកោះកុង សាងសង់​ទីស្នាក់ការ​ចំនួន ២ នៅ​មាត់​ច្រកចេញ-ចូល​នៃ​តំបន់​រងផល​ប៉ះពាល់​នៃ​តំបន់​ឧទ្យានជាតិ​បុទុមសាគរ​នេះ ដើម្បី​ធានា​បាន​ប្រសិទ្ធភាព​នូវ​ការ​ទប់ស្កាត់​បង្រ្កាប រក្សាដី​ព្រៃការពារ​ឱ្យនៅ​គង់វង្ស។

លោកថ្លែងថា៖«ទីតាំង​ដីធ្លី​ដែល​ពលរដ្ឋ​ចូល​ទន្រ្ទាន​នេះ គឺ​តុលាការ​ធ្លាប់​ចេញ​លិខិត​ដកហូត​មក​ជា​សម្បត្តិរដ្ឋ​រួច​មកហើយ ។ ដីនេះ​កន្លងមក តែងតែ​មាន​មេខ្លោង​ជួល​ពលរដ្ឋ​ចូលទៅ​ទន្រ្ទាន​កាន់កាប់​ជា​បន្តបន្ទាប់»។

សមត្ថកិច្ច ខេត្ដកោះកុង បន្តចុះរុះរើចេញខ្ទមអនាធិបតេយ្យ ដែលពលរដ្ឋសង់ល្មើសច្បាប់ នៅចំណុចអូរយ៉ូយ៉ា ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ កាលពីថ្ងៃទី១ ខែកញ្ញា។ រូប សហការី

លោក ស សូនី ពលរដ្ឋ​ម្នាក់​នៅ​ខេត្ដកោះកុង​បាន​ឱ្យ​ដឹង​ថា ការ​លួច​ទន្រ្ទាន​ដី​ព្រៃឈើ​ចំណុច​អូរយ៉ូយ៉ា ឬ​ដីក្រួស​ក្រហម បាន​កើតឡើង​តាំងពី​ឆ្នាំ ២០១៨ មកម្ល៉េះ ហើយ​ក៏បាន​ឃើញ​មន្រ្តីជំនាញ​ចុះបង្រ្កាប​ជាច្រើន​លើក​ហើយដែរ។ ប៉ុន្ដែ ពលរដ្ឋ​មួយចំនួនតូច​នៅតែ​បន្តល្មើស លួចចូល​ទៅ​ទន្ទ្រាន​នៅពេល​គ្មាន​សមត្ថកិច្ច​នៅយាម ពិសេស​ពេល​សមត្ថកិច្ច​កំពុង​រវល់​ដោះស្រាយ​បញ្ហា​កូវីដ១៩។

ពលរដ្ឋ​រូបនេះថា៖«ដីព្រៃ​ដែល​ពលរដ្ឋ​ទន្រ្ទាន គឺ​ពួកគាត់​បានលក់​ទៅ​ឈ្មួញ​អស់ហើយ ដោយ​ពួកគាត់​ធ្វើ​ជា​រូបភាព​មក​ធ្វើជា​ខ្វះខាតដី​ធ្វើស្រែចម្ការ តាមពិត​ពួកគាត់​ចាំដី​ឱ្យគេ​ជាថ្នូរ​នឹង​យក​ថវិកា ១ លានរៀល និង​អង្ករ​មួយបាវ​ប្រចាំខែ​ពី​ឈ្មួញ​ដែល​ទិញដីនោះ»។

បើតាម​លោក សុខនីម អយ្យការ​អមសាលាដំបូង​ខេត្ត និង​មន្រ្តី​សមត្ថកិច្ច​ជំនាញ កំពុង​ពិនិត្យ​ស្រាវជ្រាវ​ទីតាំង​ផ្សេងទៀត​ដែល​មាន​ករណី​ទន្រ្ទាននេះ និង​ស្វែងរក​មេខ្លោង​ផងដែរ។

លោកបន្តថា​ក្រោយ​ការ​ចុះរុះរើ​ខ្ទម​នេះ​មន្រ្ដីជំនាញ​បាន​ឱ្យ​ពលរដ្ឋ ចុះ​កិច្ចសន្យា បញ្ឈប់​សកម្មភាព​ល្មើស​បន្តទៀត។ ក្រុម​ពលរដ្ឋ ដែល​មក​សង់ខ្ទម​ចាំដី​នោះ ក៏​ទទួលស្គាល់​ពី​កំហុស និង​យល់ព្រម ចុះរុះរើ​ចេញ និង​សន្យា​បញ្ឈប់​សកម្មភាព​ដែរ៕

វីដេអូ៖